អានតួអត្ថបទ
ជប៉ុន-បរិស្ថាន

បរិស្ថាន៖រដ្ឋាភិបាលជប៉ុនបង្ហាញនយោបាយកាត់បន្ថយសំរាមប្លាស្ទិកនៅក្នុងសមុទ្រ

នៅ​ថ្ងៃ​សុក្រ ទី៣១ ឧសភា រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​ចេញ​នូវ​នយោបាយ​កាត់បន្ថយ​កាកសំណល់​ប្លាស្ទិក​នៅ​ក្នុង​សមុទ្រ។ នយោបាយ​ស្តីពី​បរិស្ថាន​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ពេល​ដែល​ជប៉ុន​កំពុង​ត្រៀម​ខ្លួន​រៀបចំ​ជំនួបកំពូល G២០ ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី៣០ មិថុនា​ក្នុង​ទីក្រុង​អូសាកា។ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ​ចង់​យក​ប្រធានបទ​បរិស្ថាន​មួយ​នេះ​ទៅ​ដាក់​ក្នុង​របៀប​វារៈ​នៃ​ជំនួបកំពូល G២០ និង​ចង់​ឲ្យ G២០ អនុម័ត​ចេញ​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ស្តីពី​ការ​កាត់​បន្ថយ​កាកសំណល់​ប្លាស្ទិក​នៅ​ក្នុង​សមុទ្រ។

ប្រមុខរដ្ឋាភិបាលជប៉ុនលោកស្ហ៊ីនហ្សូ អាបេ
ប្រមុខរដ្ឋាភិបាលជប៉ុនលោកស្ហ៊ីនហ្សូ អាបេ JOE KLAMAR / AFP
ផ្សាយពាណិជ្ជកម្ម

នយោបាយ​កាត់​បន្ថយ​កាកសំណល់​ប្លាស្ទិក​ក្នុង​សមុទ្រ​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ស្ហ៊ីនហ្សូ អាបេ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី។ « សំរាម​ប្លាស្ទិក​នៅ​ក្នុង​សមុទ្រ​ជា​បញ្ហា​អាទិភាព​មួយ​ក្នុង​ចំណោម​បញ្ហា​អាទិភាព​ផ្សេង​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​កម្មវិធី​នៃ​ជំនួបកំពូល G២០ ហើយ​ដោយ​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួបកំពូល​នោះ យើង​នឹង​ផ្តួចផ្តើម​គំនិត​ដើម្បី​ដោះស្រាយ​បញ្ហា » នេះ​ជា​ការ​ថ្លែង​របស់​លោក​អាបេ។ តែ​ពេល​នេះ នយោបាយ​កាត់បន្ថយ​កាកសំណល់​ប្លាស្ទិក​នៅ​ក្នុង​សមុទ្រ​ប្រកាស​ដោយ​លោក​អាបេ​នៅ​ជា​ទ្រឹស្តី​ដោយ​មិន​ទាន់​មាន​កំណត់​ការ​អនុវត្តន៍​ជាក់ស្តែង​នៅ​ពេល​ណា​ទេ។

អ្វី​ដែល​គេ​ដឹង ជប៉ុន​ហាក់​ចង់​ដើរ​តួនាទី​ជា​អ្នក​កាត់បន្ថយ​សំរាម​ប្លាស្ទិក​ដែល​កំពុង​បំពុល​ផែនដី ពិសេស​នៅ​ក្នុង​សមុទ្រ ហើយ​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​បរិស្ថាន​មួយ​នេះ​បាន ជប៉ុន​នឹង​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ក្រុម​ប្រទេស G២០ ឲ្យ​អនុម័ត​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ។ គួរ​បញ្ជាក់​ថា ជប៉ុន​ជា​ប្រទេស​ដែល​បាន​បញ្ចេញ​កាកសំណល់​ប្លាស្ទិក​លំដាប់ទី២ ក្នុង​លោក បន្ទាប់​ពី​អាមេរិក នោះ​បើ​ទោះ​បី​ជា​ប្រទេស​អាស៊ី​មួយ​នេះ​មាន​អត្រា​កែច្នៃ​ប្លាស្ទិក​ប្រើ​រួច​ឡើង​វិញ​ក្នុង​កម្រិត​ខ្ពស់​ក៏​ដោយ។ ជប៉ុន​នៅ​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​នៅ​ក្នុង​វិធានការ​កាត់បន្ថយ​ផលិតផល​ប្លាស្ទិក​ដែល​ប្រើ​តែ​មួយ​ដង រួច​បោះ​ចោល ដូច​យ៉ាង​ប្រអប់​ប្លាស្ទិក​ខ្ចប់​អាហារ​សម្រាប់​ថ្ងៃត្រង់ ប្លាស្ទិក​សម្រាប់​ខ្ចប់​នំ ឬ​ផ្លែឈើ​ជា​ដើម។

នៅ​ក្នុង​ជំហាន​ដំបូង នយោបាយ​កាត់បន្ថយ​ប្លាស្ទិក​ដែល​រដ្ឋាភិបាល​ជប៉ុន​ទើប​ប្រកាស​គ្រោង​នឹង​ឲ្យ​អតិជន​ទិញ​ថង់​ប្លាស្ទិក​សម្រាប់​ដាក់​អីវ៉ាន់​នៅ​ពេល​ពួក​គេ​ទៅ​ផ្សារ​ទិញ​ម្ហូបអាហារ ឬ​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ។ នយោបាយ​ដដែល​នេះ​ក៏​មាន​ផែនការ​ជួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ឲ្យ​បំពាក់​នូវ​បច្ចេកទេស និង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​កែច្នៃ​ប្លាស្ទិក​ប្រើ​រួច​ឡើង​វិញ​ដែរ។ កម្មវត្ថុ​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ប្រទេសជាតិ គឺ​កែច្នៃ ១០០% លើ​ប្លាស្ទិក​ប្រើ​រួច​ហើយ​ឲ្យ​ទៅ​ប្លាស្ទិក​ថ្មី​ពី​ពេល​នេះ​​ដល់​ឆ្នាំ ២០៣៥។ បើ​គិត​នៅ​ក្នុង​ពិភពលោក​ទាំង​មូល មាន​សំរាម​ប្លាស្ទិក​ប្រមាណ​ជា ៨លានតោន​ត្រូវ​បាន​គេ​ចាក់​ចូល​សមុទ្រ​ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ ចំណែក​ពី​ប្រទេស​ជប៉ុន​មាន​ពី ២០ ០០០ ទៅ ៦០ ០០០តោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ