អានតួអត្ថបទ

កូឡុំប៊ីផ្តើម​ចរចាសន្តិភាព​​ជាមួយ​ពួកយោធា​រំដោះ​ជាតិ ឧទ្ទាម​ចុង​ក្រោយ​របស់​ប្រទេស

នៅ​ថ្ងៃ​នេះ កូឡុំប៊ី និង​ក្រុមយោធា​អាវុធ​រំដោះជាតិ​ ELN ដែល​ជា​ក្រុម​ឧទ្ទាម​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រដៀង​នឹង​ពួក​ ​Farcដែរ បាន​ផ្តើម​កិច្ចចរចា​សន្តិភាព​ ដោយ​បិទ​ទ្វារ​ នៅ​ប្រទេស​អេក្វាទ័រ។ ក្រោយ​ពី​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​ពួក​Farc ប្រធានាធិបតី​កូឡុំប៊ី លោក សិនតូស ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៦ សង្ឃឹម​ថា​នឹងសម្រេច​ជោគជ័យ​ជាមួយ​ពួកយោធា​អាវុធ​រំដោះ​ជាតិ​ទៀត ដើម្បី​នាំ​​កូឡុំប៊ីឱ្យ​​បាន​ទទួល​សន្តិភាព​ពេញ​លេញ បិទ​បញ្ចប់​ទាំង​ស្រុង​ជម្លោះ​ប្រដាប់​អាវុធ​ ជាង​កន្លះ​សតវត្សរ៍។ កិច្ចចរចា​ថ្ងៃ​នេះ​ជា​ដំណាក់កាល​ចាប់​ផ្តើម​ដ៏​សំខាន់។

តំណាង​រដ្ឋាភិបាល​កូឡុំប៊ី និង​រដ្ឋមន្ត្រីការបរទេស​អេក្វាទ័រ (កណ្តាល) និង​អ្នកចរចា​របស់​ELN (ស្តាំ) នៅ​អេក្វាទ័រ ថ្ងៃទី៧​កុម្ភៈ២០១៧
តំណាង​រដ្ឋាភិបាល​កូឡុំប៊ី និង​រដ្ឋមន្ត្រីការបរទេស​អេក្វាទ័រ (កណ្តាល) និង​អ្នកចរចា​របស់​ELN (ស្តាំ) នៅ​អេក្វាទ័រ ថ្ងៃទី៧​កុម្ភៈ២០១៧ RODRIGO BUENDIA / AFP
ផ្សាយពាណិជ្ជកម្ម

កងទ័ព​រំដោះ​ជាតិ ELN ជា​ក្រុម​ឧទ្ទាម​បង្ក​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៤ ដោយ​ក្រុម​សហជីព និង​និស្សិត​នៅ​គុយបា។ សមាជិក​ក្រុម​នេះ ច្រើន​តែ​ជា​អ្នក​ក្រុង មិន​ដូច​ក្រុម​ឧទ្ទាម​ហ្វាក ដែល​ទាហាន​ភាគ​ច្រើន​ប្រសូត​ចេញ​ពី​ស្រទាប់​កសិករ។ នៅ​ឆ្នាំ​១៩៦៥ អង្គការ​មួយ​នេះ បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ចលនា​មួយ​បង្កើត​ឡើង​ដោយ​ Camilo Torres ដោយ​ឈរ​លើ​គោលការណ៍​ស្និទ្ធ​នឹង​ប្រជាជន និង​ព្រមទាំង​បាន​អភិវឌ្ឍន៍​ចលនា​កាន់​ខ្លាំង​ចាប់ពី​ឆ្នាំ​១៩៩៨​មក។ អង្គការដឹកនាំ​​ចលនា​ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្នុងកម្មវត្ថុ​តែ​មួយ​គឺ​បង្កើត​លទ្ធិ​​ប្រជាធិបតេយ្យ​ផ្ទាល់ និង​ប្រជាមានិត ហើយ​ជា​ឧទាហរណ៍​ច្រានចោល​ប្រព័ន្ធសភា។ ​

ថ្វីបើ​រដ្ឋាភិបាល​កូឡុំប៊ី ជាប់​រវល់​នឹង​ការ​ចរចា​ជាមួយ​ពួក​ហ្វាក មិន​អាច​បើក​ការ​ចរចា​ពីរ​ទន្ទឹម​គ្នា​មែន ប៉ុន្តែ​ការ​ពិភាក្សា​គ្នា​ដោយ​ស្ងាត់ៗ ជាមួយ​ពួក​យោធា​រំដោះ​ជាតិ បាន​ប្រព្រឹត្ត​ទៅ​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១៤​មក។ នៅ​ខែ​មីនា ២០១៦ ភាគី​ទាំងពីរ​ បាន​ព្រមព្រៀង​គ្នា​បើក​ការ​ចរចា​ជា​ផ្លូវការ ប៉ុន្តែ​ត្រូវ​លើក​ពេល​ជា​បន្ត​បន្ទាប់​ទៅ​វិញ ដោយ​ពួក​ឧទ្ទាម​បដិសេធ មិនព្រម​ដោះលែង​ចំណាប់​ខ្មាំង តាម​លក្ខខណ្ឌ។ ទើប​តែ​នៅ​ថ្ងៃ​២ កុម្ភៈ និង​៦​កុម្ភៈ​នេះ ប៉ុណ្ណោះ ដែល​ចំណាប់​ខ្មាំង​ពីរ​នាក់​ត្រូវ​បាន​ទទួល​សេរីភាព។

 
ការ​ចរចា​ក៏​ត្រូវ​បាន​ចាប់​ផ្តើម​ភ្លាម​នៅ​ថ្ងៃ​ពុធនេះ នៅ​ប្រទេ​សអេក្វាទ័រ​និង​អាច​មាន​រយៈ​ពេល​៤៥​នាទី ដោយ​មាន​តំណាង​រដ្ឋាភិបាល​កូឡុំប៊ី​ និង​អ្នក​ចរចា​របស់​អង្គការ​ឧទ្ទាម​ ព្រមទាំង​តំណាង​សង្គម​ស៊ីវិល សាសនា និង​តំណាង​ប្រទេស​រ៉ាប់រង​ការ​ចរចា​ចំនួន​៦​ប្រទេស​ទៀត។
ការ​ចរចា​អាច​អូស​បន្លាយ​ពេល រហូត​ដល់​ប្រធានាធិបតី​សិនតូស​ចប់​អាណត្តិ ពោល​គឺ​​មួយ​ឆ្នាំ​កន្លះទៀត ឬ​យូរ​ជាង​នេះ​ផង​ក៏​ថា​បាន។ ការ​ចរចា​នេះ​អាច​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ព្រោះ​ អង្គការ​គ្មាន​រចនា​សម្ព័ន្ធ​ជា​មេកើយ​ម្នាក់​ដឹកនាំ​ទេ តែ​ជា​សហព័ន្ធ ដែល​ក្រុមនីមួយៗ​ មាន​អត្តសញ្ញាណ​របស់​ខ្លួន ចាំ​ផ្តល់​ការ​យល់ព្រម​សិន​មុនអាច​​សម្រេចបង្ហើយ​បាន។ តែ​គំរូ​​កិច្ចព្រមព្រៀង​សន្តិភាពជាមួយ​ពួក​ហ្វាក អាច​​ជួយ​ពន្លឿន​ដំណើរ​ការ​ចរចា​នេះ​បាន​ខ្លះ៕​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ