អានតួអត្ថបទ
ថៃ​

មេដឹកនាំ​​បាតុកម្ម​​ប្រឆាំង​​រដ្ឋាភិបាល​​យីងឡាក់​​​រង​ការ​​ចោទ​ប្រកាន់់​​ពីបទ​”​ភេរវកម្ម”​​

ថ្ងៃពុធ​នេះ ​​លោក​សុថេប ថងស៊ុបាន Suthep Thaugsuban ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​មេចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោកស្រីយីងឡាក់ ត្រូវបានតុលាការ​​ចោទ​ប្រកាន់​ពីបទ”​ភេរវកម្ម” ទាក់ទង​នឹង​ការធ្វើបាតុកម្ម​បិទ​ក្រុងបាងកក កាលពី​ឆ្នាំ​២០១៤។ ​អ្នកនយោបាយ​​៨នាក់​ផ្សេងទៀត ក៏ត្រូវតុលាការ​ចោទប្រកាន់​ដែរ។ ​

លោក Suthep Thaugsuban
លោក Suthep Thaugsuban REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ កាលពី​ឆ្នាំ​២០១៤ ​បាន​ប្រព្រឹត្ត​ទៅ​ច្រើនខែ ធ្វើអោយ​មនុស្ស​ស្លាប់​២៨នាក់ ហើយ​ស្ថានការណ៍​បានធ្លាក់​ដុនដាប​រហូត​ដល់​មាន​រដ្ឋប្រហារ​ទំលាក់​រដ្ឋាភិបាល​។ ទាក់ទង​នឹង​ចលនា​បាតុកម្ម​នេះ តុលាការ​ថៃ​បាន​ចោទ​ប្រកាន់​​​លោក​សុថេប ថងស៊ុបាន ដែល​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មេចលនា​អាវលឿង រួមទាំង​មន្ត្រី​នយោបាយ​ប្រជាធិបតេយ្យ​​ថៃ​​៨នាក់​ទៀត ធ្វើទង្វើ​ក្បត់ ប្រមូល​ផ្តុំ​ខុសច្បាប់ និង​ញុះញង់​អោយ​មាន​ហិង្សា។ ​លោក​សុថេប ធ្លាប់​ធ្វើ​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ថៃ ពី​ឆ្នាំ​២០០៨ ដល់​២០១០។ លោក​បាន​ដឺកនាំ​ក្រុមបាតុករ​អោយ​បិទខ្ទប់​ក្រុងបាងកក មុន​នឹង​​ក្រុ​ម​យោធាចូល​មក​​កាន់កាប់​បាងកក។ លោក​ជុំប៉ុ​ន ជុលសៃ ​ជា​​អតីត​តំណាងរាស្ត្រ​ប្រជាធិបតេយ្យ​មួយរូប​ ក៏​រងការ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម​ដូច​លោក​សុថេប​ដែរ។ ​ ​

ការចោទប្រកាន់​លោក​សុថេប ពេលនេះ អាច​នឹង​ធ្វើអោយ​លោក​សុថេប លែង​អាច​ធ្វើនយោបាយ​តទៅទៀត​បាន។ ​តាំងពី​មាន​រដ្ឋប្រហារ​មក ​រដ្ឋាភិបាល​សឹក​​​សន្យា​រៀបចំ​ការបោះ​ឆ្នោត​យ៉ាងយូរ ​នៅ​ចុង​ឆ្នាំ​២០១៨ រឺ​ដើម​ឆ្នាំ​២០១៩ ​ប៉ុន្តែ គេ​នៅ​មិនទាន់​ដឺងពី​ថ្ងៃខែ​ពិតប្រាកដ​ទេ។ ជារឿយៗ របប​សឹក​​តែង​ពន្យារពេល​ ធ្វើអោយ​ក្រុមជំនាញ​វាយតម្លៃ​​ថា ក្រុមយោធា​ថៃ​ចង់​​បន្ត​ឥទ្ធិពល​ខ្លួន​ក្នុង​នយោបាយ។ ពេលនេះទៀត​ ប្រហែល​កំពុង​មាន​ការចរចា​ដើម្បី​បង្កើត​អោយ​មាន​គណបក្សមួយ​​​ ដែល​​ពាក់ព័ន្ធ​នឹង​​​ក្រុមយោធា។ ​

​ឆាកនយោបាយ​ថៃពេលនេះ​ ក៏​លែង​មាន​តួអង្គ​មកពី​គ្រួសារ​​​ស៊ីណាវ៉ាត់​ទៀតដែរ។ លោកស្រី​យីងឡាក់ បាន​ភៀសខ្លួន​​ទៅក្រៅ​ប្រទេស។ តុលាការ​កំពូល​ថៃ​បាន​កាត់ទោស​លោកស្រី​កំបាំងមុខ អោយ​ជាប់ពន្ធនាគារ​៥ឆ្នាំ ពីបទ​ធ្វេស​ប្រហែស​ក្នុង​នយោបាយ​​ទិញ​ស្រូវអង្ករ​ពី​កសិករ ជា​នយោបាយ​​ធ្វើអោ​យ​រដ្ឋ​ខាត​ថវិកា​ប្រមាណ​១០ពាន់លាន​ដុល្លារ៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ