យោងតាមអាមេរិក ប្រធានាធិបតីស៊ីរីអាចកំពុងរៀបចំការវាយប្រហារដោយអាវុធគីមីជាថ្មីទៀត
ល្ងាចថ្ងៃច័ន្ទម្សិលមិញ អ្នកនាំពាក្យសេតវិមានបានផ្តល់ដំណឹងថា ប្រធានាធិបតីស៊ីរី បាស្ហា អាល់ អាសាដ អាចកំពុងរៀបចំការវាយប្រហារដោយអាវុធគីមីជាថ្មីទៀត។ អាមេរិកព្រមានឆ្លើយតបទៅស៊ីរីវិញ បើមានការវាយប្រហារគីមីជាថ្មីទៀត។ អាមេរិកធ្លាប់បាញ់មីស៊ីល៥៩ដើមរួចហើយ ទៅលើមូលដ្ឋានទ័ពស៊ីរីកាលពីខែមេសា ក្រោយមានការវាយប្រហារដោយអាវុធគីមីនៅស៊ីរី សម្លាប់មនុស្ស៨៨នាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាមេរិកប្រាប់ថា បានរកឃើញថា រដ្ឋាភិបាលស៊ីរីកំពុងធ្វើសកម្មភាពដែលស្រដៀងនឹងសកម្មភាពរៀបចំការវាយប្រហារអាវុធគីមី កាលពីមុនថ្ងៃ៤មេសាដែរ។ ល្ងាចថ្ងៃចន្ទម្សិលមិញ លោកស្រី នីគី ហាឡី តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានព្រមានថា បើមានការវាយប្រហារដោយអាវុធគីមីជាថ្មីទៀត សម្លាប់ប្រជាជនស៊ីរី នោះគឺជាស្នាដៃរបស់ប្រធានាធិបតីអាសាដហើយ ហើយរុស្ស៊ី និងអ៊ីរ៉ង់ ក៏មានចំណែកក្នុងនោះដែរ។
គួររំលឹកថា ការវាយប្រហារដោយអាវុធគីមី នៅស៊ីរី កាលពីថ្ងៃ៤មេសា នៅក្រុងខាន់ ឈែកឃូន ខែត្រអ៊ីតឡេប ភាគពាយព្យស៊ីរី បានសម្លាប់មនុស្ស៨៨នាក់ ក្នុងនោះមានកុមារ៣១នាក់។ ប្រទេសលោកខាងលិចរិះគន់ស៊ីរីជាខ្លាំង។ យប់ថ្ងៃ៦មេសា អាមេរិកបានបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពស៊ីរីដល់ទៅ៥៩ដើម។ គួរបញ្ជាក់ថា អាមេរិកនៅតែសង្ស័យថា ប្រធានាធីបតីអាសាដ បានលួចស្តុកទុកអាវុធគីមី បំពានលើកិច្ចព្រមព្រៀងឆ្នាំ២០១៣ ដែលតំរូវអោយស៊ីរីកំទេចអាវុធគីមីអោយអស់ពីក្នុងស្រុក។ អ៊ីស្រាអែលចោទថា លោកអាសាដនៅមានអាវុធគីមីប៉ុនា្មនតោនក្នុងស្តុក។
មុនការវាយប្រហារដោយអាវុធគីមី ថ្ងៃ៤មេសាឆ្នាំនេះ កាលពីឆ្នាំ២០១៣ ស៊ីរីធ្លាប់រងការវាយប្រហារអាវុធគីមីសម្លាប់មនុស្សច្រើនបំផុតដែរ គឺការវាយប្រហារដោយឧស្ម័នពុលសារ៉ាំង កនៅជាយក្រុងដាម៉ាស ដែលកាលនោះបានសម្លាប់មនុស្សជាង១៤០០នាក់។ ប្រទេសលោកខាងលិចបានទំលាក់កំហុសលើលោកអាសាដ តែលោកអាសាដ និងរុស្ស៊ីតែងបដិសេធការចោទទាំងនេះ។
នៅស៊ីរី អាមេរិកធ្វើយុទ្ធនាការកំចាត់ក្រុមជីហាតរដ្ឋអ៊ីស្លាម និងជួយបំពាក់អាវុធកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងគាំទ្រក្រុមប្រយុទ្ធដែលស្អប់រដ្ឋាភិបាលស៊ីរី។ បញ្ហានេះធ្វើអោយទំនាក់ទំនង រវាងអាមេរិក ជាមួយស៊ីរី ក៏ដូចជាជាមួយរុស្ស៊ី និងប្រទេសជាមិត្តស៊ីរីកាន់តែតានតឹង។ ថ្ងៃ១៨មិថុនា កន្លងទៅ អាមេរិកបានបាញ់យន្តហោះកងទ័ពស៊ីរីមួយគ្រឿង ដោយចោទថា យន្តហោះស៊ីរីគំរាមកងកម្លាំងប្រជាធិបតេយ្យស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ