អានតួអត្ថបទ

ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​សមាជ​បក្ស​កម្លាំងជាតិ ​ខណៈ​បក្សនេះ​និង​ភ្លើងទៀន​កំពុង​ដណ្តើម​សកម្មជន​គ្នា

ក្រសួង​មហាផ្ទៃ​នៅថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​នេះ ​បាន​សម្រេច​ទទួលស្គាល់​សមាជ​គណបក្ស​កម្លាំងជាតិ ​ដែលបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១២​ វិច្ឆិកា​កន្លងទៅ​។ ការ​ប្រកាស​ទទួលស្គាល់​របស់​ក្រសួង​មហាផ្ទៃ ​ដែលមាន​ចុះហត្ថលេខា​ដោយលោក​រដ្ឋមន្ត្រី ​ស សុខា ​បានធ្វើឡើង​ខណៈដែល​គណបក្ស​កម្លាំងជាតិ ​និងគណបក្ស​ភ្លើងទៀន ​ត្រូវគេមើលឃើញ​ថា​កំពុង​មានការ​ប្រទាញប្រទង់​គ្នា​ជុំវិញ​សកម្មជន ​និង​អ្នកគាំទ្រ​នៃគណបក្ស​ទាំងពីរ​។

ឡូហ្គោគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ខណៈគណបក្សភ្លើងទៀនហាមសមាជិករបស់ខ្លួនចូលរួមសមាជគណបក្សកម្លាំងជាតិ។
ឡូហ្គោគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ​ ដែលមាន​សមត្ថកិច្ច​លើការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅកម្ពុជា បាន​សរសេរទៅកាន់​លោក ​ស៊ុន ចន្ធី ​ប្រធាន​គណបក្ស​កម្លាំងជាតិថា ​ក្រសួង​បានពិនិត្យ និង​សម្រេចទទួលស្គាល់​នូវ​លទ្ធផលសមាជ​លើកដំបូង​របស់គណបក្ស​កម្លាំងជាតិ​ ដែលបាន​ប្រារព្ធធ្វើ​កាលពីថ្ងៃទី​១២ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ ដែលបាន​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំគណបក្ស​រួមមានលោក ​ស៊ុន ចន្ធី ជាប្រធាន​ លោក ​ជា មុនី ​ជាអនុប្រធាន​ ព្រមទាំង​សមាជិកគណៈកម្មាធិការ​នាយកចំនួន ​២៧រូប ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ចំនួន​ ៩រូប និង​សមាជិក​គណៈកម្មការ​វិន័យចំនួន ​៥រូប​។

ជាមួយគ្នានេះ ​គណបក្សភ្លើងទៀន ​និង​គណបក្ស​កម្លាំងជាតិ​ ត្រូវគេមើលឃើញថា​កំពុងតែ​ប្រទាញប្រទង់គ្នា​ជុំវិញសកម្មជន ​និង​អ្នកគាំទ្រ ​ខណៈគណបក្សភ្លើងទៀន​មិនអាច​ចូលរួមបោះឆ្នោត​បាន​នាពេលខាងមុខ ​ទាំងការ​បោះឆ្នោតសកល ​និងអសកល​។ ករណីនេះ ​ត្រូវគេប្រៀប​ប្រដូចទៅនឹង​មេមាន់ ដែល​កំពុងការកូន ​ឬ​រាំងរា ​មិនឲ្យ​គណបក្ស​កម្លាំងជាតិ​ចូលមក​អូសទាញ ​ឬឆក់យក​កូន ​ដែលគេ​ប្រដូចទៅនឹង​ខ្លែងស្រាក​។

ជាការកត់សម្គាល់ ​មេដឹកនាំ​គណបក្សទាំងពីរ ​ដែលមាន​ប្រភពពី​បក្សប្រឆាំង​តែមួយ ​បានព្យាយាម​សម្រួលស្ថានការណ៍​ថា​ករណី​ដណ្តើមសមាជិក ​និង​អ្នកគាំទ្រ​គ្នានេះ ​មិនមាន​ជម្លោះអ្វី​នឹងគ្នាទេ​។ ​អនុប្រធាន​ និងជា​អ្នកនាំពាក្យ​គណបក្ស​កម្លាំងជាតិ ​លោក ជា មុនី ​បានថ្លែងថា ​គណបក្ស​ទាំងពីរ​មិនមានភាព​ប្រទាំងប្រទើស​គ្នាទេ ​ដោយលោក​អះអាងថា​គណបក្សកម្លាំងជាតិ​បន្តយន្តការ​គណបក្ស​ភ្លើងទៀនទៅថ្ងៃ​អនាគត ​ដោយសារតែ​គណបក្សភ្លើងទៀន ​មិនអាចចូលរួម​បោះឆ្នោតបាន​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការខកចិត្ត ​ហើយសមាជិក​របស់គណបក្ស​ភ្លើងទៀន​ ចង់បន្ត​ចូលរួមការ​បោះឆ្នោត​នាពេលខាងមុខ​តាមរយៈ​គណបក្ស​កម្លាំងជាតិ​។ តែទ្វារ​ប្រជាធិបតេយ្យ​នៃការ​ជជែកគ្នា​នៅតែចំហ​។

ទោះយ៉ាងណា ​សកម្មជន​គណបក្សភ្លើងទៀន​មួយចំនួន​ ត្រូវបាន​ដកចេញ ​បន្ទាប់ពី​ពួកគេ​ព្យាយាម​បញ្ចុះបញ្ចូល​សមាជិកនៅ​មូលដ្ឋានឯទៀត​ឲ្យទៅគាំទ្រ​គណបក្ស​កម្លាំងជាតិ។​ នេះបើតាម​លោក សុន ឆ័យ ​អនុប្រធាន​គណបក្ស​ភ្លើងទៀន។ ​លោក សុន ឆ័យ ​ក៏បាន​ចេញសារ​ក្រើនរំលឹក​ដែរ​ដល់សមាជិក​គណបក្ស​ភ្លើងទៀន​នៅមូលដ្ឋាន​ទាំងអស់ ​ឲ្យពួកគេ​ស្គាល់ច្បាស់​ពី​តួនាទី​របស់ខ្លួន ​ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ជាង​២ពាន់នាក់ ​ថា​ជាសមាជិក​ជាប់ឆ្នោត​របស់គណបក្ស​ភ្លើងទៀន​ ដែលមាន​សុពលភាព​ដល់ឆ្នាំ ​២០២៧​។

សូមបញ្ជាក់ថា​គណបក្ស​ភ្លើងទៀន ​នឹងមិនអាច​ចូលរួម​ការបោះឆ្នោត​ក្រោយៗ​បានទេ ​ទាំងការ​បោះឆ្នោតសកល ​និង​អសកល ​ដោយសារតែ​មិនមាន​សំបុត្រកំណើត​ច្បាប់ដើម​។ ទោះយ៉ាងណា​ក្រុមមេដឹកនាំ​គណបក្សនេះ ​ដែលបាន​ចងសម្ព័ន្ធភាព​ជាមួយគណបក្ស​៣​ផ្សេងទៀត​ យល់ថា​ពួកគេ​មិនទាល់​ច្រកទេ ​ហើយក៏ត្រៀម​គណបក្ស​ឆន្ទៈខ្មែរ​ ដើម្បី​ចូលរួម​ការបោះឆ្នោត​អសកល​នានា​ខាងមុខដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ