អានតួអត្ថបទ
អូតង់

អូតង់​រៀបចំ​ធ្វើ​សមយុទ្ធ​កងកម្លាំង​ប្រតិកម្ម​រហ័ស​នៅ​ក្បែរ​រុស្ស៊ី

នៅ​ថ្ងៃ​សៅរ៍​ស្អែក​​នេះ អង្គការ​អូតង់​នឹង​ចាប់​បើក​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំមួយ នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ និង​ឡេតូនី ដែល​មាន​ព្រំដែន​ជាប់ជាមួយ​នឹង​ប្រទេស​រុស្ស៊ី។ សមយុទ្ធ​នេះ​រៀបចំ​ធ្វើឡើង នៅ​ក្នុងពេល​ដែល​ប្រទេស​មួយចំនួន ដែល​ជា​សមាជិក​អង្គការ​អូតង់ ហើយ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី កំពុង​តែ​ព្រួយបារម្ភ អំពី​​ល្បឿន​នៃ​ការ​បង្កើន​កម្លាំង​ទ័ព​របស់​រុស្ស៊ី ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល​ ប្រទេស​ប៊ែលហ្សិក
ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល​ ប្រទេស​ប៊ែលហ្សិក www.nato.int
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សមយុទ្ធ​រយៈពេល​ ៦ថ្ងៃ ចាប់ពីថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍ក្រោយ​នេះ កងកម្លាំងរបស់​អូតង់​ ដែល​គេ​ឲ្យឈ្មោះ​ថា កងកម្លាំង​ប្រតិកម្ម​រហ័ស (NATO Response Force) ​នឹង​ហាត់សម​អំពី​សេណារីយ៉ូ​ឆ្លើយតប​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ប្រទេស​ណាមួយ មកលើ​សមាជិក​របស់​ខ្លួន។

សមយុទ្ធ​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​ទាហាន​ប្រមាណ ៧០០០​នាក់ ដោយ​រួមមាន​ទាំង កងកុម្ម៉ង់ដូ រថក្រោះ យន្តហោះ​ចម្បាំង និង​នាវាចម្បាំង ហើយ​ក្នុងចំណោម​នោះ មាន​កងទ័ព​បារាំង​ចំនួន ១២០០នាក់។

កងកម្លាំង​ប្រតិកម្ម​រហ័ស​របស់​អូតង់​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ត្រៀម​ដាក់ពង្រាយ​ទៅ​គ្រប់​ទីកន្លែង ក្នុងករណី​ចាំបាច់ និង​បន្ទាន់។ ក៏ប៉ុន្តែ សមយុទ្ធ​ដែល​បើក​ធ្វើ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​ឡេតូនី​ពេលនេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សមយុទ្ធ ដើម្បី​ធ្វើ​តេស្ត៍​មើល​អំពី​សមត្ថភាព​របស់​អូតង់​ ក្នុងការ​ពង្រាយ​កងកម្លាំង​ប្រតិកម្ម​រហ័ស ទៅកាន់​ប្រទេស​សមាជិក នៅ​អឺរ៉ុប​ខាង​កើត ជាប់នឹង​ប្រទេស​រុស្ស៊ី។

នៅ​ក្នុងពេល​បច្ចុប្បន្ន​​នេះ បណ្តា​ប្រទេស​សមាជិក​អូតង់ ដែល​នៅ​ក្បែរ​ព្រំដែន​រុស្ស៊ី កំពុង​តែ​ព្រួយ​បារម្ភ​ ដោយ​មើលឃើញ​ថា រុស្ស៊ី​បាន​បង្កើន​កម្លាំង​ទ័ព​របស់​ខ្លួន​យ៉ាងលឿន​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

កាលពី​ឆ្នាំ​ទៅមិញ រុស្ស៊ី​បាន​ប្រកាស​បង្កើន​ថវិកា​ការពារជាតិ​របស់​ខ្លួន​រហូត​ដល់​ទៅ​ ២៥% ហើយ​ការចំណាយ​ក្នុង​វិស័យ​ការពារជាតិ​រុស្ស៊ី​បាន​កើនឡើង​លើស​បារាំង និង​អង់គ្លេស។ រុស្ស៊ី​គ្រោង​ចំណាយលុយ​ប្រមាណ​ជា ៥១៥ពាន់លាន​ដុល្លារ ពីពេលនេះ​រហូតដល់​ឆ្នាំ​២០២០ ដើម្បី​បំពាក់​គ្រឿងសព្វាវុធ​ទំនើបៗ​ដល់​ទាហាន​របស់​ខ្លួន​ប្រមាណ​ជា ៧០ម៉ឺន​នាក់។ រថក្រោះ​ចំនួន ២៣០០គ្រឿង ឧទ្ធម្ភាគចក្រ ១២០០គ្រឿង នាវាចម្បាំង ១៥គ្រឿង និង​នាវាមុជទឹក ២៨គ្រឿង​នឹង​ត្រូវ​ផលិត និង​ដាក់​ឲ្យ​ដំណើរការ​ជា​ជំហានៗ។

មួយថ្ងៃ​មុន​ពេល​បើក​សមយុទ្ធ​​របស់​អូតង់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ឡេតូនី ដែល​ជា​ម្ចាស់ផ្ទះ​មួយ​ជាមួយ​នឹង​ប៉ូឡូញ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា “នៅ​ក្នុងរយៈពេល​ ៥ឆ្នាំ​ចុងក្រោយ​នេះ រុស្ស៊ី​ហាក់​បាន​បង្ហាញ​នូវ​ឥរិយាបថ​កាន់តែ​ក្រអឺតក្រទម​ឡើង នៅ​ក្នុង​តំបន់​បាល់ទិក ដោយគ្មាន​កោតក្រែង​អ្នកណា ហើយ​ថា សមយុទ្ធ​របស់​កងកម្លាំង​ប្រតិកម្ម​រហ័ស​អូតង់​ពេលនេះ មាន​សារៈសំខាន់​​សម្រាប់​ឡេតូនី ពីព្រោះ​ វា​ជា​ឱកាស​ ដើម្បី​ហាត់សម​ក្នុង​ការការពារ​ទឹកដី​របស់​យើង”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ