អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកសុន ឆ័យ៖បក្សភ្លើងទៀននៅតែរឹងមាំ ទោះជួបបញ្ហាខ្លះមុនការបោះឆ្នោតព្រឹទ្ធសភា

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានចេញមកបញ្ជាក់ពីស្ថានភាពរបស់គណបក្សនៅមុនការបោះឆ្នោតព្រឹទ្ធសភា។ តាមលោកសុន ឆៃ បក្សភ្លើងទៀននៅតែបន្តរឹងមាំ ទោះបីជាកំពុងពើបប្រទះនឹងបញ្ហាខ្លះក៏ដោយ។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីសមាជិករបស់គណបក្សភ្លើងទៀនមួយចំនួន បានចេញមកតវ៉ាប្រឆាំងនឹងសមាភាពក្បាលម៉ាស៊ីនគណបក្ស ដោយបង្ខំឲ្យប្រធាន និងអគ្គលេខាធិការ ចុះចេញពីតំណែង។

អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​កម្ពុជា​ ​ហែ​ក្បួន​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។
អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​កម្ពុជា​ ​ហែ​ក្បួន​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។ © AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២១ធ្នូ លោក សុន ឆ័យ ដែលជាអនុប្រធានភ្លើងទៀនបានបញ្ជាក់ថា វិធានផ្ទៃក្នុងរបស់គណបក្សមានលក្ខន្តិកដែលអ្នកតវ៉ាអាចដាក់លិខិតស្នើ ឬបណ្តឹងមកគណបក្សភ្លើងទៀនផ្ទាល់បាន។ បើតាមលោក សុន ឆ័យក្រុមអ្នកដែលតវ៉ា កាលពីប៉ុន្មានថ្ងៃមុននោះ ហាក់ដូចជាបុគ្គលដែលបានដើរចេញពីគណបក្សភ្លើងទៀនរួចហើយ។ អនុប្រធានគណបក្សភ្លើងទៀនបានអះអាងទៀតថា យន្តការរបស់គណបក្សភ្លើងទៀនគ្មានការដោះដូរក្បាលម៉ាស៊ីនដឹកនាំតាមរយៈការតវ៉ាឡើយ។

នៅក្នុងសំណុំរឿងនេះ លោក ទាវ វណ្ណុល ដែលជាប្រធានគណបក្សភ្លើងទៀនបានអះអាងតាមរយៈវីដេអូខ្លីបនៅលើបណ្តាញសង្គមតេលេក្រាមរបស់គណបក្សភ្លើងទៀនថា រូបលោកនឹងមិនដើរចេញពីគណបក្សភ្លើងទៀនឡើយ។ មេដឹកនាំបក្សប្រឆាំងរូបនេះបានបន្ថែមថា លោកនឹងនៅបន្តសកម្មភាពជាមួយគណបក្សភ្លើងទៀនដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨។

ការបញ្ជាក់របស់លោក ទាវ វណ្ណុល យ៉ាងដូច្នេះ ក៏ត្រូវបានលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បញ្ជាក់បន្ថែមទៀតថា នេះជារឿងធម្មតា ដែលគណបក្សត្រូវចេញមកបញ្ជាក់ជំហរ នៅគ្រាដែលគណបក្សបានជួបបញ្ហាបន្តិចបន្តួច។ បើតាមលោក សុន ឆ័យ គណបក្សភ្លើងទៀន នឹងនៅតែបន្តសកម្មភាពរបស់ខ្លួនដោយរឹងមាំ បើទោះជាជួបបញ្ហា នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខក្តី។

គួរបញ្ជាក់ថា សមាជិកគណបក្សភ្លើងទៀនជាច្រើនរយនាក់ មកពីខេត្ត និងរាជធានីចំនួន៩ កាលពីថ្ងៃទី១៨ធ្នូ  បាននាំគ្នាឈរកាន់បដាវែងៗ រំលេចដោយអក្សរស្នើឲ្យលោក ទាវ វណ្ណុល ប្រធានគណបក្ស និងលោក លី សុធារ៉ាយុទ្ធ អគ្គលេខាបក្ស ចុះចេញពីតំណែងដោយឥតលក្ខខណ្ឌ។

បញ្ហានេះ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យរបស់គណបក្សភ្លើងទៀន ថា ជាការរុញគណបក្សប្រឆាំងឲ្យរលាយ ហើយការតវ៉ាឲ្យដកប្រធានបក្សភ្លើងទៀនយ៉ាងដូច្នេះ គឺមានអ្នកនៅពីក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ