ONG ៖ ចំនួនជនស៊ីវិលស្លាប់ព្រោះប្រតិបត្តិការសម្ព័ន្ធអន្តរជាតិកើនឡើងទ្វេដង
អន្តរាគមន៍ផ្លូវអាកាសរបស់កងកម្លាំងសម្ព័ន្ធអន្តរជាតិដឹកនាំសហរដ្ឋអាមេរិក ដើម្បីកម្ទេចពួកជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី បានសម្លាប់ជនស៊ីវិលច្រើនណាស់ ! គិតក្នុងរយៈពេលមួយខែនេះ មានជនស៊ីវិលយ៉ាង៤៧២នាក់បានបាត់ជីវិត ពោលគឺជាចំនួនមួយទ្វេជាពីរបើប្រៀបទៅនឹងរយៈពេលដូចគ្នា កាលពីមួយខែមុន។ នេះបើតាមការគូសបញ្ជាក់របស់អង្គការសង្កេតការណ៍សិទ្ធិមនុស្សនៅស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៨
បើតាមអង្គការក្រៅរដ្ឋាភិបាលមួយនេះ ពីថ្ងៃទី ២៣ឧសភា ដល់ថ្ងៃទី ២៣មិថុនា ជារយៈពេលដែលមានជនស៊ីវិលស្លាប់ច្រើនជាងបង្អស់ គិតចាប់តាំងពីសម្ព័ន្ធអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការ កម្ចាត់ពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ ថ្ងៃទី ២៣កញ្ញា ២០១៤មក។
នៅរវាងពីថ្ងៃទី ២៣មេសា ដល់២៣ឧសភា ជនស៊ីវិល២២៥នាក់ បានស្លាប់ ហើយមួយខែបន្ទាប់មកទៀត ជីវិតជនស៊ីវិល៤៧២នាក់ ក្នុងនោះ ១៣៧នាក់ ត្រូវបានបញ្ចប់ដោយគ្រាប់កាំភ្លើងរបស់កងសម្ព័ន្ធមិត្តអន្តរជាតិ ដែលដៅទិសវាយប្រហារលើពីជីហាតនៅភាគខាងជើងនិងខាងកើតប្រទេសស៊ីរី។
បើតាមនាយកអង្គការអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី ចំនួនជនស៊ីវិលរងគ្រោះដល់ជីវិតដោយប្រតិបត្តិការយោធាផ្លូវអាកាស បានឡើងដល់១៩៥៣នាក់ ក្នុងនោះ ៤៥៦នាក់ជាកុមារ និង៣៣៣នាក់ជាស្ត្រី។
សម្ព័ន្ធអន្តរជាតិ តែងចេញធ្វើអន្តរាគមន៍លើអាកាស ដើម្បីជាជំនួយដល់កងកម្លាំងប្រយុទ្ធថ្មើរជើងនៃកងយុទ្ធជនប្រជាធិបតេយ្យស៊ីរី នៃកងកម្លាំងគួដឌីស្ថាន-អារ៉ាប នៅរ៉ាកា ជង្រុកដ៏ធំរបស់ពួកជីហាតរដ្ឋអ៊ីស្លាម។ សម្ព័ន្ធអន្តរជាតិ ក៏មានបេសកកម្មបើកប្រតិបត្តិការវាយប្រហារលើទីតាំងផ្សេងៗទៀតរបស់ពួកនេះនៅតាមខេត្ត ។
ដឹកនាំដោយសហរដ្ឋអាមេរិក សម្ព័ន្ធអន្តរជាតិ ដែលផ្សំដោយសមាជិកជាច្រើនប្រទេស រាប់ទាំងបារាំងមួយផង សុខចិត្តចូលធ្វើអន្តរាគមន៍យោធានៅស៊ីរី ក្នុងក្របខ័ណ្ឌអន្តរជាតិប្រយុទ្ធប្រឆាំងភេរវកម្ម។ សម្ព័ន្ធតែងប្រើគ្រប់វិធានការដើម្បីចៀសវាងវាយប្រហារទៅប៉ះពាល់ដល់ជនស៊ីវិល តែនៅតែមិនគ្រប់គ្រាន់។ សង្គ្រាមនៅស៊ីរីបានផ្ទុះឡើងនៅខែមីនា ២០១១ និងបានធ្វើឱ្យមនុស្សជាង ៣២០០០០នាក់ស្លាប់ និងជាច្រើនលាននាក់ក្លាយជាជនភៀសខ្លួន ឬបំល្លាស់ទី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ