អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី ជា​បណ្តោះ​អាសន្ន

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៦ កុម្ភៈ​ម្សិល​មិញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​រឹប​អូស​ជា​បណ្តោះ​អាសន្ន នូវ​ទ្រព្យ​សម្បត្តិ​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​គេ​ដឹង​ថា គឺ​ជា​អតីត​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ។ ដីកា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ទាម​ទារ​របស់​ភាគី​ដើម​បណ្តឹង គឺ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​មាន​តម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

ទ្រព្យ​សម្បត្តិ​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​រឹប​អូស នៅ​ពេល​នេះ គឺ​ជា​ទី​ស្នាក់​ការ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​រួម​មាន​ដី​និង​អគារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ។ នេះ​បើ​យោង​តាម​ដីកា​សម្រេច​របស់​លោក រស់ ពិសិដ្ឋ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ២៦ កុម្ភៈ ប៉ុន្តែ​ទើប​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

យោង​តាម​ដីកា​បង្គាប់​នេះ លោក សម រង្ស៊ី ដែល​ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​សំណុំ​រឿង​លោក សម រង្ស៊ី ចោទ​លោក​ហ៊ុន សែន ថា​បាន​សូក​ប្រាក់​១​លាន​ដុល្លារ​ដល់​កញ្ញា ធី សុវណ្ណថា កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧ និង​សំណុំ​រឿង​បរិហាកេរ្តិ៍ ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ចុះ​ថ្ងៃ​ទី ២៨ កក្កដា ឆ្នាំ​២០១៦ នោះ​លោក សម រង្ស៊ី ត្រូវ​សង​សំណង​ទៅ​ភាគី​ដើម​បណ្តឹង​ទាំង​ពីរ​រូប ចំនួន ៤២៥០​លាន​រៀល ដែល​ស្មើ​នឹង​ជាង​១.១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្នុង​នោះ សង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចំនួន​៤​ពាន់​លាន​រៀល ឬ​ស្មើ​១​លាន​ដុល្លារ និង​២៥០​លាន​រៀល​ទៀត ទៅ​ឲ្យ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។ ដីកា​សម្រេច​នេះ បាន​គូស​បញ្ជាក់​ថា ការ​ស្នើ​សុំ​របស់​ម្ចាស់​បំណុល​ទាំង​ពីរ​ខាង​លើ គ្រាន់​តែ​ជា​វិធានការ​មាន​លក្ខណៈ​បណ្តោះ​អាសន្ន និង​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​ក្រែង​មិន​អាច​អនុវត្ត​សិទ្ធិ​បាន ឬ​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ដោយ​បង្ខំ​នា​ពេល​អនាគត។

គួរ​ជំរាប​ជូន​ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​រង​បណ្តឹង​យ៉ាង​តិច​ចំនួន​១០​ករណី ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។ ពាក្យ​បណ្តឹង​ភាគ​ច្រើន​ប្តឹង​ដោយ​សកម្មជន​និង​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​នោះ​៥​បណ្តឹង​ត្រូវ​បាន​តុលាការ​កាត់​ក្តី​រួច​រាល់ និង​នៅ​សល់​៥​បណ្តឹង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ។ ពាក្យ​បណ្តឹង​ភាគ​ច្រើន គឺ​ជា​បណ្តឹង​បរិហាកេរ្តិ៍ ដែល​តម្រូវ​ឲ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​និង​សង​ជម្ងឺ​ចិត្ត​ជា​ប្រាក់​រាប់​រយ​លាន​រៀល។ ហើយ​ចុង​ក្រោយ​នេះ លោក សម រង្ស៊ី កំពុង​ជាប់​បណ្តឹង​ថ្មី​មួយ​ទៀត ពី​ក្រុម​មេ​ដឹក​នាំ​យោធា​កម្ពុជា។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ចៅក្រម រស់ ពិសិដ្ឋ បាន​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​នូវ​ការ​លុប​ចោល​នូវ​ការ​អនុវត្ត​វិធានការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ជា​បណ្តោះ​អាសន្ន​នេះ លោក សម រង្ស៊ី ដែល​ជា​កូន​បំណុល ត្រូវ​ផ្ញើ​ប្រាក់​តម្កល់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចំនួន ៤២៥០​លាន​រៀល ឬ​ជាង​១.១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​ប្រាក់​រំដោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ