អានតួអត្ថបទ
ប៉ាគីស្ថាន-IMF

IMF បានផ្តល់ប្រាក់កម្ចីចំនួន ៦ ០០០លានដុល្លារឪ្យប្រទេសប៉ាគីស្ថានសម្រាប់រយៈពេល ៣ឆ្នាំ

នៅ​ថ្ងៃ​អាទិត្យ ទី១២ ឧសភា ប្រទេស​ប៉ាគីស្ថាន និង​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ហៅកាត់ IMF បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រក​ឃើញ​កិច្ចព្រមព្រៀង​រួម​មួយ។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល IMF បាន​យល់ព្រម​ផ្តល់​ប្រាក់កម្ចី​ចំនួន ៦ ០០០លានដុល្លារ​សម្រាប់​រយៈពេល ៣ឆ្នាំ។ នេះ​ជា​ប្រាក់កម្ចី​លើកទី២២ ដែល IMF បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាត​សម្រាប់​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច។ ក្រៅ​ពី​ប្រាក់កម្ចី​របស់ FMI ប៉ាគីស្ថាន​ក៏​នឹង​ទទួល​បាន​ប្រាក់កម្ចី​ពី​២ ០០០លាន​ទៅ ៣ ០០០លានដុល្លារ​ពី​ធនាគារពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អាប់ឌុល ហាហ្វី ឆេក ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់។

លោកស្រី Christine Lagarde អគ្គនាយិកា IMF
លោកស្រី Christine Lagarde អគ្គនាយិកា IMF REUTERS / Martin Acosta
ផ្សាយពាណិជ្ជកម្ម

ប៉ាគីស្ថាន និង IMF បាន​ប្រើ​ពេល​ចរចា​គ្នា​អស់​ពេល​ជា​ច្រើន​ខែ​ទំរាំ​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ ហើយ​ដំណឹង​នេះ​ត្រូវ​បាន​លោក​អាប់ឌុល ហាហ្វី ឆេក​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ។ ចំណែក IMF បាន​ជូន​ដំណឹង​នេះ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​បន្ថែម​ថា ដើម្បី​អាច​ចូល​ជា​ធរមាន​បាន កិច្ចព្រមព្រៀង​មួយ​នេះ​នឹង​ត្រូវ​ទទួល​ការ​យល់ព្រម​ពី​ថ្នាក់ដឹកនាំ និង​ក្រុម​ប្រឹក្សា​រដ្ឋបាល​របស់ IMF ជាមុន​សិន។ ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ប្រាក់កម្ចី​នេះ​មាន​គោលដៅ​ជួយ​គាំទ្រ​លើ​មហិច្ឆតា​កំណែទម្រង់​ម៉ាក្រូសេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​​ប៉ាគីស្ថាន​តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​កាត់​បន្ថយ​បំណុល​សាធារណៈ។

ក្រៅ​ពី​ប្រាក់កម្ចី​របស់ IMF លោក​អាប់ឌុល ហាហ្វី ឆេក​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ទទួល​ប្រាក់កម្ចី​ក្នុង​ចំនួន​ពី ២ ០០០លានដុល្លារ​ទៅ ៣ ០០០លានដុល្លារ​ពី​ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី​នា​ពេល​ខាង​មុខ។ អ្វី​ជា​ការ​កត់សម្គាល់ ប្រាក់កម្ចី​ទាំង​អស់​នេះ​ធ្លាក់​មក​ចំ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ប៉ាគីស្ថាន​នា​ឆ្នាំ ២០១៩ អាច​មាន​ត្រឹម ៣,៣% ដែល​ជា​អត្រា​មួយ​ដ៏​ទាប​ខ្លាំង​ក្នុង​រយៈពេល ៨ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​ខុស​ពី​ក្តីរំពឹង​របស់​រដ្ឋាភិបាល​ដែល​សង្ឃឹម​ទទួល​បាន ៦,២%។ សម្រាប់ IMF ហាក់​មាន​សុទិដ្ឋិនិយម​កាន់​តែ​តិច​ជាង​នេះ​ដោយ​ប្រមើលមើល​ថា កំណើន​សេដ្ឋកិច្ច​ប៉ាគីស្ថាន​សម្រាប់​ឆ្នាំ ២០១៩ អាច​មាន​ត្រឹម ២,៩% ប៉ុណ្ណោះ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រាក់កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​បរទេស ពិសេស IMF ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី​នេះ​អាច​ជួយ​ប៉ាគីស្ថាន​ឲ្យ​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ឬ​ទេ។ អ្វី​ដែល​គេ​ដឹង​តាំង​ពី​ដើម​ឆ្នាំ ២០១៨ ប្រាក់រូពី​ដែល​បាន​បាត់បង់​តម្លៃ​ប្រមាណ​ជា ៣០% កំពុង​រុញ​អត្រា​អតិផរណា​កាន់​តែ​ខ្ពស់។ ឱនភាពពាណិជ្ជកម្ម​បាន​កើន​ដល់ ២០ ០០០លានដុល្លារ ហើយ​រូបិយប័ណ្ណបរទេស​បម្រុង​ដែល​ប៉ាគីស្ថាន​មាន​ក្នុង​ដៃ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៥០% ក្នុង​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ។ គួរ​រម្លឹក​ថា ប៉ាគីស្ថាន​បាន​ក្លាយ​ជា​សមាជិក​របស់ IMF ក្នុង​ឆ្នាំ ១៩៥០ និង​ទទួល​បាន​ប្រាក់កម្ចី​ពី​ស្ថាប័ន​មួយ​នេះ​ចំនួន ២១ដង​ហើយ។ ប្រាក់កម្ចី​លើកទី២១ មាន​ចំនួន ៦ ៦០០លានដុល្លារ​កាល​ពី​ឆ្នាំ ២០១៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ