អានតួអត្ថបទ

លោក ​សម រង្ស៊ី ​អំពាវនាវ​ដល់​អ្នក​នយោបាយ​ប្រឆាំងនៅ​កម្ពុជា​កុំ​វាយ​ប្រហារ​គ្នា

លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ ​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០២៣​នេះ ​បាន​ចេញសារ​អំពាវនាវ​មួយ​ដល់​សកម្មជន​ និង​អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឲ្យមាន​ការ​រួមគ្នា ​ចៀសវាង​ការ​បញ្ឈប់​តួនាទី​របស់​សកម្មជន​។ ​សារដ៏ខ្លី​របស់​លោក​ សម រង្ស៊ី ​បាន​ស្នើកុំ​ឲ្យ​មានការ​វាយប្រហារ​គ្នា​ទៅវិញទៅមក ​ដោយសារតែ​រឿង​ផ្ទាល់ខ្លួន និង​ចៀសវាង​ចាត់វិធានការ​ណាមួយ ​ដែល​មាន​បំណង​បញ្ឈប់​តួនាទី ​និង​ការងារ​របស់សកម្មជន​ណាម្នាក់ ​​ដោយនៅ​តែ​រក្សា​ឧត្តមគតិដើម​ដដែល​។

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ © internet
ផ្សាយពាណិជ្ជកម្ម

អមដោយ​រូបថត​របស់​លោក ​និង​ទង់ជាតិ​កម្ពុជា​នៅផ្នែក​ខាងលើ ​លោក​ សម រង្ស៊ី​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ កំពុង​រស់នៅ​ក្នុងប្រទេស​បារាំង​បានចេញសារ​ខ្លី ​អំពាវនាវ​តាម​ហ្វេសប៊ុក​របស់​លោក​ដល់​ពលរដ្ឋ​គ្រប់​គណបក្ស​នយោបាយ ​ដែលជា​អ្នក​ស្រលាញ់​និង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​ឲ្យរួបរួម​គ្នា សហការ​គ្នា​ជាធ្លុង​មួយ ​ដើម្បីធានា​ជោគជ័យ​នៃ​បុព្វហេតុ​ដ៏ត្រឹមត្រូវ​របស់ពួក​គេ​។

តាមរយៈ​សារ​របស់លោក​ សម រង្ស៊ី ​ពេលនេះ ​ទោះជា​មិន​និយាយឲ្យ​ចំ​ៗ​ថា​គណបក្ស​ណា​ឈ្លោះ​ជាមួយគណបក្ស​ណា ​និង​មាន​ការចាត់វិធានការ​បញ្ឈប់​តួនាទី​សកម្មជន​ណា​ក៏ដោយ ​ក៏អ្នក​តាមដាន​នយោបាយ ​និង​សង្គមនានា ​អាចយល់បាន​ដែរ​ថា ​ជាការ​សំដៅទៅកាន់​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​កម្លាំងជាតិ​ ដែលពេលនេះ​គណបក្ស​ទាំងពីរ​ចេញពី​ប្រភព​ប្រឆាំង​តែមួយ ​កំពុង​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០២៤ ​ដោយឡែក​ពីគ្នា​។

លោក​ ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​យល់ថា​សារ​លោក​ សម រង្ស៊ី​ គឺជា​ការកៀងគរ​សម្លេង​អ្នក​ប្រជាធិបតេយ្យ​ឡើងវិញ​ឲ្យ​រួមគ្នា ​ក្នុងការ​ប្រឈមនឹង​គណបក្ស​កាន់អំណាច​ទៅ​អនាគត​។

សូមបញ្ជាក់ថា​គណបក្ស​ភ្លើងទៀន​ ដែលមិនមាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា ​បាន​ជ្រើសរើស​ឲ្យ​គណបក្ស​ឆន្ទៈខ្មែរ​ ដែលនៅក្នុង​សម្ព័ន្ធភាព​ជាមួយគ្នា ​ចុះបញ្ជី​គណបក្ស និង​បេក្ខជន​នៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) ​កាលពី​ថ្ងៃទី​៤ ខែធ្នូ ​កន្លងទៅ​។

ជាមួយគ្នា​នេះ ​គណបក្ស​កម្លាំងជាតិ ​ដែល​មេដឹកនាំ​បែកចេញពី​គណបក្ស​ភ្លើងទៀន ​ក៏បាន​ចុះបញ្ជី​គណបក្ស ​និង​បេក្ខជន​ឈរឈ្មោះ​នៅ ​គ.ជ.ប ​នៅថ្ងៃ​ទី​៦​ ខែ​ធ្នូ​នេះដែរ​។ ក៏ប៉ុន្តែ​គណបក្ស​ទាំងពីរ ​កំពុង​ប្រឈមមុខ​ដាក់គ្នា​រឿង​អង្គបោះឆ្នោត ​ដោយ​អង្គបោះឆ្នោត​សុទ្ធសឹង​ជា​សមាជិក​ក្រុម​ប្រឹក្សា ​ឃុំ សង្កាត់ ​ជាប់ឆ្នោត​តាមរយៈ​គណបក្ស​ភ្លើងទៀន​ជាង​២​ពាន់នាក់​។

កាលពី​ពេលថ្មី​ៗកន្លង​ទៅនេះ ​សមាជិក​ជាន់ខ្ពស់​មួយចំនួន​របស់​គណបក្ស​ភ្លើងទៀន​ត្រូវបាន​គណបក្ស​បញ្ឈប់​ពី​តួនាទី ​ដោយសារ​ព្យាយាម​ទាក់ទាញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ភ្លើងទៀន​ឲ្យទៅ​ចូលរួម​ជាមួយ​គណបក្ស​កម្លាំងជាតិ​ ដែលបញ្ហានេះ​បង្កើតបាន​ជា​ពាក្យសម្តី​វាយប្រហារ​គ្នា​នៅក្នុង​ចំណោមបក្ស​ប្រឆាំង​ទាំងពីរ​។ ​ក៏ប៉ុន្តែ​គណបក្ស​ភ្លើងទៀន​ថា​ជាការ​អនុវត្តន៍​តាម​លក្ខន្តិកៈ ​និង​បទបញ្ជា​ផ្ទៃក្នុង​បក្ស​។

ទោះយ៉ាងណា ​ទាំង​គណបក្ស​ភ្លើងទៀន ​ទាំង​គណបក្ស​កម្លាំងជាតិ​បាន​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​លើលិខិត​អំពាវនាវ​របស់​លោក ​សម រង្ស៊ី។​ ក៏ប៉ុន្តែ​លោក ​ជា មុនី ​អ្នកនាំពាក្យ​គណបក្ស​កម្លាំងជាតិ​បាន​ប្រលយ​ពាក្យខ្លី​ថា​សេចក្តី​អំពាវនាវ​របស់​លោក ​សម រង្ស៊ី ​គឺ​គ្រប់គ្រាន់​ហើយ ​សម្រាប់​គណបក្ស​ភ្លើងទៀន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ