សហរដ្ឋអាមេរិក៖ បាត់ខ្លួន៦នាក់ ក្រោយពីនាវាបុកស្ពានបាក់រលំធ្លាក់ក្នុងទន្លេ
យ៉ាងហោច មនុស្ស ៦ នាក់ បន្តបាត់ខ្លួនក្នុងទន្លេ បន្ទាប់ពី នាវាដឹកទំនិញ១ បើកបុកបាក់ស្ពានដ៏វែង នៅក្នុងរដ្ឋម៉ារីឡែន នាថ្ងៃអង្គារ ទី២៦មីនា។ ភ្លាមៗក្រោយហេតុការណ៍ ក្រុមសង្គ្រោះបានស្រង់មនុស្ស ២ នាក់។ ក្នុងនោះ ម្នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ អ្នកធ្វើដំណើរផ្សេងទៀតលើស្ពាននិងប្រជាពលរដ្ឋនៅរដ្ឋម៉ារីឡែន ភិតភ័យរន្ធត់ ប្រៀបបានទៅនឹងព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១កញ្ញា ដូច្នោះដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៩
ហេតុការណ៍នាវាដឹកនាំទំនិញបើកបុកសសរស្ពាននេះ កើតឡើង នៅថ្ងៃអង្គារ ម៉ោង១និង៣០នាទី ម៉ោងក្នុងរដ្ឋម៉ារីឡែន នៅត្រង់ប៉ែកនិរតីនៃទីក្រុងឧស្សហកម្មនិងកំពង់ផែបាល់ទីម័រ។ ស្ពានដ៏វែងនេះ ឈ្មោះ Francis Scott Key ឬស្ពានបាល់ទីម័រ មានចម្ងាយជាង ២គីឡូម៉ែត្រកន្លះ និងមានផ្លូវបួន ២ទៅ២មក។ ក្រោយហេតុការណ៍បុកបាក់ស្ពាន បំប៉ែកដែកជាច្រើនសន្ធឹក ធ្លាក់ចូលក្នុងទឹក ដែលនាំទាំងអ្នកដំណើរនិងឡានមួយចំនួន ទៅជាមួយផង។
អភិបាលរដ្ឋម៉ារីឡែន បានចេញក្រឹត្យប្រកាសអាសន្ន ហើយនិងសុំជំនួយអន្តរាគមន៍ពីនគរបាលសហព័ន្ធ។ ទន្ទឹមនឹងនេះ ចៅហ្វាយក្រុងបាល់ទីម័រ បានចាត់ទុកថាជាសោកនាដកម្មដ៏ធំធេង និងថា លោកនឹងខំប្រឹងប្រើគ្រប់មធ្យោបាយ ដើម្បីសង្គ្រោះនិងស្វែងរកអ្នកធ្លាក់លិចទឹក។ ក្រុមសង្គ្រោះបានប្រើយន្តហោះដ្រូន ឧទ្ធម្ភាគចក្រ និងអ្នកមុជទឹករាវរកអ្នកបាត់ខ្លួន។
ម្ចាស់ក្រុមហ៊ុនដាណឺម៉ាក់ និងអ្នកជំនាញផ្លូវសមុទ្រ កំពុងតែស្វែងរកមូលហេតុពិតនៃឧប្បត្តិហេតុនេះ។ ក្នុងពេលនេះ ប៉ូលិសអាមេរិក លើកឡើងថា គ្មានសញ្ញាតម្រុយ ណាមួយដែលអាចនាំឲ្យគេគិតដល់សកម្មភាពអំពើភេរវកម្មនោះទេ។
ការដាច់ស្ពាន នៅកន្លែងចរាចរណ៍ដឹកទំនិញក្នុងក្រុងកំពង់ផែដ៏សំខាន់នេះ បានធ្វើឲ្យសកម្មដឹកទំនិញ ត្រូវផ្អាកមួយរយៈ ទម្រាំរង់ចាំការអនុញ្ញាតបទបញ្ជាថ្មី។ អាជ្ញាធរអាមេរិក ក៏បានព្រមានអំពីផលវិបាកជះឥទ្ធិពលបះពាល់ដល់សេដ្ឋកិច្ចទៀតផង។
នាវាដឹកទំនិញបុកបាក់ស្ពាននោះ ជានាវាសិង្ហបុរីឈ្មោះ ដាលី មានប្រហែង ៣០០ម៉ែត្រ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដាណឺម៉ាក់។ នាវានេះ ត្រូវធ្វើចេញដំណើរពី ប៉ាល់ទីម័រអាមេរិក តម្រង់ឆ្ពោះទៅប្រទេស ស្រីលង្ការ។ បើតាមក្រុមហ៊ុនដឹកជញ្ជូន, បុគ្គលិកលើនាវា គ្មាននរណារងរបួសឡើយ។
ឋិតនៅចម្ងាយ៦០គីឡូម៉ែត្រ ពីរដ្ឋធានីវ៉ាស៊ីនតោន ស្ពានដ៏វែងនេះផ្តើមសាងសង់នៅឆ្នាំ១៩៧២ ហើយសម្ពោធនៅ៥ឆ្នាំបន្ទាប់ ដោយបានដាក់ឈ្មោះកវីនិពន្ធទំនុកច្រៀង ចម្រៀងជាតិអាមេរិក Francis Scott Key ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ