អានតួអត្ថបទ

លោកស៊ុន ចន្ធីវាយប្រហារអតីតថ្នាក់ដឹកនាំខ្លួននិងស្នើឲ្យពួកគេចុះពីតំណែង

លោក ស៊ុន ចន្ធី ស្ថាបនិកគណបក្សកម្លាំងជាតិ បានចេញមកវាយប្រហារលើអតីតថ្នាក់ដឹកនាំខ្លួន គឺថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលអសមត្ថភាពក្នុងការដឹកនាំគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន។ ការវាយប្រហារនេះ មិនបានសំដៅចំឈ្មោះបុគ្គល ប៉ុន្តែតាមរយៈរូបថតដែលបង្ហោះជា​មួយ​ខ្លឹមសារ លោក ស៊ុន ចន្ធី ទំនងជាសំដៅលើលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។ មិនតែប៉ុណ្ណោះ លោកក៏បានទាមទារឲ្យមេដឹកនាំគណបក្សភ្លើងទៀនចុះចេញពីតំណែងផងដែរ។ តែលោក ទាវ វណ្ណុលឆ្លើយវិញ ថា ករណីនេះមិនមែនជាកំហុសថ្នាក់នាំគណបក្សភ្លើងទៀនទេ។

លោក ស៊ុន ចន្ធី
លោក ស៊ុន ចន្ធី © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ុន ចន្ធី បានលើកឡើងថា គណបក្សភ្លើងទៀនជាគណបក្សនយោបាយប្រជាធិបតេយ្យដែលធ្លាប់មានកេរិ៍្តឈ្មោះស្អាតស្អំ រឹងមាំ និងមានប្រជាប្រិយភាពល្បីល្បាញ ហើយដែលដើមឡើយមានឈ្មោះថា គណបក្សសមរង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី។ ប៉ុន្តែគណបក្សភ្លើងទៀនដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយមនុស្សទន់ខ្សោយត្រូវបានគេលើកបន្តុបឲ្យនៅអង្គុយចាំផ្ទះ និងបានធ្លាក់ចុះប្រជាប្រិយភាពស្ទើរដល់ចំណុចសូន្យ មិនអាចស្រោច​ស្រង់បានឡើយ។ នេះបើតាមលោក ស៊ុន ចន្ធី។

បើតាមស្ថាបនិកគណបក្សកម្លាំងជាតិរូបនេះ ការធ្លាក់ចុះប្រជាប្រិយភាព គឺបន្ទាប់ពីក្រុមមេដឹកនាំឆ្នើមៗរបស់អតីតគណបក្សសមរង្ស៊ី បានចាកចេញទៅបង្កើតអតីតគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១២។ លោក ស៊ុន ចន្ធី បន្តថា ភាពទន់ខ្សោយនៃមេដឹកនាំគណបក្សភ្លើងទៀនសព្វថ្ងៃ បានធ្វើឲ្យគណបក្សភ្លើងទៀនខកខានក្នុងការចូលរួមប្រកួតការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៣ កក្កដា ២០២៣ និងខកខានជាលើកទី២ក្នុងការចូលរួមប្រកួតការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ កុម្ភៈ ២០២៤ ខាងមុខនេះ។

លោក ស៊ុន ចន្ធី បានទម្លាក់កំហុសលើមេដឹកនាំគណបក្សភ្លើងទៀនសព្វថ្ងៃថាមានភាពទន់ខ្សោយទើបធ្វើឲ្យគណបក្សភ្លើងទៀនមិនបានចូលរួមការបោះឆ្នោត។ តាមលោកស៊ុន ចន្ធី បរាជ័យផ្ទួនៗយ៉ាងធ្ងន់ធ្ងរបំផុត​ក្នុងប្រវត្តិសាស្រ្តនេះជាហេតុធ្វើឲ្យអតីតថ្នាក់ដឹកនាំឆ្នើមៗ តស៊ូ ស្មោះត្រង់ និងលះបង់ជាច្រើនរូបបានចាកចេញពីគណបក្សភ្លើងទៀនស្ទើរទាំងអស់។

ជុំវិញការវាយប្រហាររបស់លោក ស៊ុន ចន្ធីនេះ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានចាត់ទុកការលើកឡើងរបស់លោកស៊ុន ចន្ធីថាជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការបញ្ចេញមតិរបស់ខ្លួន។ ប៉ុន្តែសម្រាប់លោកវិញ លោកជាមនុស្សម្នាក់មិនធ្វើការវាយប្រហារលើគណបក្សណា ឬបុគ្គលណានោះទេ។ ចំណែករឿងគណបក្សភ្លើងទៀនមិនបានចូលរួមការបោះឆ្នោតតំណារាស្រ្តឆ្នាំ២០២៣ និងការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤វិញត្រូវបានលោកទាវ វណ្ណុលអះអាងថា  មិនមែនជាកំហុសថ្នាក់ដឹកនាំគណបក្សភ្លើង​ទៀនឡើយ ពោលដោយសារតែគណបក្សភ្លើងទៀនខ្វះនូវឯកសារដើមប៉ុណ្ណោះ ទើបមិនបានចូលរួមការបោះឆ្នោត។

គួររំលឹកថា ពាក់ព័ន្ធការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមប្រឆាំងនេះ លោក សម រង្ស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានចេញសារអំពាវនាវមួយដល់ពលរដ្ឋគ្រប់គណបក្សនយោបាយដែលជាអ្នកស្រលាញ់និងគាំទ្រលទ្ធិប្រជាធិបតេយ្យ ឲ្យរួបរួមគ្នា សហការគ្នាជាធ្លុងមួយ ដើម្បីធានាជោគជ័យនៃបុព្វហេតុដ៏ត្រឹមត្រូវរបស់ពួកគេ។ លោក សម រង្ស៊ី ក៏ស្នើកុំឲ្យមានការវាយប្រហារគ្នាទៅវិញទៅមក ដោយសារតែរឿងផ្ទាល់ខ្លួន និងចៀសវាងចាត់វិធានការណាមួយ ដែលមានបំណងបញ្ឈប់តួនាទី និងការងាររបស់សកម្មជនណាម្នាក់ ដោយនៅតែរក្សាឧត្តមគតិដើមដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ