អានតួអត្ថបទ
កូឡុំប៊ី

ពួក​ឧទ្ទាម​ហ្វាកកូឡុំប៊ី​ ទម្លាក់​អាវុធ​ទាំង​ស្រុង ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព

ទ័ព​ព្រៃ​នៃ​កង​កម្លាំង​យោធា​បដិវត្ត​កូឡុំប៊ី ឬ​ហៅ​កាត់​ពួក​ឧទ្ទាម​ហ្វាក ដែល​មាន​ទ័ព​ចំនួន ជិត ៦៩០០​នាក់ បាន​មក​ដល់​ទីណាត់​ទម្លាក់​អាវុធ​ ទាំង​អស់​គ្នា​ហើយ​ នៅ​ថ្ងៃសៅរ៍​ទី ១៨​កុម្ភៈ ម្សិលមិញ។ នេះ​ជា​ការ​ទម្លាក់​អាវុធ​ទាំង​ស្រុង ស្រប​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ពួក​គេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​បេសកកជន​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​កូឡុំប៊ី។

ទ័ព​ FARCធ្វើ​ដំណើរតាម​ទូក​​មក​ទម្លាក់​អាវុធ
ទ័ព​ FARCធ្វើ​ដំណើរតាម​ទូក​​មក​ទម្លាក់​អាវុធ Jesus COLORADO / AFP
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ ទ័ព​ព្រៃ​នៃ​ចលនា​ហ្វាក​ចុងក្រោយបង្អស់ ប្រមាណ​៣០០​នាក់ ​ បាន​​មកដល់​​ទីណាត់​ ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ដើម្បី​ប្រគល់​អាវុធ​ឱ្យ​រដ្ឋាភិបាល។ បើ​តាម​ឧត្តមសេនីយ៍​ Javier Pérez Aquino អាគីណូ ប្រធាន​ក្រុម​អង្កេតការណ៍​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កូឡុំប៊ី កម្លាំង​ទ័ព​ព្រៃ​​​ជិត ៦៩០០​នាក់ មាន​ស្រី មាន​ប្រុស ​បានមក​​ជួប​ជុំ​មូល​គ្នា បន្ទាប់​ពី​​បាន​​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ ក្នុង​រយៈ​ផ្លូវ​ប្រវែងប្រហែល​ ៨៧០០​គីឡូម៉ែត្រ ​ដោយ​ថ្មើរ​ជើង ដោយ​ជិះ​យានយន្ត និង​ឆ្លង​ទូក។

រដ្ឋាភិបាល​កូឡុំប៊ី​បាន​រៀប​ចំ​ទីណាត់ ទទួល​ទ័ព​ហ្វាក ​ចំនួន​​​​២៦​កន្លែងផ្សេង​គ្នា​ ពេញ​​ផ្ទៃ​ប្រទេស​ ដើម្បី​ឱ្យ​ពួក​គេ​ទម្លាក់​អាវុធ​ និង​ត្រៀម​រៀប​ចំ​ជីវិត​មក​ធ្វើ​ជា​ជន​ស៊ីវិល​ ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ។ ដំណើរ​មក​ទម្លាក់​អាវុធ​​ ដែល​បាន​ចាប់​ផ្តើម​ តាំង​ពី​ថ្ងៃ​ទី ២៨​មករា និង​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី ១៨​កុម្ភៈ​ ព្រោះ​បាន​ទទួល​ទាហាន​ហ្វាក​គ្រប់​ចំនួន​ទាំង​ស្រុង ត្រូវ​បាន​លោក​ប្រធានាធិបតី​ ម៉ាណុយអែល សន់តូស ចាត់​ទុក​ជា​ចលនា​ប្រវត្តិសាស្ត្រ​របស់​កូឡុំប៊ី។

 
កូឡុំប៊ី ចង់​បិទ​បញ្ចប់​សង្គ្រាម​​ប្រដាប់​អាវុធ​ចំណាស់​ជាង​កន្លះ​សតវត្សរ៍​ ដែល​រដ្ឋាភិបាល​បាន​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ទ័ព​ព្រៃ ក្រុមប្រដាប់ ​ជាង​៣០​ក្រុម និង​ដែល​បាន​បង្ក​ឱ្យ​មាន​ស្លាប់​មនុស្ស​អស់​ជាង​ ២៦០០០០​នាក់ ៦ម៉ឺន​នាក់​បាត់​ខ្លួន និង​ជាង​៦,៩លាននាក់ ធ្វើ​បំលាស់​ទី។ បន្ទាប់​ពី​បាន​រកឃើញកិច្ចព្រមព្រៀង​ជាមួយ​ពួក​ហ្វាក រដ្ឋាភិបាល​បាន​ផ្តើម​ចរចា​សន្តិភាព ជាផ្លូវការ​ នៅ​ខែកុម្ភៈ​នេះ ជាមួយពួក​យោធារំដោះជាតិ -ពួក​ឧទ្ទាម​មួយក្រុម​ទៀតចុងក្រោយ ដែល​កំពុង​មាន​សកម្មភាព​នៅ​លើ​ដែនដី​កូឡុំប៊ី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ