អានតួអត្ថបទ
ស៊ីរី

ប្រធានាធិបតីស៊ីរី៖ អំពើ​ហិង្សា​នៅ​ស៊ីរី​បង្ក​ដោយ​ក្រុម​រួម​គំនិត​ក្បត់​បរទេស

នៅក្នុង​ពេល​ប្រទេស​កំពុង​ជួបការបះបោរ​របស់​ប្រជាជន ប្រធានាធិបតី​ស៊ីរី​លោក​Bachar Al Assad បាន​ថ្លែង​មិនទទួល​ស្គាល់​អំពើហិង្សា​ដែល​ទាហាន​រដ្ឋាភិបាល​របស់លោក​បាន​ ប្រើបង្រ្កាប​ទៅលើ​ប្រជាជន។ នៅក្នុង​សុន្ទរកថា មួយម៉ោង​កន្លះ ចាក់ផ្សាយ​តាម​ទូរទស្សន៍ នៅថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​ស៊ីរី​បាន​ប្រកាសថា ចលាចល​ក្នុង​ប្រទេស​ស៊ីរី​បង្ក​ឡើង​ដោយ​ការរួម​គំនិតក្បត់​របស់​ពួកបរទេស។ ការនិយាយ​ទម្លាក់កំហុស​ទៅលើ​ក្រុមបរទេស​ដែល​ធ្វើ​ឲ្យ​អាមេរិក និង​បារាំង​ចេញ​មុខ​ធ្វើ​ប្រតិកម្ម​ថ្កោលទោស​ជាបន្តបន្ទាប់។

ប្រធានាធិបតី ស៊ីរី​លោក​Bachar Al Assad ថ្លែង​សុន្ទរកថា​ចោទប្រកាន់​បរទេស​ថា​អ្នកចូលរួម​គំនិតក្បត់​បង្ក​ចលាចល​នៅស៊ីរី
ប្រធានាធិបតី ស៊ីរី​លោក​Bachar Al Assad ថ្លែង​សុន្ទរកថា​ចោទប្រកាន់​បរទេស​ថា​អ្នកចូលរួម​គំនិតក្បត់​បង្ក​ចលាចល​នៅស៊ីរី ©Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​មាន​ការបះបោរ និង​ការបង្រ្កាប​បង្ហូរឈាម ទៅលើ​ប្រជាជន នៅខែ​មីនាមក នេះ​ជា​លើកទី​៤​ដែល​ប្រធានាធិបតី​ស៊ីរី​ចេញ​មុខ​ថ្លែង​សុន្ទរកថា ជា​សាធារណៈ។ នៅក្នុង​សុន្ទរកថា​រយៈពេល​​១ម៉ោង ៤៥​នាទី ដែល​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ម្សិលមិញ ប្រធានាធិបតី​ស៊ីរី លោក​Bachar Al Assad មិនមាន​គំនិត​អ្វី​ថ្មី​ទេ និង​ហាក់​ដូចជា​មិន​រង្គោះរង្គើ​ចិត្ត ដោយ​វិបត្តិ​ដែល​កំពុង​កើតពេញ​ផ្ទៃប្រទេស​ទេ។

ប្រធានាធិបតី​ស៊ីរី​ហាក់​មិន​ដឹង មិន​ឮ​ពី​អំពើ​ហិង្សា​របស់​ទាហាន​ខ្លួន​ដែលបាន​​សម្លាប់​ប្រជាជន​ជាង ៥០០០​នាក់ ដែល​បាន​ចូលធ្វើ​បាតុកម្ម​ប្រឆាំង​តាំងពី​ខែមីនានោះ។ ផ្ទុយទៅវិញ លោក​ Al Assad បែរ​ជានិយាយ​ទម្លាក់​កំហុស​ទៅលើ​ក្រុមបរទេស ថា ជាអ្នកញុះញង់ និង​រួមគំនិត​ក្បត់​ជាមួយ​ក្រុមអ្នកប្រឆាំង​ស៊ីរី​ដើម្បី​បង្ក​ចលាចល នៅស៊ីរី។

លើសពីនោះ ប្រធានាធិបតី​ដែល​គ្មាន​ប្រជាប្រិយភាព និង​ដែល​ទទួល​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច បាន​ប្រកាស​មិន​ចុះចេញពី​អំណាច​ដូច​ដែល​សហគមន៍​អន្តរជាតិ​បាន​ទាមទារ​កន្លងមក។ លោក​ Al Assad  ដែល​ទទួល​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ ២០០០ បន្ត​ពី​ឪពុក បាន​សន្យា នៅថ្ងៃ​ម្សិលមិញ ផ្តល់​អាទិភាព ជាចំបង​ទៅលើ​វិស័យ​សន្តិសុខ និង​ចាត់​វិធានការ​កណ្តាប់ដៃដែក​ប្រឆាំង​ក្រុមដែល​រដ្ឋាភិបាល​ចោទ​ថា ជាក្រុមភេរវកម្ម។ សម្រាប់​លោក​ Al Assad បរាជ័យ​ក្នុង​ប្រទេស​ស៊ីរី ទៅក្នុង​ដៃ​របស់​ក្រុមប្រឆាំង គឺ​មាន​ន័យ​ស្មើ​ការដួល​រលំ​តំបន់​ដើមបូព៌ាទាំងមូល។

នៅក្រោយ​សុន្ទរកថា របស់​ប្រធានាធិបតី​ Al Assad អាមេរិក និង​បារាំង តាមរយៈ​អ្នកនាំពាក្យ និង​រដ្ឋមន្រ្តីក្រសួងការបរទេស បាន​ប្រតិកម្ម​តបវិញ។ លោក​Alain Juppé រដ្ឋមន្រ្តី​ការបរទេស​បារាំង​ដែល​ដើរតួនាទី​សំខាន់​ធ្វើ​ឲ្យ​មាន​អន្តរាគមន៍​ទ័ព​របស់​អូតង់ នៅប្រទេស​លីប៊ី បាន​និយាយ​ថា ប្រធានាធិបតី​ស៊ីរី​កំពុង​បដិសេធ​ការពិត និង​កំពុង​ញុះញង់​ឲ្យ​បែកបាក់​ផ្ទៃក្នុង​ដែល​ជា​ដើមហេតុ​នៃ​អំពើ​ហិង្សា។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​វិញ បាន​ចោទប្រកាន់​លោក​ Al Assad​ថា បដិសេធ​មិន​ទទួល​ខុសត្រូវ​លើ​អំពើ​ហិង្សា ដែល​បង្ក​ដោយ​ទាហាន​រដ្ឋាភិបាល​របស់ខ្លួន។ តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក ជន​បរទេស​ដែល​ប្រធានាធិបតី​ស៊ីរី​ចោទប្រកាន់​នៅពេលនេះ​ថា ជាអ្នករួមគំនិតក្បត់ គឺ​រួម​មាន​សម្ព័ន្ធអារ៉ាប់ គណបក្ស​ប្រឆាំង​ស៊ីរី និង​សហគមន៍​អន្តរជាតិ។ សម្ព័ន្ធ​អារ៉ាប់​ក៏​បាន​ថ្កោលទោស​រួចហើយដែរនៅថ្ងៃ​ម្សិលមិញ ពី​ការធ្វើទុក្ខ​បុកម្នេញ​របស់​ទាហាន​រដ្ឋាភិបាល​ទៅលើ​អ្នកសង្កេតការណ៍​របស់​សម្ព័ន្ធ​អារ៉ាប់ នៅស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ