អានតួអត្ថបទ

គណបក្ស​ឆន្ទៈខ្មែរ​ តំណាង​ឲ្យ​ភ្លើងទៀន​ដាក់ពាក្យ​ប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅថ្ងៃ​នេះ

គណបក្ស​ឆន្ទៈខ្មែរ​ ដែលជា​គណបក្ស​នយោបាយ​នៃ​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត ​បាន​ដាក់ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥​រួចហើយ​ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.​ជ.ប​) ក៏បាន​បញ្ជាក់ដែរ​ថា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយនេះ ​បាន​ទទួលហើយ ​នូវ​ឯកសារ​ចុះបញ្ជី​របស់​គណបក្ស​ឆន្ទៈខ្មែរ​ និង​មានពេល​៧​ថ្ងៃ​សម្រាប់​ពិនិត្យ​មុននឹង​សម្រេច​។

តំណាងគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនដាក់ពាក្យប្រជែងការបោះឆ្នោតព្រឹទ្ធសភា
តំណាងគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនដាក់ពាក្យប្រជែងការបោះឆ្នោតព្រឹទ្ធសភា © FB
ផ្សាយពាណិជ្ជកម្ម

ដូចការ​គ្រោងទុក ​និង​ជំហរ​របស់ខ្លួន​មែន ​គណបក្ស​ឆន្ទៈខ្មែរ ​ជួសមុខឲ្យ​គណបក្សភ្លើងទៀន ​និង​គណបក្ស​សម្ព័ន្ធទាំង​៤ បាន​ទៅដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់ការ​បោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី៥ ​រួចរាល់ហើយ ​ដោយ​រង់ចាំ​តែ​ការសម្រេច​របស់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) ​ប៉ុណ្ណោះ​។

លោក ​សោម សូរីដា ​អគ្គលេខាធិការ​រង ​និងជា​អ្នក​នាំពាក្យ ​គ.ជ.ប បាន​ប្រាប់វិទ្យុ​បារាំង RFI ​នៅថ្ងៃ​នេះ​ថា គ.ជ.ប ​បាន​ទទួលពាក្យ​ពីគណបក្ស​ឆន្ទៈខ្មែរ​រួចហើយ ​ដោយ ​គ.ជ.ប​ មានពេល៧​ថ្ងៃ បន្ទាប់ពី​ថ្ងៃ​ទទួលពាក្យ​ក្នុងការពិនិត្យ​ឯកសាររបស់​គណបក្សឆន្ទៈខ្មែរ ​ដូចគ្នានឹង​ការ​ទទួលពាក្យ​របស់គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ ​តាមនីតិវិធី ​គ.ជ.ប អាច​ស្នើសុំទៅ​គណបក្ស​សាមីឲ្យបំពេញ​ឯកសារបន្ថែម​ក្នុងរយៈពេល​៥​ថ្ងៃ ប្រសិនបើ​មានការ​ខ្វះខាត ឬ​មានការ​ខុសឆ្គង​។

សូមបញ្ជាក់ថា​គិតមកទល់​ថ្ងៃចន្ទនេះ ​គ.ជ.ប ​បានទទួល​ចុះបញ្ជីគណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ​និងបញ្ជី​បេក្ខជនឈរឈ្មោះ​សម្រាប់ការ​បោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី​៥​ចំនួន២​ប៉ុណ្ណោះ ​គឺ​គណបក្ស​ប្រជាជនកម្ពុជា ​និង​គណបក្ស​ឆន្ទៈខ្មែរ​ ដោយ​គណបក្សប្រជាជន​បានដាក់កាលពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ហើយ​ដែល ​គ.ជ.ប ​សម្រេច​យល់ព្រម​រួចហើយ​។

តាមការឲ្យដឹង​ពី គ.ជ.ប ​ការដាក់ពាក្យ​សុំចុះបញ្ជី​គណបក្ស​ឈរឈ្មោះបោះឆ្នោត ​និង​បញ្ជីបេក្ខជន​ឈរឈ្មោះ​សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី​៥នេះ អាចនឹង​មានគណបក្ស​កម្លាំងជាតិ​មួយទៀត​ ដោយ ​គ.ជ.ប​ កាលពីពេល​ថ្មីៗនេះ ​បានយល់ព្រម​តាមសំណើរ​របស់គណបក្ស​កម្លាំង​ជាតិសុំ​បង់ប្រាក់​តម្កល់​ចំនួន ​១៥លានរៀល ​ទៅរតនាគារជាតិ​រួចហើយ​។

សូមរំលឹកដែរ​ថា គណបក្ស​កម្លាំងជាតិ ​ដែល​សមាសភាព​ចេញមកពី​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​ភ្លើងទៀន ​ត្រូវគេ​មើលឃើញថា​កំពុង​ប្រជែងគ្នា​ក្នុងការ​ដណ្តើមសមាជិក​មូលដ្ឋាន​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ពួកគេ​ជាអង្គបោះឆ្នោត​ដ៏សំខាន់​ជាង ២ពាន់​នាក់ ​ជាប់ឆ្នោត​តាមរយៈ​គណបក្ស​ភ្លើងទៀន​។​ ក៏ប៉ុន្តែ​គណបក្ស​ភ្លើងទៀន​មិនត្រូវ​បានអនុញ្ញាត​ឲ្យចូលរួម​បោះឆ្នោតទេ ​ដោយសារ​ខ្វះឯកសារ​ចុះបញ្ជី​ច្បាប់ដើម​ ជាហេតុ​ចាំបាច់​ត្រូវជ្រើសរើស​គណបក្ស​ឆន្ទៈ​ខ្មែរ ​នៅក្នុង​សម្ព័ន្ធភាព​ជាមួយគ្នា​ឲ្យឈរ​ឈ្មោះ​ជំនួស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ