មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ចាប់ខ្លួននៅអាមេរិក ក្នុងសំណុំរឿងរត់ពន្ធសត្វស្វាខុសច្បាប់
មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ត្រូវបានឃាត់ខ្លួននៅទឹកដីអាមេរិក ខណៈម្នាក់ទៀតកំពុងត្រូវបានតាមចាប់ខ្លួន ក្នុងសំណុំរឿងរត់ពន្ធសត្វស្វាត្រាសខុសច្បាប់ចូលទឹកដីអាមេរិក។ តាមក្រសួងយុត្តិធម៌អាមេរិក រយៈពេល៥ឆ្នាំហើយដែលមន្ត្រីខ្មែរទាំង២នាក់នោះ យកសត្វស្វាត្រាសជាច្រើនក្បាលពីឧទ្យានជាតិ និងតំបន់ការពារផ្សេងៗក្នុងប្រទេសកម្ពុជា បញ្ជូនទៅកាន់កន្លែងពិសោធន៍បង្កាត់ពូជ មុនធ្វើឯកសារបន្លំនាំចេញទៅប្រទេសអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៨
បើតាមសេចក្តីប្រកាសបន្ទាន់មួយរបស់ក្រសួងយុត្តិធម៌អាមេរិក មន្ត្រីកម្ពុជាដែលជាអនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ ត្រូវបានចាប់ខ្លួននៅក្នុងព្រលានយន្តហោះ ក្នុងក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
មានភស្តុតាងដាក់បន្ទុកចំនួន៣១ ដូចយ៉ាងប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ទៅកាន់រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ប្រទេសអាមេរិក និងទៅកាន់ក្រុមហ៊ុនឯកជនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ «Vanny Bio Research» របស់ជនជាតិហុងកុង ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។
ក្រសួងយុត្តិធម៌អាមេរិក បន្តឱ្យដឹងថា មានកូតាប្រមូលសត្វស្វាចូលអាមេរិក ក្រៅផ្លូវការ ចំនួន ៣ពាន់ក្បាល និងដោយមន្ត្រីនៃរដ្ឋបាលព្រៃឈើទាំងនោះទទួលបានប្រាក់ ២២០ដុល្លារអាមេរិកក្នុងសត្វស្វាមួយក្បាល។
បើតាមសេចក្តីប្រកាស់ក្រសួងយុត្តិធម៌អាមេរិកដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការកំពុងដំណើរការក្តីរត់ពន្ធសត្វស្វាត្រាសខុសច្បាប់ជាចង្កោមនេះ លើជនជាប់ចោទសរុបចំនួន ៨នាក់ ដែលក្នុងនោះមាន២នាក់ជាមន្ត្រីរដ្ឋកម្ពុជា និង៦នាក់ទៀតជាម្ចាស់និងបុគ្គលិកជាន់ខ្ពស់របស់ «Vanny Bio Research» ដែលជាស្ថាប័ននាំចេញឬផ្គត់ផ្គង់ថនិកសត្វផ្តាច់មុខសម្រាប់ការស្រាវជ្រាវផ្នែកជីវសាស្ត្រ។
តាមការចោទប្រកាន់របស់តុលាការអាមេរិក ម្ចាស់និងអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន Vanny Bio Research ដែលប្រតិបត្តិការពីហុងកុង បានឃុបឃិតជាមួយជនទុច្ចរិតក្នុងផ្សារងងឹត និងមន្ត្រីពុករលួយនៅប្រទេសកម្ពុជា ដើម្បីទទួលបានសត្វស្វាត្រាសពីឧទ្យានជាតិ និងតំបន់ការពារផ្សេងៗក្នុងប្រទេសកម្ពុជា ចូលកន្លែងបង្កាត់ពូជ មុនបន្លំនាំចេញទៅអាមេរិក។
គួរជម្រាបថា ពួកគេអាចត្រូវប្រឈមនឹងការកាត់ទោសរហូតដល់៥ឆ្នាំ លើបទសមគំនិត និងអាចរហូតដល់២០ឆ្នាំ លើបទប្រកាន់រត់ពន្ធចំនួន ៧ករណី។ និងដោយត្រូវរងការផាកពិន័យជាទឹកប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក ឬ ២ដងនៃប្រាក់ចំណេញពីបទល្មើសរត់ពន្ធសត្វនេះ។ សត្វ «ស្វាត្រាស» ជាប្រភេទពូជស្វាជិតផុតពូជ ដែល ត្រូវបានការពារ និងរឹងបន្តឹងក្រោមច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
កញ្ញា អ៊ឹម រចនា មន្ត្រីទទួលបន្ទុកព័ត៌មាននៃក្រសួងកសិកម្ម បានគូសបញ្ជាក់នៅថ្ងៃទី១៧វិច្ឆិកានេះថា ក្រសួងកសិកម្មបានជ្រាបពីដំណឹងនៃការចាប់ខ្លួនមន្ត្រីក្រោមឱវាទនេះ និងដែលកំពុងសិក្សាលម្អិត ត្រៀមចេញសេចក្តីប្រកាសច្បាស់មួយដែលនឹងចេញផ្សាយឆាប់ៗនេះ។ តាមកញ្ញា អ៊ឹម រចនា មន្ត្រីនៃរដ្ឋបាលព្រៃឈើដែលត្រូវបានអាមេរិកចាប់ខ្លួនហើយនោះ នៅតែជាមនុស្សគ្មានទោសនៅឡើយ ដរាបណាមានសេចក្តីសម្រេចពីតុលាការផ្លូវការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ