rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង ចិន សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិនប្រាប់អាមេរិកឱ្យឈប់ជ្រៀតជ្រែកហុងកុង

media
បាតុករ​នៅ​ហុងកុង​ ថ្ងៃទី ២៩ កក្កដា ២០១៩ Anthony WALLACE / AFP

ក្រោយ​មាន​លេច​ឮ​ដំណឹង​​តាម​សារព័ត៌មាន​ថា​អ្នកការទូត​អាមេរិក​បាន​ជួប​ជាមួយ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង អាជ្ញាធរ​ចិន បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៨ សីហា ស្នើ​សុំ​ឱ្យ​អាមេរិក​បញ្ឈប់​សកម្មភាព​លូកដៃ​ក្នុង​កិច្ចការ​ហុងកុង។ សេចក្តី​ថ្លែងការណ៍នេះ ធ្លាក់​មក​តែ​មួយ​ថ្ងៃ​ក្រោយ​សេចក្តី​ប្រកាស​ជា​សាធារណៈ​របស់​ចិន​​ចាត់​ទុក​ ចលនា​កុប្បកម្ម​នៅ​ហុង​កុង​ថា​ “បដិវត្ត​លាបពណ៌”។


នៅក្នុង​សេចក្តីថ្លែងការណ៍​ ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ក្រសួងការបរទេស​ចិន​ បាន​សម្តែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង នឹង​សកម្មភាព​របស់​អាជ្ញាធរ​អាមេរិក​ និង​បាន​ជំរុញ​​ឱ្យ​អាមេរិក ​​កាត់​ផ្តាច់​ ​ជា​បន្ទាន់​ រាល់​គ្រប់​ចំណង​ទំនាក់ទំនង​ជាមួយ​ចលនា​កុប្បកម្មប្រឆាំង​នឹង​ចិននៅ​ហុងកុង។ ក្រសួង​ការបទេស​ចិន បាន​ស្នើ​សុំ​ដោយ​ចំៗ​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​ស្ថានកុងស៊ុល​អាមេរិក​ប្រចាំ​ទីហុងកុង​ ឈប់​លូក​ដៃ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ហុងកុង។

សូម​បញ្ជាក់ថា ប្រតិកម្ម​របស់​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សារព័ត៌មាន​ក្រុង​ស្រុក​ហុងកុង ចុះ​ផ្សាយ​បទ​យកការណ៍​មួយ ស្តី​អំពី​ជំនួប​ពិភាក្សា​របស់ប្រធាន​ការិយាល័យ​នយោបាយ​ប្រចាំ​ស្ថានកុងស៊ុល​អាមេរិក​នៅ​ហុងកុង លោកស្រី Julie Eadeh ​ជាមួយសមាជិក​បក្ស​Desmosisto ព្រមទាំង​តំណាង​សកម្មជន​ប្រជាធិបតេយ្យ​ដ៏​ល្បីល្បាញ​ម្នាក់ឈ្មោះ Joshua Wongផង។ គណបក្ស​Desmosisto មាន​ជំហរ​នយោបាយ​ទាមទារ​និងការ​ពារ​ស្វ័យភាព​កោះ​ តែ​មិន​​ទាមទារ​ឯករាជ្យ​ដូច​បក្ស​ឯករាជ្យ​ជាតិ​ បក្ស​ដ៏​តូច​មួយ​ដែល​ត្រូវ​បាន​ហាមឃាត់​ ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​ឡើយ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ពន្យល់​ថា តំណាង​រដ្ឋាភិបាល​អាមេរិក​តែង​ជួប​គ្រប់​បុគ្គល​ គ្រប់បក្ស​នៅ​ហុងកុង​និង​ម៉ាកាវ។ នៅ​ក្នុង​ថ្ងៃ​ជំនួប​នោះ តំណាង​ការទូត​អាមេរិក​បាន​ជួប​ក្រុម​អ្នក​និយម​ប៉េកាំងផង អ្នក​ការពារ​ប្រជាធិបតេយ្យផង ព្រមទាំង​សមាជិក​សមាគមអ្នក​ជំនួញ​អាមេរិក​និ​ងបុគ្គលិក​ស្ថានកុងស៊ុល​ទាំង​មូល។

តែ​​ប៉េកាំងមើល​ឃើញ​ផ្សេង​ និង​ចោទ​កាន់​តែ​ខ្លាំងឡើងៗ​ថា ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ហុងកុង បាន​ការ​គាំទ្រ​ពី​លោក​ខាង​លិច។ បន្ទាប់​ពី​បាន​គំរាម​​ប្រើ​កម្លាំង​ទ័ព​ កាលពី​ថ្ងៃ​អង្គារ​ ប៉េកាំង​បាន​ព្រមានដល់​បាតុករ​ហុងកុងទាំង​អស់​ថា បើ​នរណា​ហ៊ាន​លេង​ភ្លើង​ នឹង​ស្លាប់​ក្នុង​ភ្លើង។ ហើយ​ជា​លើក​ទីមួយ នៅ​ថ្ងៃពុធ​ទី ៧​សីហា នាយក​ការិយាល័យ​នយោបាយ​ចិន​ប្រចាំ​ហុងកុង បាន​ចាត់​ទុក​ចលនា​បាតុកម្ម​ដែល​អង្រួន​ហុងកុង​តាំង​ពី​ពីរ​ខែ​មក ថា “បដិវត្តពណ៌”។ ជា​ពាក្យ​ចោទ​ដ៏​ធ្ងន់ធ្ងរ​បំផុត បញ្ជាក់​ថា​ការ​គំរាម​របស់​ប៉េកាំង​អាច​នឹង​ក្លាយ​ជាសកម្មភាព​ពិត៕