អានតួអត្ថបទ
ស្វ៊ីស

ស្វ៊ីស​ចូលកាន់​តំណែង​ជា​ប្រធាន​ផ្លាស់វេន​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​

នៅ​ថ្ងៃ​ពុធ​១មករា ឆ្នាំថ្មី២០១៤​នេះ ប្រទេស​ស្វ៊ីស​បាន​ចូល​ខ្លួន​ជា​ប្រធាន​ផ្លាស់វេន សំរាប់​អាណត្តិ​​មួយឆ្នាំ​ ដើម្បី​គ្រប់គ្រង​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ហៅកាត់ថា​ អង្គការ​ OSCE។ ស្វ៊ីស​បន្ត​វេន​គ្រប់គ្រង​នេះ ពីប្រទេស​អ៊ុយក្រែន។ ប្រទេស​ស្វ៊ីស​រំពឹង​ថា​នឹង​ដោះស្រាយ​​បញ្ហា​សន្តិសុខ​ក្នុង​បណ្តា​ប្រទេស​សមាជិក​ទាំង​៥៧ អោយ​បាន​ចម្រើន​ជាងមុន។ ដោយឡែក នៅ​ថ្ងៃ​១មករា​នេះដែរ ប្រទេស​ឡេតតូនី បាន​ក្លាយ​ជា​សមាជិក​ទី១៨ នៃ​បណ្តា​ប្រទេស​ចាយវាយ​​​ប្រាក់​អឺរ៉ូ។

អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​លើកទី​២០​របស់​អង្គការ​ OSCE នៅ​ប្រទេស​អ៊ុយក្រែន ថ្ងៃ៥ធ្នូ ឆ្នាំ២០១៣
អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​លើកទី​២០​របស់​អង្គការ​ OSCE នៅ​ប្រទេស​អ៊ុយក្រែន ថ្ងៃ៥ធ្នូ ឆ្នាំ២០១៣ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ពុធ​១មករា​ឆ្នាំថ្មី​នេះ ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​សំរាប់​រយៈ​ពេល​មួយឆ្នាំ នៃ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ប្រទេស​ស្វ៊ីស​រំពឹង​ថា អង្គការ​នឹង​ដោះស្រាយ​ជម្លោះ​​នានា ​បន្ត​ប្រឆាំង​នឹង​ការគំរាម​​កំហែង​រវាង​បណ្តា​ប្រទេស​សមាជិក​នានា​ លើកតំកើង​សន្តិសុខ​​និង​ស្ថិរភាព​ ព្រមទាំង​​បង្កើត​​ផែនការ​ជួយ​យុវជន​អឺរ៉ុប​ផងដែរ។

គួររំលឹក​ថា អង្គការ​​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ហៅកាត់ថា OSCE ត្រូវ​បាន​បង្កើតឡើង​ ក្នុង​ឆ្នាំ​១៩៧៣ ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ក្នុងទិសដៅ​សំរួល​ការចរចា​រវាងបណ្តា​ប្រទេស​​​តំបន់​ខាងកើត និងខាងលិច។ ​អង្គការ​នេះ​មានសមាជិក​៥៧ប្រទេស ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក​ផងដែរ។

សម្រាប់ឆ្នាំ២០១៤​នេះដែរ អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប សង្ឃឹម​ថា​នឹង​ធ្វើអោយ​ការចរចា​​​​រវាង​ប្រទេស​អាមេនី និង​​អាល់ស៊ែរបៃហ្សង់ ជុំវិញ​ជម្លោះ​ដណ្តើម​តំបន់​ ណាហ្កូនី ការ៉ាបាក់ នោះ​ បាន​ជឿនលឿន​ទៅមុខ។ អាមេនី​និងអាល់ស៊ែរបៃហ្សង់​ឈ្លោះ​គ្នា​ដណ្តើម​តំបន់​នេះ ច្រើនទស្សវត្ស​មកហើយ។ តំបន់​ណាហ្កូនី ការ៉ាបាក់​ជា​តំបន់​ផ្តាច់ទឹកដី​ ស្ថិត​ក្នុង​ប្រទេស​អាល់ស៊ែរបៃហ្សង់ ប៉ុន្តែ តំបន់​នេះសំបូរ​ដោយ​ប្រជាជន​អាមេនី​រស់នៅ។ សង្គ្រាមក្នុង​ជម្លោះ​ទឹកដី​នេះ​ ​ បាន​ធ្វើ​អោយ​មាន​មនុស្ស​៣ម៉ឺននាក់​​ស្លាប់​បាត់បង់ជីវិត ចន្លោះឆ្នាំ ១៩៨៨ និង​ឆ្នាំ ១៩៩៤។

ដោយឡែក​ នៅថ្ងៃ​១មករា​ ឆ្នាំថ្មី២០១៤​នេះដែរ ប្រទេស​ឡេតូនី បានក្លាយ​ជា​​សមាជិក​នៃ​បណ្តា​ប្រទេស​ចាយវាយ​ប្រាក់អឺរ៉ូ។ ឡេតូនី​ជា​ប្រទេស​ទី​ពីរ​ក្នុង​ចំណោម​ប្រទេស​ទាំង៣​ក្នុងតំបន់​សមុទ្រ​បាល់ទិច និង​ជា​ប្រទេស​អតីត​កុម្មុយនិស្ត​ទី៤នៅ អឺរ៉ុប​កណ្តាល ដែល​បាន​ចូលខ្លួន​ចាយវាយ​លុយ​អឺរ៉ូ។ ចាប់ពី​ឆ្នាំ២០០៧មក ស្លូវេនី ស្លូវ៉ាគី និង​អេស្តូនី បាន​​ចូល​ជា​សមាជិក​បណ្តា​ប្រទេ​ស​តំបន់ប្រាក់អឺរ៉ូ​រួច​មកហើយ។

ឡេតូនី ​ចង់ចូល​ជា​សមាជិក​ប្រទេស​ចាយលុយ​អឺរ៉ូ តាំង​ពី​ឆ្នាំ២០០៨ម្ល៉េះ ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បាន​រាំងស្ទះ​​​ក្តី​សង្ឃឹម​នេះ។ ផលិតផល​សរុប​ក្នុង​ស្រុក​ឡេតូនី​ បាន​ធ្លាក់ចុះ​២៥ភាគរយ ពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩។ ប្រទេស​មួយនេះ​បាន​ប្រឹងប្រែង​ស្តារសេដ្ឋកិច្ច​ខ្លួនឡើងវិញ រហូត​បាន​ចូល​ជា​សមាជិក​បណ្តា​ប្រទេស​ចាយលុយអឺរ៉ូ នៅ​ឆ្នាំ២០១៤នេះ។ នៅ​ឆ្នាំ២០១៥ក្រោយនេះ លីទុយ​អានីនឹង​ក្លាយ​ជា​ប្រទេស​តំបន់​សមុទ្រ​បាល់ទិច​ចុងក្រោយ​គេ ដែល​ចូល​ជាសមាជិក​ប្រទេស​តំបន់​ប្រាក់អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ