ក្រុមប្រទេសG៧ ខ្វល់កាន់តែខ្លាំងរឿងចិនជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសនៃ៧ប្រទេសមានសេដ្ឋកិច្ចនាំមុខគេ ហៅកាត់ថាG៧ បានសេចក្តីថ្លែងការណ៍រួម នៅថ្ងៃសុក្រទី ១៩មេសា២០២៤នេះ បញ្ជាក់អំពីកង្វល់ដ៏ធំធេង ជុំវិញការផ្ទេរសម្ភារៈបរិក្ខារចិនទៅឱ្យរុស្ស៊ី។ ជំនួយចិននេះបានជួយពន្លឿនម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមក្រុមហ្សេ៧ដែលមកជួបប្រជុំគ្នានៅប្រទេសអ៊ីតាលី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៧
ជំនួបប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសហ្សេ៧ បានបិទបញ្ចប់នៅថ្ងៃសុក្រទី១៩មេសា២០២៤ ដោយប្រកាសបញ្ជាក់អំពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមហ៊ុនចិនដែលបានបញ្ជូនគ្រឿងបន្លាស់និងគ្រឿងបរិក្ខារជាច្រើនទៅឱ្យរុស្ស៊ី។ គ្រឿងសម្ភារៈមានបម្រើបម្រាស់ទ្វេ និងគ្រឿងបន្លាស់យោធាទាំងនោះ ត្រូវបានរុស្ស៊ីយកទៅប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពង្រឹងផលិតកម្មអាវុធរបស់ខ្លួន។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ្សេ៧ ដោយលម្អិតបន្ថែមទៀតថា ដោយសារជំនួយជាសម្ភារៈបរិក្ខារអាចប្រើក្នុងវិស័យយោធានេះ ឧស្សាហកម្មយោធារុស្ស៊ីត្រូវបានស្តារនិងរស់រវើកឡើងវិញ ហើយបានពន្លឿនម៉ាស៊ីនសង្គ្រាមឱ្យក្លាយជាទៅការគំរាមកំហែងអ៊ុយក្រែនផង និងគំរាមកំហែងសន្តិសុខព្រមទាំងសន្តិភាពអន្តរជាតិទាំងមូលផង។ ចិនត្រូវតែមានទំនួលខុសត្រូវបញ្ឈប់ការផ្តល់ជំនួយដល់រុស្ស៊ី ព្រោះទង្វើនេះនឹងរុញជម្លោះឱ្យលង់ផុងកាន់តែជ្រៅ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមហ្សេ៧ដដែល។
ចំណែកលោកអង់តូនីប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិកវិញ បានថ្លែងចោទប្រកាន់ដោយចំៗ ក្នុងសន្និសីទកាសែតក្រោយជំនួបហ្សេ៧ថា ចិនកំពុងចិញ្ចឹមដោយប្រយោលជម្លោះនៅអ៊ុយក្រែន។ ប្រសិនបើចិនចង់មានទំនាក់ទំនងជាមេត្រីភាពជាមួយអឺរ៉ុបនិងបណ្តាប្រទេសផ្សេងទៀត ចិនមិនអាចទៅចិញ្ចឹមភាគីម្ខាងទៀតដែលជាតំណាងគ្រោះថ្នាក់ដ៏ធំមិនធ្លាប់មានរបស់សហភាពអឺរ៉ុបបានទេ។ ហេតុដូច្នេះហើយបានជាប្រមុខការទូតអាមេរិកលោកអង់តូនី ប្លីងកិន បានកៀងគសម្ព័ន្ធមិត្ត ក្នុងក្រុមហ្សេ៧ជាមួយគ្នា ជាពិសេសគឺក្រុមប្រទេសនៅអឺរ៉ុប ត្រូវជួយដាក់សម្ពាធលើចិនឱ្យបន្ថយការផ្តល់ជំនួយយោធាដល់រុស្ស៊ី។
សហរដ្ឋអាមេរិក ដែលស្ថិតនៅក្នុងចង្កោមប្រទេសហ្សេ៧ ជាមួយជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ជាប្រធានផ្លាស់វេននាឆ្នាំនេះ បានអះអាងថាសង្កេតឃើញតាំងពីជាច្រើនខែមកហើយ សកម្មភាពផ្ទេររំលែកគ្រឿងសម្ភារៈបន្លាស់អាវុធពីចិនទៅរុស្ស៊ី ដែលអាចបំប៉នឧស្សាហកម្មអាវុធរបស់រុស្ស៊ី ហើយយកទៅប្រើនៅលើសមរភូមិប្រយុទ្ធលើទឹកដីអ៊ុយក្រែនទៀត។ ជាមួយនឹងពាក្យចោទប្រកាន់កាន់តែចំៗថាប៉េកាំងគាំទ្រម៉ូស្គូកាន់តែខ្លាំងឡើង ដោយពង្វាងផ្លូវ អាមេរិកយល់ថាចិនចាប់មានចំណងផ្ទាល់ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែនហើយ។ សម្រាប់វ៉ាស៊ីនតោន គំនូសក្រហមដែលលែងអនុគ្រោះបាននោះ គឺចិនមិនអាច ផ្គត់ផ្គង់អាវុធដោយផ្ទាល់ដល់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាមអ៊ុយក្រែនទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ