អានតួអត្ថបទ
កម្ពុជា

ប្រជាពលរដ្ឋ​បឹងកក់​ ដាក់​ញត្តិ​ ទៅ​ធនាគារ​ពិភពលោក​ សុំ​អោយ​​​ផ្អាក​​ជំនួយ​ ដល់​រដ្ឋាភិបាល​

កាល ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ ប្រមាណ ៥០ នាក់ បាន​ប្រមូលផ្តុំ លើក​​បដា នៅមុខ​ទីស្នាក់ការ​កណ្តាល ធនាគារពិភពលោក ខាង ជើង​វិមានឯករាជ្យ ជិត​ផ្ទះ​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង ទីក្រុង ភ្នំពេញ។ ក្រុម អ្នកភូមិ បឹងកក់ បាន ដាក់​ញត្តិ​ស្នាម​មេដៃ និង​ចូល ជួបតំណាង​ធនាគារពិភពលោក ដែល​​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​​ស្នើសុំ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី នៅ​បឹង​កក់ និង​ស្នើសុំ​ដោះលែង​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និង​ស្ត្រី​បុរី​កីឡា អ្នកស្រី ទឹម សាក់​មុនី ដែល​រង​ការចោទប្រកាន់។ ក្រុមអ្នកភូមិ ក៏បាន ទទូច ស្នើសុំដល់ ធនាគារពិភពលោក ឲ្យ ពិចារណា​ឡើងវិញ និង​បន្ត​បង្កក​ជំនួយ ឬក៏​ប្រាក់កម្ចី ដល់​រដ្ឋាភិបាល​កម្ពុជា បើ​សិន​ជា​ជម្លោះ​ដីធ្លី​របស់​ពួកគេ មិន​ត្រូវ​បាន​រដ្ឋាភិបាល ដោះ​ស្រាយ​ទេ​នោះ។

ប្រជាពលរដ្ឋ​បឹងកក់​ សុំអោយ​​ធនាគារ​ពិភពលោក​​​​​ផ្អាក​​ជំនួយ​ ដល់​រដ្ឋាភិបាល​
ប្រជាពលរដ្ឋ​បឹងកក់​ សុំអោយ​​ធនាគារ​ពិភពលោក​​​​​ផ្អាក​​ជំនួយ​ ដល់​រដ្ឋាភិបាល​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ញត្តិ​របស់​អ្នកភូមិ​បឹងកក់ ដែល​ភ្ជាប់​ស្នាម​មេដៃ តំណាង​ចំនួន ៣១ នាក់ ដាក់​ជូន​លោក​ស្រី​នាយិកា នៃ​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា មាន​កម្មវត្ថុ ស្នើ​សុំ​អន្តរាគមន៍​ពី​ធនាគារ​ពិភពលោក និង​ការ​បញ្ជាក់​ពី​ជំហរ​របស់​អ្នក​ភូមិ​បឹងកក់ ទាំង ៧ ភូមិ​។​

ក្នុង​ញត្តិ​បង្ហាញថា  ថ្មីៗនេះ អ្នកភូមិ បាន​ទទួល​ដំណឹង​ថា ធនាគារ ពិភពលោក នឹង​ពិចារណា​ដល់​ការ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ជូន​រាជរដ្ឋាភិបាល​បន្ត​ទៀត ដោយ​បាន​សង្កត់​ថា អ្នក​ភូមិ​បឹងកក់ ផ្តោត​​​​ការ​យកចិត្ត​ទុកដាក់​លើ​សំណង​លុយកាក់ ជាជាង​ការទាមទារ​ប្លង់​កម្មសិទ្ធិ​រស់នៅ​។​ ក៏​ប៉ុន្តែ​​​ក្រុម​អ្នកភូមិ​បឹងកក់ បាន​គូស​បញ្ជាក់ថា អ្នកភូមិ​បឹងកក់​ដែលសេសសល់​ពីការរុះរើ​លំនៅដ្ឋាន មិនបានទទួលសំណង​ ពី​គម្រោង​​​អភិវឌ្ឍន៍​នៅបឹងកក់​ទេ ហើយ​អ្នកភូមិ ចង់​បាន​តែ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ដើម្បី​រស់នៅ​លើ​ដី ១២,៤៤ ហិកតា ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន បាន​សំរេច កាត់​ចេញ​ពី​ដី​ក្រុមហ៊ុន ១៣០ ហិកតា កាលពី​ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ​២០១១។

បន្ទាប់​ពីជួប​ប្រជុំ​ជាមួយ​តំណាង​ធនាគារ​ពិភពលោក អស់ពេល​ជាង ២ ម៉ោង អ្នកស្រី ហេង មុំ ជា​អ្នកភូមិ​បឹងកក់​ម្នាក់ ដែល​បាន​ចូល​ជួប​តំណាង​ធនាគារ​ពិភពលោក ជាមួយនឹង​អ្នក​ភូមិ​បឹងកក់ ៨ នាក់​ផ្សេង​ទៀត បាន​ថ្លែងថា  អ្នកភូមិ​ស្នើ​ឲ្យ​ធនាគារ​ពិភពលោក ពិចារណា​លើការ​សម្រេច​​​ផ្តល់​ជំនួយ ឬក៏​ប្រាក់កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា បើសិនជា​បញ្ហា​ដីធ្លី​នៅ​បឹងកក់ មិន​ទាន់​បាន​ដោះស្រាយ។

អ្នកស្រី ហេង មុំ បាន​គូស​បញ្ជាក់ថា "​ពួក​ខ្ញុំ​មិន​ជំទាស់​នឹង​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល ដែល​ខ្ចី​ធនាគារ​ពិភពលោក​នោះទេ។ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ថា សូមឲ្យ​ធនាគារ​ពិភពលោក ដែល​ទម្លាក់​ប្រាក់​កម្ចី​ទាំងឡាយ​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សូម​ឲ្យ​គាត់​ពិចារណា និង​ធ្វើការ​តាមដាន​រាល់​ជំនួយ​របស់​គាត់ តើ​បាន​ដល់ដៃ​ប្រជាពលរដ្ឋ​ដែរ ឬ​អត់? ហើយ​ខ្ញុំ​ចង់​បញ្ជាក់ប្រាប់​ធនាគារ​ពិភពលោក​ថា ប្រជាពលរដ្ឋ​ទាំងអស់​នៅ​តំបន់​បឹងកក់​នឹង មិន​ទាន់​បាន​ជោគជ័យ គ្រប់​គ្រួសារ​នៅឡើយ​ទេ។ ដូច្នេះ​ខ្ញុំ​ថា មិន​ឲ្យ​គាត់​ផ្តាច់​ជំនួយ​ទេ តែ​សូម​ឲ្យ​គាត់ ( ធនាគារ​ពិភពលោក ) ជួយ​ដល់​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ ដោយ​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យធ្វើ​យ៉ាងណា​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួក​ខ្ញុំ។ រាល់​ការ​ជួយ​របស់​ធានាគារ​ពិភពលោក កន្លងមក​នេះ វា​បាន​ជោគជ័យ​ជាង​​ពាក់កណ្តាល​ហើយ គឺ​នៅសល់​តែ​បន្តិច​ទៀត​ទេ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​គាត់ ជួយ​ពួក​ខ្ញុំ​បន្ត​ទៅ​ទៀត។ នៅពេលណា ពួកខ្ញុំ​បាន​ទទួល​ប្លង់​កម្មសិទ្ធិ ហើយ​មាន​ការដោះលែង​អ្នកស្រី យ៉ោម បុប្ផា និង​បោះ​ព្រំប្រទល់​ដី​រួចហើយ គឺ​ធនាគារ​ពិភពលោក ទម្លាក់​ជំនួយ​មក​រដ្ឋាភិបាល គឺជា​រឿង​របស់​គាត់ ជាមួយ​រដ្ឋាភិបាល។ តែ​ក្នុង​ពេល​នេះ រាល់​ការទម្លាក់​ជំនួយ​នឹង សូមឲ្យ​ធនាគារ​ពិភពលោក តាមដាន​សាជាថ្មី​ឡើងវិញ ព្រោះ​អី ប្រជាពលរដ្ឋ ពួកខ្ញុំ មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​"។

សូម​រម្លឹកថា ក្នុង​ពេល​កន្លងមក ធនាគារ​ពិភពលោក បាន​បង្កក​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​ជម្លោះដីធ្លី​នៅ​បឹង​កក់។​ ដី​តំបន់​បឹងកក់​ទំហំ ១៣០ ហិកតា ត្រូវ​បាន​រដ្ឋាភិបាល ប្រគល់​ឲ្យ​ក្រុមហ៊ុន ស៊ូ​កា​គូ អ៊ិន អភិវឌ្ឍន៍​ជា​ទីក្រុង​រណប កាលពី​ឆ្នាំ​២០០៧។ ចាប់តាំងពី​ពេលនោះ មក​មាន​ប្រជាពលរដ្ឋ​ជាង ៤.០០០ គ្រួសារ ត្រូវ​ប្រឈម​នឹង​ការរុះរើ​លំនៅដ្ឋាន ដោយ​ទទួលបាន​សំណង​ត្រឹមតែ ៨.៥០០ ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​គ្រួសារ។

ចុងក្រោយ​នេះ មាន​ប្រជាពលរដ្ឋ​ជិត ១.០០០ គ្រួសារ បាន​ក្រាញ​ននៀល តវ៉ា​មិន​ព្រម​ទទួល​សំណង​នោះ និង​ទាមទារ​ឲ្យ​មាន​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ ទី​បំផុត​ទៅ កាលពីថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ២០១១ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​យល់ព្រម​​កាត់​ដី​ទំហំ ១២,៤៤ ហិកតា ចេញ​ពី​ទំហំ ១៣០ ហិកតា សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ផ្ទះ​ដដែល ដោយ​គ្មាន​ការរុះរើ។​ ប៉ុន្តែ​ជម្លោះ​មិន​បាន​បញ្ចប់​ទេ​។ មូលហេតុ មក​ពី​ប្រជាពលរដ្ឋ ចង់ឲ្យ​មាន​ការបោះ​បង្គោ​ល កំណត់​ព្រំ​ដី​ទំហំ ១២,៤៤ ហិកតា សម្រាប់​ប្រជាពលរដ្ឋ ឲ្យបាន​ច្បាស់លាស់ និង​កុំឲ្យ​មាន​ការ​កាត់​ឈ្មោះ​ប្រជាពលរដ្ឋ ប្រមាណ ៥៧ គ្រួសារ ចេញពី​ដី​ទំហំ ១២,៤៤ ហិកតា ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​។​

ក៏ប៉ុន្តែ​ទោះជា​មាន​ការ​ដើរ​ហែក្បួន​តវ៉ា​យ៉ាង​ណា​ក៏​ដោយ ក៏​អាជ្ញាធរ និង​រដ្ឋាភិបាល មិន​ព្រម​ដោះស្រាយ​បញ្ចប់​ជម្លោះ លើ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ