អានតួអត្ថបទ

វៀតណាម​ចាប់​នាវាចិន​នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ជាប់​ជម្លោះ

ភាព​តាន​តឹង​រវាង​ចិន​និង​វៀតណាម អាច​នឹង​ត្រូវ​ឡើង​កម្តៅ​ជា​ថ្មី ! បើ​តាម​សារព័ត៌មាន​ផ្លូវការ​វៀតណាម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឱ្យ​ដឹង​ថា ឆ្មាំ​សមុទ្ទ​វៀតណាម បានឃាត់​និង​ចាប់​​​នាវា​ដឹកប្រេង​ចិន​មួយ​គ្រឿង ដែល​បាន​បើក​ឆ្លង​ចូល​ក្នុង​ដែន​ទឹក​របស់​ហាណូយ នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។

ផែនទី​បង្ហាញ​សមុទ្ទ​ចិន​ខាង​ត្បូង និង​តំបន់​ប្រជុំ​កោះ​ជាប់​ជម្លោះ
ផែនទី​បង្ហាញ​សមុទ្ទ​ចិន​ខាង​ត្បូង និង​តំបន់​ប្រជុំ​កោះ​ជាប់​ជម្លោះ weekeepedia
ផ្សាយពាណិជ្ជកម្ម

នាវា Qiong Yangpu ដែល​មាន​ផ្ទុក​ប្រេង​ ១សែន​លីត្រ ត្រូវ​បាន​ឆ្មាំ​សមុទ្ទ​ចាប់ និងបើក​​ក្រៀក​​មក​ចត​នៅ​កំពង់​ផែ​ ហៃហ្វុង ព្រមទាំង​ឃាត់​ខ្លួន​នាវិកចិន​ទាំង​បី​នាក់​ទៀត​ផង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម ដែល​បាន​បញ្ជាក់​ថា នាវា​ចិន បាន​បើក​ឆ្លង​ចូល​ក្នុង​ដែន​ទឹក​វៀតណាម ចម្ងាយ​ប្រមាណ​១២​ម៉ាយ​ ពី​ខ្សែ​បន្ទាត់​ព្រំដែន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ឈូង​សមុទ្ទ​តុងកឹង ភាគ​និរតី​ប្រទេស។

 

អាជ្ញាធរវៀតណាម បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​ទាក់ទង​នឹង​ការ​ចាប់​នាវា​ចិន​នេះ។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ប្រចាំ​ថ្ងៃ ឈ្មោះ Tuoi Tre នាវា​ដឹកប្រេង​ចិនមាន​ភារៈ​មក​ចាក់​ប្រេង​ឱ្យ​នាវានេសាទ​ចិន​ ដែល​កំពុង​ធ្វើប្រតិបត្តិការ​នៅ​តំបន់នោះ​។ អ្នក​បើកបរនាវា​ទៀត​សោត ក៏​គ្មាន​ឯកសារ​ជាប់​នឹង​ខ្លួន ដើម្បី​បញ្ជាក់​អំពី​ប្រភព​ប្រេង ហើយ​សហនាវិក​ពីរ​នាក់​ផ្សេង​ទៀត គ្មានទាំង​​លិខិត​បញ្ជាក់​សិទ្ធិ​រក​ស៊ី​ធ្វើការផង។

ចិននិង​វៀតណាម​ មាន​ជម្លោះ​ដែន​ទឹក​ តាំង​ពី​ជាយូរឆ្នាំ​មក​ហើយ ដណ្តើម​​ប្រជុំ​កោះ​ប៉ារ៉ាសែល និង​ស្ព្រាតលី​ ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ក្រោម​ដី  ក្នុង​ទឹក ដូច​ជា​ប្រេង​ ​មច្ឆា និង​ដែល​ជា​ប្រជុំ​​ផ្លូវ​ទឹក​អន្តរជាតិ​ដ៏​សំខាន់​មួយ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បង្កើនវត្តមាន​​និង​ពង្រឹង​​ការ​ល្បាត​ខ្លាំង​ណាស់ ព្រមទាំង​បាន​ព្រមាន​ហាម​ប្រាម​មិន​ឱ្យ​ទូក​នេសាទ​ណា ចូល​ទៅ​នេសាទ​ នៅ​ក្នុង​តំបន់​ជាប់​ជម្លោះ​ឡើយ។ មាន​នាវា​នេសាទ​វៀតណាម រាប់​រយ​គ្រឿង​ត្រូវ​បាន​ឆ្មាំ​សមុទ្ទ​ចិន​ចាប់​។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ក្រុង​ហាណូយ តែ​ជា​ប្រការ​ដ៏​កម្រ​ខ្លាំង​ណាស់​ដែល​វៀតណាម​ចាប់​ទូក​ចិន។​ ចិន​បាន​ចូល​ឈ្លានពាន​ប្រជុំ​កោះ​ប៉ារ៉ាសែល តាំង​ពី​ឆ្នាំ​១៩៧៤​មក និង​បន្ត​ទាមទារ​យក​មក​ធ្វើ​ជា​របស់​ខ្លួន​ទៀត នូវ​ប្រជុំ​កោះ​ស្ព្រាតលី ទាំង​មូល​ មិន​ខ្វល់​ចែក​ចំណែក​ខ្លះ​ឱ្យ​​តៃវ៉ាន់ ម៉ាឡេស៊ី ហ្វីលីពីន និង​ព្រុយណេទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ