អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប អំពាវនាវ​មិន​ឲ្យ​បក្ស​នយោបាយ​ជេរ​គ្នា​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ. ជប កាល​ពី​ម្សិល​មិញ បាន​ អំពាវនាវ ទៅ​គ្រប់​គណបក្ស​នយោបាយ បេក្ខជន ឬ​តំណាង​ទាំង​អស់ មិន​ឲ្យ​និយាយ​ដោយ​ផ្ទាល់ ឬដោយ​ប្រយោល ឬ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ក្នុង​ន័យ អសីលធម៌ ប្រមាថ មាក់ងាយទៅ​លើ​បេក្ខជន​ អ្នក​គាំទ្រ ឬលើបុគ្គលណា​មួយ​ឡើយ។ គណ​បក្ស​ប្រជាជន​កម្ពុជា​​និង​សង្រ្គោះ​ជាតិ បាន​សាទរ​ចំពោះ​សេ​ចក្តីអំពាវនាវ​របស់​គ.ជ.បនេះ។

សកម្មជនគណបក្សពីរស្វាគមន៍គ្នាពេលក្បួនឃោសនាជួបគ្នាជាសារសន្តិភាព។
សកម្មជនគណបក្សពីរស្វាគមន៍គ្នាពេលក្បួនឃោសនាជួបគ្នាជាសារសន្តិភាព។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​អំពាវនាវ ចុះថ្ងៃទី ២៦ ឧសភា គ.ជ.ប បាន​ស្នើ​គណបក្ស​នយោបាយ និង​បេក្ខជន​ទាំង​អស់ ត្រូវ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​គំរាម​កំហែងឬ បំភិត​បំភ័យ​ ការ​ប្រើ​ប្រាស់​អំពើហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ គណបក្ស​នយោបាយ​ ឬ​បេក្ខជន​ដទៃ​ទៀត។​ បន្ថែម​លើ​នេះ ការញុះ​ញង់​អ្នក​គាំទ្រ ឬ​អ្នក​បោះ​ឆ្នោត​ឲ្យ​ប្រព្រឹត្ត​អំពើ​រំលោភ​ទៅ​លើ​បុគ្គល ឬ​គណបក្ស ឬ​បេក្ខជនដទៃ​ទៀត ក៏​ត្រូវ​បាន​គ.ជ.ប ហាម​ឃាត់​ជា​ដាច់​ខាត។

យ៉ាង​ណា​ក៏​ដោយ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប សង្កត់​ធ្ងន់​ថា គ.ជ.ប នឹងដើរ​តួ​ជា​អ្នកដោះ​ស្រាយ​បណ្តឹង​ការ​ជេរ​ប្រមាថ ឬ​ដៀម​ដាម នៅ​អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​តែក្នុង​ករណីដែល​គណបក្ស​ ដែល​មាន​ជម្លោះ​នឹង​គ្នា ប្តឹង​មក​គ.ជ.ប​តែ ប៉ុណ្ណោះ។

គណ​បក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្រ្គោះ​ជាតិ បាន​សាទរ​ចំពោះ​សេចក្តី​អំពាវនាវ​នេះ និង​ចាត់​ទុក​ថា ជា​ការណ៍​ល្អ​ដើម្បី​ធានា​ថា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ធ្វើ​ឡើង​ប្រកប​​​ដោយ​ក្រម​សីលធម៌​។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​ សេចក្តី​អំពាវ​នាវ​របស់​គ.ជ.ប នៅ​ពេល​នេះ គឺ​ជា​អ្វី​ដែល​គណបក្ស​តែង​តែ​ចង់​បាន ដើម្បី​ឲ្យ​បរិ​យា​កាស​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​រក្សា​បាន​សេចក្តី​ថ្លៃ​ថ្នូរ។

ចំណែក​ឯ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ក៏​បាន​គាំទ្រ​ចំពោះ​ការអំពាវនាវ​របស់​គ.ជ.ប នេះ​ដែរ ដោយ​លោក​ ថា មិន​ចង់​ឃើញ​ការ​វាយ​ប្រហារ​គ្នា ដោយ​ប្រើ​ពាក្យ​សម្តី អសុរោះ រវាង​អ្នក​គាំទ្រ​គណបក្ស​នីមួយ​ៗ​នោះ​ទ។ ហើយ​ថាយុទ្ធនាការ​ឃោស​បោះ​ឆ្នោត គួរតែ​លើក​ឡើង​តែ​អំពី​គោល​នយោបាយ​របស់​បក្ស​ទៅ​ម្ចាស់​ឆ្នោត តែ​ប៉ុណ្ណោះ។  

ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ​សង្កាត់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ឧសភា មក គ.ជ.ប បាន​ទទួល​បណ្តឹង​ត្រឹម​តែ​៣៤​ប៉ុណ្ណោះ ដោយ​រួម​បញ្ចូល​ទាំង​ពាក្យ​បណ្តឹង​នៃការ​ជេរ​ប្រមាថ​ផង។ បើ​តាម​អ្នក​នាំ​ពាក្យ​គ.ជ.ប បណ្តឹង​ភាគ​ច្រើន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​ទៅ​គណបក្ស​សង្គ្រោះ​ ក៏​ប៉ុន្តែ​កន្លង​មក បាន​សម្រប​សម្រួល​គ្នា នៅ​ថ្នាក់​ឃុំ សង្កាត់ រួច​រាល់ហើយ​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង​ថា លោក​មិន​គាំទ្រ​រាល់​សកម្មភាព​ជេរ​ប្រមាថ​ដែល​ធ្វើ​ឡើង​ដោយ​សកម្មជន​របស់​ខ្លួន​នោះ​ទេ។ លោក​ថា ជា​រឿយៗ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ តែង​តែ​ផ្សព្វ​ផ្សាយ​សមាជិក​បក្ស​ទាំង​អស់ ឲ្យ​គោរព​ក្រម​សីល​ធម៌​ឲ្យ​បាន​ខ្ជាប់​ខ្ជួននៅ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ