អានតួអត្ថបទ
រុស្ស៊ី

លោក ពូទីន ទទួល​ជួប​មេដឹកនាំ​ប៉ាឡេស្ទីន ក្រោយ​បាន​ជួប​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​

ថ្ងៃសៅរ៍​ទី​១៤កក្កដានេះ ប្រធានាធិបតី​រុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បាន​ទទួល​ជួបថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន​​លោក  Mahmoud Abbas នៅ​ទីក្រុង​ម៉ូស្គូ។ គឺ​ជំនួប​ដែល​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ពី​លោក ពូទីន​ បាន​ជួប​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បា​នពីរ​ថ្ងៃតែ​ប៉ុណ្ណោះ​។ តាម​រយៈ​ការ​ជួប​គ្នា​នេះ គឺ​ធ្វើ​ឲ្យ​គេ​មើល​ឃើញថា រុស្ស៊ី​របស់​លោក​ពូទីន ទំនង​ជា​ចង់​រួម​ចំណែក​លូក​ដៃ​សម្រុះ​សម្រួល​ទំនាស់​​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ខណៈ​ដែល​ប៉ាឡេងស្ទីន​​លែង​ទទួល​ស្តាប់​អាមេរិក​របស់​លោក​ត្រាំទៀត​ហើយ​។

លោក Mahmoud Abbas​ និង លោក ​Vladimir Putin ជួប​គ្នា​នៅ​ម៉ូស្កូ ថ្ងៃសៅរ៍​ ទី​១៤កក្កដា
លោក Mahmoud Abbas​ និង លោក ​Vladimir Putin ជួប​គ្នា​នៅ​ម៉ូស្កូ ថ្ងៃសៅរ៍​ ទី​១៤កក្កដា reuters
ផ្សាយពាណិជ្ជកម្ម

«ខ្ញុំ​មាន​ក្តីសប្បាយ​​រីយរា​យ​ជម្រាប​ដំណឹង​ថា ​ខ្ញុំ​​អាច​ជួប​ប្រាស្រ័យ​ទាក់ទង​នឹងថ្នាក់​ដឹកនាំ​ប្រទេស​ពីរ ដែល​ស្រុក​​ជិត​ខាង​គ្នានៅក្នុង​តំបន់​។ ខ្ញុំ​យល់​ច្បាស់​ណាស់ថា ស្ថានភាព​ក្នុង​តំបន់​នេះ វា​មិន​ងាយ​ស្រួល​ទេ​។ តែ​ខ្ញុំ​​ចង់​ប្រាប់ថា ខ្ញុំ​បាន​ឆ្លៀត​យកឱកាសនៃ​​ការ​ប្រកួត​កីឡាបាត់​ទាល់​ពិភព​លោក​នៅ​រុស្ស៊ី ដើម្បី​អញ្ជើញ​ថ្នាក់​ដឹកនាំ​ទាំង​នោះ​ មក​ម៉ូស្គូ។» នេះ​គឺជា​សេចក្តី​ថ្លែងការណ៍​​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​ចេញ​ផ្សាយ​ពី​វិមាន​ក្រេមឡាំង​។

ពី​ចំណែក​របស់​ថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន​​ លោក Mahmoud Abbas បានសម្តែង​​ក្តី​បារម្ភ​យ៉ាង​ខ្លាំងប្រាប់​សារព័ត៌មាន​រុស្ស៊ី​ថា លោកព្រួយ​យកតែមែន​ទែន​ពី​គម្រោងការ​​ដាក់​អាណានិមកិច្ច​របស់​អ៊ីស្រាអែល​ទៅលើ​ទឹក​ដែលកំពុង​​ដានកាប់​ដោយ​ប៉ាឡេស្ទីន​។ ហើយ​លោក អាបាស់ ចាត់ទុក​ថា ​រឿង​នេះ​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​អាជ្ញាធរ​​ប៉ាឡេស្ទីន។​ បន្ថែមពីនេះ ប្រមុខ​ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន​ ក៏​បាន​ថ្កោល​ទោស​អាមេរិក​ជា​ថ្មី​ម្តង​ទៀត​ ដែលអាមេរិក​​បាន​លើក​ស្ថានទូត​របស់​ខ្លួន​​ ទៅតាំងទី​នៅ​រដ្ឋធានី​ Jérusalem ។ ទង្វើ​ជា​ឯកតោ​ភាគី​របស់​អាមេរិក​នេះ គឺបង្កការ​​ឈ្លោះ​ទាស់គ្នា​​យ៉ាង​សម្បើម​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន រហូត​មាន​បាតុកម្មហិង្សា​ និងការ​បាញ់​ប្រហារសម្លាប់មនុស្ស​​តាម​បណ្តោយ​ព្រំដែន ពិសេស​គឺ​នៅ​តំបន់​ Gaza។

គួរ​រំម្លឹក​ជូន​ថា កាលពី​ថ្ងៃ​ពុធ គឺ​ ពីរ​ថ្ងៃ​មុន​លោក ពូទីន ជួប​លោក​ អាបាស់, ប្រមុខ​រដ្ឋ​រុស្ស៊ី បាន​ជួប​លោក នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ដើម្បី​និយាយ​គ្នា​ពី​ស្ថានភាព​វិបត្តិ​នៅ​ប្រទេស​ស៊ីរី ហើយ​ក៏​ជជែក​គ្នា​ដែរ ពី​ទំនាក់​ទំនង​ដ៏​តាន​តឹងរវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ អ្នក​វិភាគ​ស្ថានការណ៍​អន្តរជាតិ​​មើលឃើញថា រុស្ស៊ី​ចង់​ដើរតួ​ដោះ​ស្រាយ​ជម្លោះ​ក្នុង​តំបន់​នេះ ដ្បិតថាភាគី​ប៉ាឡេស្ទីនលែង​ស្តាប់​អាមេរិក​របស់​លោក​ត្រាំ​ទៀត​ហើយ។

តែយ៉ាងណាក៏ដោយ នៅក្នុង​ពេល​ដែល​លោក ពូទីន ជួប​លោក​ អាបាស់ នៅ​ម៉ូស្គូ, នៅ​តំបន់​​​ Gaza វិញ ការ​វាយ​ប្រហារ​គ្នាថ្មី​មួយ​បាន​កើត​ឡើង​​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៤កក្កដា​​។ ការប្រយុទ្ធគ្នា​នេះ​ បាន​​ធ្វើ​ឲ្យ​ជន​ជាតិ​ប៉ាឡេ​ស្ទីន​​ពីរ​នាក់​ស្លាប់ ហើយ​ជាង​២០០នាក់​រង​របួស។ ចំណែក​​ខាង​អ៊ីស្រាអែល ក៏​មាន​ទាហាន​ម្នាក់​ រង​របួស​​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ