អេស្ប៉ាញសុខចិត្តហាមាត់ខ្ចីលុយ ៦២ពាន់លានអឺរ៉ូ
នៅថ្ងៃ ចន្ទ ទី ២៥ មិថុនានេះ អេស្ប៉ាញបានសរសេរ ជាផ្លូវការ សុំជំនួយហិរញ្ញវត្ថុពីតំបន់អឺរ៉ូ។ ក្រុមប្រទេសចាយប្រាក់អឺរ៉ូបានសម្រេច កាលពីថ្ងៃទី៩មិថុនាថា នឹងអាចផ្តល់ប្រាក់កម្ចី ១០០ពាន់លានអឺរ៉ូដល់អេស្ប៉ាញ។ ជាមួយផែនការទទួលជំនួយពី តំបន់អឺរ៉ូ អេស្ប៉ាញក្លាយជាប្រទេសទីបួន បន្តាប់ពីក្រិក អៀឡង់ និងព័រទុយហ្កាល់ ដែលទទួលជំនួយសង្រ្គោះពីមូលនិធិអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៨:២៩
កាលពីចុងសប្តាហ៍មុន កម្រិតការប្រាក់រដ្ឋអេស្ប៉ាញឡើងដល់៧ភាគរយ គឺខ្ពស់ជាងការប្រាក់របស់អ៊ីតាលីទៅទៀត។ ដោយសារតែការប្រាក់ខ្ពស់កប់ពពកអីចឹងហើយ បានជាអេស្ប៉ាញសុខចិត្ត លុតជង្គង់មករកខ្ចីលុយពីអឺរ៉ុបវិញ។
អេស្ប៉ាញធ្លាប់បានប្រកាសស្វាគមជំនួយរបស់អឺរ៉ុប ប៉ុន្តែ គ្រាន់តែជាការនិយាយ គ្មានលិខិតផ្លូវការ។ អេស្ប៉ាញមិនបានហារមាត់ បញ្ជាក់ចំនួនលុយដែលខ្លួនចង់ខ្ចី ព្រោះអេស្ប៉ាញនៅចង់រង់ចាំសវនកម្មរបស់ទីភ្នាក់ងារមួយដែលអេស្ប៉ាញបានជួលឲ្យត្រួតពិនិត្យឡើងវិញទៅលើប្រព័ន្ធធនាគារអេស្ប៉ាញ។ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ការងាររបស់ទីភ្នាក់ងារបានបញ្ចប់។ រដ្ឋាភិបាលអេស្ប៉ាញទើបបានបង្ហើបថា ធនាគាររបស់ខ្លួនត្រូវការទឹកប្រាក់ប្រមាណ ៦២ ពាន់លានអឺរ៉ូ ប៉ុណ្ណោះ គឺតិចជាងទឹកប្រាក់ដែលអឺរ៉ុបសន្យាឲ្យអេស្ប៉ាញខ្ចី ប្រមាណ ១០០ពាន់លានអឺរ៉ូ។
សម្រាប់អេស្ប៉ាញ ទឹកប្រាក់ ៦២ពាន់លានអឺរ៉ូ គឺជាតម្រូវការអតិបរមា ដែលគេត្រូវការដើម្បីផ្តល់ដើមទុនដល់ធនាគារអេស្ប៉ាញឡើងវិញ។ ប៉ុន្តែ បើតាមធនាគារកណ្តាលអេស្ប៉ាញ ទឹកប្រាក់ដែលធនាគារអេស្ប៉ាញអាចខាតបង់ ដោយសារតែអតិថិជន គ្មានលទ្ធភាពសងមកវិញ មានដល់ទៅ ១៨០ពាន់លានអឺរ៉ូឯណោះ គឺច្រើនជាងទឹកប្រាក់ដែលរដ្ឋអេស្ប៉ាញនឹងខ្ចីពីតំបន់អឺរ៉ូ ៣ដង។
យ៉ាងណាក៏ដោយ ដោយសារអេស្ប៉ាញមានត្រឹមវិបត្តិធនាគារ ប៉ុន្តែ មិនមែនវិបត្តិប្រាក់បំណុលធ្ងន់ធ្ងរ ដូច្នេះ អេស្ប៉ាញក៏មិនត្រូវបានអឺរ៉ុបចងជើងឲ្យធ្វើកំណែទម្រង់ អនុវត្តនយោបាយរឹតត្បឹតថវិកា ដូចក្រិក អៀឡង់ និងព័រទុយហ្កាល់ដែរ។ ម្យ៉ាងវិញទៀត អេស្ប៉ាញក៏បានអនុវត្តនយោបាយរឹតត្បិតថវិការួចហើយដែរ គឺមុននឹងការអំពាវនាវរបស់សហភាពអឺរ៉ុបទៅទៀត។ អេស្ប៉ាញបានសន្យាកាត់បន្ថយឧុនភាពថវិកាឲ្យបានត្រឹម៣ភាគរយ នៅឆ្នាំ ២០១៣។ នយោបាយរបស់អេស្ប៉ាញត្រូវតំបន់អឺរ៉ូស្វាគម និងលើកទឹកចិត្ត ព្រោះថា តាមរយៈផែនការរឹតត្បិតថវិកា ដោយកាត់បន្ថយចំណាយរដ្ឋ និងបង្កើនពន្ធលើប្រាក់ចំណូល រដ្ឋាភិបាលអេស្ប៉ាញ អាចនឹងសន្សំសំចៃលុយរដ្ឋបានប្រមាណ ៥០ពាន់លានអឺរ៉ូក្នុងរយៈពេល ៤ឆ្នាំទៅមុខ។
ប្រាក់បំណុលរបស់រដ្ឋអេស្ប៉ាញមានមិនដល់ ៦០ភាគរយផងនៃផលិតផលក្នុងស្រុកសរុប គឺនៅតិចជាងការកំណត់របស់អឺរ៉ុប គឺត្រឹម ៨០ភាគរយ។
អឺរ៉ុបមិនបានដាក់លក្ខខណ្ឌដល់អេស្ប៉ាញទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺអេស្ប៉ាញដែលដាក់លក្ខខណ្ឌទាមទារច្រើនពីម្ចាស់បំណុលរបស់ខ្លួនទៅវិញ។ ទីមួយ អេស្ប៉ាញចង់ឲ្យតំបន់ចាយប្រាក់អឺរ៉ូផ្តល់លុយឲ្យបានលឿនបំផុត បើអាចធ្វើទៅបាន។ រារែកក្នុងការខ្ចីលុយ ប៉ុន្តែ ដល់ពេលត្រូវការមែនទែន តាំងបង្ខំឲ្យអឺរ៉ុប ប្រញាប់ផ្តល់លុយឲ្យខ្លួនខ្ចីបានឆាប់ៗ។ មួយវិញទៀត អេស្ប៉ាញចង់បានប្រាក់កម្ចីដែលខ្លួនអាចមានសិទ្ធិ សងក្នុងរយៈពេល១៥ឆ្នាំ យ៉ាងតិច ហើយ ជាមួយការប្រាក់ប្រមាណពី៣ ទៅ ៤ភាគរយប៉ុណ្ណោះ។
រដ្ឋាភិបាលអេស្ប៉ាញនឹងធ្វើផែនការលម្អិតពីការបែងចែកប្រាក់ជំនួយរបស់តំបន់អឺរ៉ូ ឲ្យបានមុនថ្ងៃទី ៩កក្កដា ដែលជាថ្ងៃជួបប្រជុំរបស់ក្រុមប្រទេសតំបន់អឺរ៉ូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ