អានតួអត្ថបទ

សមាជិក​បក្ស​មកពី​៩​ខេត្ត​តវ៉ា​ឲ្យ​ប្រធាន ​និង​អគ្គលេខា​បក្ស​ភ្លើងទៀន​ចេញពី​តំណែង

សមាជិក​មូលដ្ឋាន​គណបក្ស​ភ្លើងទៀន​រាប់រយនាក់​មកពី​ខេត្ត ​និង​រាជធានី​ចំនួន​៩ ​បាន​ប្រមូលផ្តុំ​គ្នា​នៅខាងមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ភ្លើងទៀន ​ដើម្បី​តវ៉ា​ឲ្យលោក ​ទាវ វណ្ណុល ​ប្រធាន ​និង​លោក ​លី សុធារ៉ាយុត្តិ ​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន​ចុះចេញ​ពី​តំណែង​។ ក្រុម​អ្នក​តវ៉ា​លើកឡើង​ថា​ប្រធាន ​និង​អគ្គលេខា​គណបក្ស​ភ្លើងទៀន​មិនមាន​សមត្ថភាព ​និង​អសីលធម៌ ​ដែល​ពួកគេ​មិនអាច​ទទួល​យកបាន​។

សមាជិកគណបក្សភ្លើងទៀនធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការបក្ស ភ្នំពេញ ដើម្បីទំលាក់ប្រធាន និងអគ្គលេខាបក្ស
សមាជិកគណបក្សភ្លើងទៀនធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការបក្ស ភ្នំពេញ © FB
ផ្សាយពាណិជ្ជកម្ម

នៅខាងមុខ​ទីស្នាក់ការ​គណបក្សភ្លើងទៀន​ក្នុងខណ្ឌ​សែនសុខ ​រាជធានីភ្នំពេញ ​សមាជិកគណបក្ស​ភ្លើងទៀនជាច្រើន​រយនាក់ ​ពាក់មួក​ពណ៌ស ​ឡូហ្គោ​ភ្លើងទៀន ​មកពី​បណ្តាខេត្ត​នានា​រួមទាំង​ភ្នំពេញ ​បាននាំគ្នា​ឈរកាន់បដាវែង​ៗ រំលេចដោយ​អក្សរស្នើឲ្យ​លោក ​ទាវ វណ្ណុល ​ប្រធាន​គណបក្ស និង​លោក លី សុធារ៉ាយុទ្ធ ​អគ្គលេខាបក្ស ​ចុះចេញពីតំណែង​ដោយ​ឥត​លក្ខខណ្ឌ​។

តំណាង​អ្នកតវ៉ា៥រូប ​ត្រូវបាន​អនុញ្ញាតឲ្យចូលទៅ​ក្នុងទីស្នាក់ការ​គណបក្ស​ដើម្បីដាក់ញត្តិ​ទាមទារឲ្យ​មេដឹកនាំបក្ស​ទាំងពីររូប​ចុះចេញពីតំណែង​។ តែមិនមាន​ការឆ្លើយតប​ភ្លាមៗទេ ​ខណៈសកម្មជន​ព្រមានបង្កើន​ចំនួនអ្នកតវ៉ា ​និង​បន្តការតវ៉ា​ ប្រសិនបើ​មិនមាន​ដំណោះស្រាយ​។

ក៏ប៉ុន្តែ​លោក គីមសួរ ភីរិទ្ធ ​អតីតអ្នក​នាំពាក្យគណបក្ស​ភ្លើងទៀន និង​ជា​បេក្ខជន​តំណាងសមាជិក​ព្រឹទ្ធសភា​គណបក្សឆន្ទៈខ្មែរ​ បានប្រាប់​វិទ្យុបារាំង RFI​នៅថ្ងៃនេះថា ​ការតវ៉ារបស់​សកម្មជនភ្លើងទៀន ​ជាសកម្មភាព​ដែលមាន​ការរៀបចំ​ពីក្រោយ។ ក៏ប៉ុន្តែ​សមាជិកអ្នក​តវ៉ាបានបដិសេធ​ការលើកឡើង​បែបនេះ​។

តាមលោក​ គីមសួរ ភីរិទ្ធ ​ការស្នើសុំ​ដកមេដឹកនាំ​គណបក្សភ្លើងទៀន​គឺជារឿងអត់​ប្រយោជន៍ ​ដោយហេតុថា​បើគណបក្សភ្លើងទៀន​រលាយ សមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់​ជាប់ឆ្នោត​តាមរយៈគណបក្ស​ភ្លើងទៀន ​ដែលជាអង្គបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​នោះ ក៏មិនអាច​មានសិទ្ធិ​បោះឆ្នោត​បានដែរ​។

សូមបញ្ជាក់ថា​គណបក្សភ្លើងទៀន​មិនមាន​សិទ្ធិចូលរួម​បោះឆ្នោតព្រឹទ្ធសភា​នៅខែកុម្ភៈ​ឆ្នាំ២០២៤​ទេ ដោយសារ​ខ្វះឯកសារចុះបញ្ជី​គណបក្ស​ច្បាប់ដើម។ ​គណបក្សភ្លើងទៀន​ដែលមានអង្គបោះឆ្នោត​ជាង២ពាន់នាក់ ​បានចូលរួម​បោះឆ្នោតជ្រើសតាំង​ព្រឹទ្ធសភានីតិកាល​ទី៥ តាមរយៈ​គណបក្សឆន្ទៈខ្មែរ​ ដែលជា​គណបក្ស​សម្ព័ន្ធ​។

ក៏ប៉ុន្តែ​គណបក្ស​កម្លាំងជាតិ ដែល​មេដឹកនាំ​កំពូលគណបក្សនេះ ​បានបែកចេញពី​គណបក្សភ្លើងទៀន​ ព្យាយាម​ទាក់ទាញ​ក្រុមប្រឹក្សាឃុំ ​សង្កាត់ ដែលជា​អង្គបោះឆ្នោត​ជាង ២ពាន់នាក់ ​របស់ភ្លើងទៀន​ ឲ្យទៅគាំទ្រ​គណបក្ស​កម្លាំងជាតិ ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ខាងមុខ​។

ហេតុដូច្នេះ​ហើយ ​សមាជិក​គណបក្ស​ភ្លើងទៀននៅតាម​មូលដ្ឋាន ដែល​ទៅចូលរួម​ជាមួយគណបក្ស​កម្លាំងជាតិ ​ត្រូវមេដឹកនាំ​គណបក្សភ្លើងទៀន​បញ្ចប់តួនាទី​ពីសមាជិកភាព​គណបក្ស ​ដែលក្នុងនោះ​ពួកគេមាន​តំណែងជា​ជំទប់ទី១​ ជំទប់ទី២ ​និងសមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់នៅតាម​មូលដ្ឋាន​នានា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ