អាល្លឺម៉ង់និងចិន ចង់ពួតដៃសហការគ្នា ដើម្បីនាំមកនូវសន្តិភាពឲ្យអ៊ុយក្រែន
ក្នុងជំនួបជាមួយប្រមុខរដ្ឋចិន នៅរដ្ឋធានីប៉េកាំង លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ ថ្លែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីនាំមកនូវសន្តិភាពនៅអ៊ុយក្រែន។ ទន្ទឹមនឹងគ្នានេះ ភាគីចិន លោកប្រធានាធិបតីស៊ី ជីនពីង បញ្ជាក់ដែរ នៅថ្ងៃអង្គារ ទី១៦មេសា ថា ចិនមហាអំណាចសេដ្ឋកិច្ចលេខ២ ហើយអាល្លឺម៉ង់មហាអំណាចសេដ្ឋកិច្ចទី៣ គួរតែពួតដៃសហការគ្នាដើម្បីជំរុញសន្តិភាពនិងស្ថិរភាពនៅលើពិភពលោក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:០៤
សង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន ហើយនិងការគគ្រឺតកំញើញប្រដាប់អាវុធពីសំណាក់កងទ័ពរុស្ស៊ី បានជះឥទ្ធិពលផលអាក្រក់សម្បើមណាស់ ចំពោះសន្តិសុខសុវត្ថិភាពនៅអឺរ៉ុប។ នេះគឺជាប្រសាសន៍របស់លោក អូឡាហ្វ ស្ហុលស៍ អធិការបតីអាល្លឺម៉ង់ ដែលថ្លែងប្រកាសប្រាប់លោកប្រធានាធិបតី ស៊ី ជីនពីង ដោយបញ្ជាក់បន្ថែមថា សកម្មភាពរុស្ស៊ី ជះឥទ្ធិពលប៉ះពាល់ដោយផ្ទាល់ទៅដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់អឺរ៉ុប ព្រមទាំងបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ និងរំលោភបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ពិសេសគោលការណ៍មិនបំពានព្រំដែនរដ្ឋដទៃ។
ភាគីថ្នាក់ដឹកនាំចិន, បើតាមទូរទស្សន៍រដ្ឋចិន CCTV, ប្រធានាធិបតី ស៊ី ជីនពីង សង្កត់ធ្ងន់អំពីភាពចាំបាច់ដែលត្រូវនាំមកនូវសន្តិភាពនិងស្ថិរភាព ហើយជៀសវៀងក្រព័ទ្ធដៃមិនធ្វើអ្វីសោះ ហើយសម្ងំចាំតែកើបយកផលប្រយោជន៍យ៉ាងអាត្មានិយម។ លោក ស៊ី ជីនពីង ថែមទាំងអំពាវនាវទៀតផងថា «កុំចាក់សាំងលើភ្នក់ភ្លើងសង្គ្រាម»។ ចៅហ្វាយរបបក្រុងប៉េកាំង លើកឡើងដែរថា ចិនមហាអំណាចសេដ្ឋកិច្ចលេខ២ ហើយអាល្លឺម៉ង់មហាអំណាចសេដ្ឋកិច្ចទី៣ គួរតែពួតដៃសហការគ្នាដើម្បីជំរុញស្ថិរភាពនៅលើពិភពលោក។ ជាជំហានដំបូង បើតាមលោក ស៊ី ជីនពីង គឺសំខាន់បំផុត ត្រូវកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចសកលោក។ លោកប្រមុខរដ្ឋចិន ក៏ចាត់ទុកថា ជាការចាំបាច់ខ្លាំងណាស់ ដែលមហាអំណាចធំៗ ដូចជាអាល្លឺម៉ង់និងចិន សហការគ្នាដើម្បីទប់ស្កាត់ហានិភ័យនិងវិបត្តិសកល ដែលសហគមន៍អន្តរជាតិកំពុងតែជួបប្រទះ។
ក្នុងដំណើរទស្សនកិច្ចជាលើកទី២របស់អធិការបតីអាល្លឺម៉ង់នៅស្រុកចិន ចំនួន ៣ ថ្ងៃ លោក អូឡាហ្វ ស្ហុលស៍ លើកឡើងពីវិបត្តិអ៊ុយក្រែននេះ ក៏ដើម្បីឲ្យថ្នាក់ដឹកនាំចិនជួយនិយាយបញ្ចុះបញ្ចូលផ្លុំត្រចៀកថ្នាក់ដឹកនាំរុស្ស៊ី ឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ដ្បិតថា តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន នៅដើមឆ្នាំ២០២២មក ប្រទេសចិននិងរុស្ស៊ី រឹងរឹតតែពង្រឹងចំណងទាក់ទងយ៉ាងស្និទ្ធល្មួត។ ក៏ប៉ុន្តែ គេត្រូវដឹងថា ទោះប្រយោលឬដោយផ្ទាល់ក្តី រដ្ឋអំណាចចិនមិនដែលរិះគន់ថ្កោលទោសរុស្ស៊ីម្តងណាឡើយ អំពីការណ៍ដែលរុស្ស៊ី បញ្ឆេះភ្លើងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ ទោះយ៉ាងនេះក្តី ចំពោះអាល្លឺម៉ង់ រាល់គ្រប់ការដោះស្រាយសំណុំបញ្ហាវិបត្តិអន្តរជាតិនីមួយៗ គេពុំអាចនឹងមើលរំលងចិនបានសោះឡើយ។
ពេលកន្លងទៅ ប្រទេសចិនធ្លាប់បានអំពាវនាវឲ្យភាគីជម្លោះចរចាសន្ទនាគ្នា ហើយចិនជំទាស់ដាច់ខាតនឹងការប្រើអាវុធបរមាណូប្រល័យលោក ហើយជំរុញឲ្យគោរពបូរណភាពដែនដីប្រទេសនីមួយៗ មិនថានៅអ៊ុយក្រែននិងរុស្ស៊ីនោះឡើយ។
លើទិដ្ឋភាពសេដ្ឋកិច្ចពាណិជ្ជកម្ម, ប្រមុខរដ្ឋចិន ស៊ី ជីនពីង បានគូសបង្ហាញថា សារៈប្រយោជន៍នៃកិច្ចសហការសេដ្ឋកិច្ចរវាងចិននិងអាល្លឺម៉ង់ មិនត្រឹមតែនាំមកនូវការរីកចម្រើនទ្វេភាគីនោះទេ តែវានឹងផ្តល់ផលដល់សេដ្ឋកិច្ចដល់ទ្វីបអឺរ៉ុបនិងអាស៊ី ហើយនិងពិភពលោកទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ