rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្វីលីពីន គ្រោះធម្មជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ព្យុះសង្ឃរា Tembin ចេញ​ពី​ហ្វីលីពីន​ឆ្លងកាត់​សមុទ្រចិន​ខាងត្បូង​ឆ្ពោះ​ទៅ​ប៉ែក​ខាងត្បូង​វៀតណាម

media
ព្យុះសង្ឃរា Tembin បាន​សម្លាប់​ប្រជាជន​ហ្វីលីពីន​ជាង ២០០នាក់ និង​បន្សល់​ទុក​អ្នក​រត់ចោល​ផ្ទះសម្បែង ៧០ ០០០នាក់ Aclimah Cabugatan Disumala/via REUTERS

ព្យុះសង្ឃរា Tembin ដែល​បាន​បោកបក់​នៅ​ប៉ែកខាងត្បូង​ហ្វីលីពីន​តាំង​ពី​ថ្ងៃ​សុក្រ ទី២២ ធ្នូ​បាន​បន្ត​ដំណើរ​ឆ្លង​កាត់​សមុទ្រ​ចិនខាងត្បូង​ឆ្ពោះ​ទៅ​កាន់​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​នា​ថ្ងៃ​អាទិត្យ ទី២៤ ធ្នូ។ នៅ​ហ្វីលីពីន ព្យុះសង្ឃរា Tembin បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០០នាក់ និង​បាត់ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត ព្រម​ទាំង​បន្សល់​ទុក​អ្នក​បាត់បង់​ទីជម្រក​ជា​ច្រើន​ម៉ឺននាក់។ ប្រមុខ​សង្ឃកាតូលិក​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​បាន​ចូលរួម​បន់ស្រន់​ចំពោះ​ជន​រងគ្រោះ ហើយ​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ជំនួយ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន។


ព្យុះសង្ឃរា Tembin បាន​សម្លាប់​មនុស្ស ២០៨នាក់ បាត់ខ្លួន ១៦៤នាក់ និង​មាន ៤០ ០០០នាក់​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង​ទៅ​ជ្រកកោណ​នៅ​តាម​មណ្ឌល​សង្រ្គោះ​រៀបចំ​ដោយ​រដ្ឋអំណាច នេះ​ជា​ព័ត៌មាន​ប្រកាស​ដោយ​ប៉ូលិស និង​ក្រុម​អ្នកជួយ​សង្រ្គោះ​នា​ថ្ងៃ​អាទិត្យ ទី២៤ ធ្នូ។ តែ​បើ​តាម​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម មាន​អ្នក​រត់ភៀសខ្លួន ឬ​ជនរងគ្រោះ​ដោយ​ព្យុះសង្ឃរា Tembin សរុប ៧០ ០០០នាក់។ ក្រៅ​ពី​មាន​មនុស្ស​ស្លាប់ បាត់ខ្លួន និង​រត់ចោល​ផ្ទះ​សម្បែង ព្យុះសង្ឃរា Tembin ក៏​បាន​បោកបក់​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ជា​ច្រើន​រយខ្នង ព្រម​ទាំង​នាំ​មក​ជាមួយ​នូវ​ភ្លៀង​ខ្លាំងក្លា​បង្ក​ជា​ទឹកជំនន់​ផង។

ក្រុម​អ្នក​ជួយ​សង្រ្គោះ កម្លាំង​ប៉ូលិស និង​កម្លាំង​អ្នកស្ម័គ្រចិត្ត​បាន​បន្ត​បេសកកម្ម​ស្រង់​សាកសព និង​ជួយ​សង្រ្គោះ​ដោយ​ចូល​រុករក​តាម​ផ្ទះ​សម្បែង​ដើម្បី​ស្វែង​រក​ពលរដ្ឋ​ដែល​កំពុង​ជាប់​កុន​មាន​ជីវិត​នៅ​ខាង​ក្នុង។ ព្យុះសង្ឃរា Tembin បាន​បោកបក់​លើ​ប៉ែក​ខាងត្បូង​ហ្វីលីពីន​តាំង​ពី​ថ្ងៃ​សុក្រ ទី២២ ធ្នូ មុន​នឹង​ចាកចេញ​ពី​ហ្វីលីពីន​ដោយ​បន្ត​ដំណើរ​ឆ្លង​កាត់​សមុទ្រចិន​ខាងត្បូង​ឆ្ពោះ​ទៅ​កាន់​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី២៤ ធ្នូ។ នៅ​ក្នុង​ដំណើរ​ផ្លូវ​នោះ ព្យុះសង្ឃរា Tembin ក៏​បាន​បោកបក់​លើ​កោះ​ទេសចរណ៍​ប៉ាឡាវ៉ាន​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់ខ្លួន​មួយ​ចំនួន។

នៅ​បុរីវ៉ាទីកង់​ក្នុង​ប្រទេស​អ៊ីតាលី​ឯណោះ នា​ឱកាស​ថ្លែង​សារ​ក្នុង​បុណ្យណូអែល ប្រមុខ​សង្ឃកាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​ចូលរួម​បន់ស្រន់​គោរពវិញ្ញាក្ខន្ធ​ចំពោះ​ជនរងគ្រោះ​ហ្វីលីពីន និង​ឆ្លៀត​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​នៅ​លើ​ពិភពលោក ពិសេស​ចំពោះ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ។ នៅ​ហ្វីលីពីន ប្រជាជន​ចំនួន ៨០% ជា​អ្នក​កាន់សាសនា​កាតូលិក។ ចំណែក​អង្គការ​សហប្រជាជាតិ​តាម​រយៈ​អ្នកនាំពាក្យ​របស់​ខ្លួន​បាន​ស្នើ​ជំនួយ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន​នៅ​ក្នុង​ព្យុះសង្ឃរា Tembin នេះ។

គួរ​បញ្ជាក់​ថា​ជា​រៀងរាល់​ឆ្នាំ ហ្វីលីពីន​បាន​ទទួល​រងគ្រោះ​ដោយ​ព្យុះសង្ឃរា​ប្រមាណ​ជា ២០ដង ហើយ​ព្យុះសង្ឃរា Tembin ពេល​នេះ​បាន​កើត​ឡើង ជិត ១សប្តាហ៍​ក្រោយ​ពី​ព្យុះសង្ឃរា Kai-Tak នៅ​ប៉ែក​កណ្តាល​ប្រទេស​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥៤នាក់ និង​បាត់ខ្លួន ២៤នាក់៕