អានតួអត្ថបទ
អង្គការFAO - ចំណីអាហារ

ការ​ខ្ជះខ្ជាយ​ចំណី​អាហារ​ប៉ះពាល់​ខ្លាំង​ដល់​បរិដ្ឋាន​

នៅថ្ងៃ​ពុធ​នេះ អង្គការ​​ទទួលបន្ទុក​កសិកម្ម ​និង​ម្ហូប​អាហារ​​​នៃ​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា ​​FAO ​បាន​​​​បង្ហាញ​​របាយការណ៍​មួយ​ ស្តី​ពី​ការខ្ជះខ្ជាយ​ចំណីអាហារ​​ដែលមិនត្រឹមតែ​ធ្វើ​អោយ​បាត់ប្រាក់ចំណូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ផ្តល់​ផលប៉ះពាល់​ដល់​បរិដ្ឋាន ហើយ​អ្នក​ដែលរងគ្រោះ​នោះ គឺ​កូនចៅ​ជំនាន់ក្រោយ​នេះឯង។

នៅលើ​ពិភពលោកទាំងមូល​ មាន​មនុស្ស​៨៧០លាននាក់ កំពុង​​តែ​​ខ្វះខាត​រកអ្វី​ហូប​ពុំបាន។
នៅលើ​ពិភពលោកទាំងមូល​ មាន​មនុស្ស​៨៧០លាននាក់ កំពុង​​តែ​​ខ្វះខាត​រកអ្វី​ហូប​ពុំបាន។ REUTERS/Youssef Boudlal
ផ្សាយពាណិជ្ជកម្ម

យោងតាម​​​របាយការណ៍​អង្គការ​​​FAO លើកឡើង​នៅថ្ងៃ​ពុធ​ម្សិលមិញនេះ ជារៀងរាល់ឆ្នាំ​ មាន​ចំណីអាហារ​បិរមាណ​ជាង​មួយពាន់​លានតោន ត្រូវ​បាន​គេ​ខ្ជះខ្ជាយ​លែងប្រើប្រាស់។ បើ​គិត​ជាទឹកប្រាក់ គឺ​មាន​ដល់ទៅ​៧៥០​ពាន់លានដុល្លារ​ឯណោះ ដែល​មនុស្ស​យើង​បាន​បោះចោល​ទៅ​ក្នុង​ធុងសំរាម។ ដោយឡែក នៅពេល​ដែល​យើងខ្ជះខ្ជាយ​ចំណីអាហារ​ដ៏សន្ធឹកសន្ធាប់​បែបនេះ នៅលើ​ពិភពលោកទាំងមូល​ មាន​មនុស្ស​៨៧០លាននាក់ កំពុង​​តែ​​ខ្វះខាត​រកអ្វី​ហូប​គ្មាន។

ការខ្ជះខ្ជាយនេះ​មិនត្រឹម​តែ​បាន​ធ្វើអោយ​បាត់បង់​ប្រាក់កាស​ប៉ុណ្ណោះ​​ទេ ថែមទាំង​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិដ្ឋាន ដល់​សុវត្ថិភាព​​ចំណីអាហារ​ និង​សុវត្ថិភាព​ទូទៅផងដែរ។ ជារៀងរាល់ឆ្នាំ ចំណីអាហារ​ដែល​មិនបាន​បរិភោគ​ទាល់តែសោះ បាន​​​រលាយ​​ទៅជាទឹក​​ ដែល​ជា​មូលហេតុ​​នៃការ​បញ្ចេញ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ទៅក្នុងបរិយាកាស​​​ ក្នុង​បរិមាណ​រហូត​ជាង​៣ពាន់លាន​តោន។ នេះជា​​ការប៉ះពាល់​បរិដ្ឋាន​កម្រិត​ខ្ពស់​ ដែល​អ្នកដែលរងគ្រោះ​​នោះ​ គឺ​​​កូនចៅ​ជំនាន់​ក្រោយ​របស់​យើងគ្រប់គ្នា​នេះហើយ។

នៅតាម​ប្រទេស​​ឧស្សាហកម្ម​ធំៗ ដូចជា​ ចិន​ ជប៉ុន និង​កូរ៉េ​ខាងត្បូង ប្រជាជន​ម្នាក់​បាន​ខ្ជះខ្ជាយ​ចំណីអាហារ​ជិត​២០០គីឡូក្រាម​​ ក្នុង​មួយឆ្នាំ។ រីឯ​​​ប្រទេសកំពុង​​អភិវឌ្ឈន៍វិញ​​ ច្រើន​រងការ​​ខាតបង់​​ចំណីអាហារ​​​ នៅក្នុង​ដំណើរការ​ផលិត​ផ្នែក​កសិកម្ម។ រីឯ​នៅតាម​តំបន់​ដែល​ប្រជាជន​មាន​ប្រាក់​ចំណូល​រាងខ្ពស់​បន្តិច​នោះ​ ច្រើន​មានការ​ខ្ជះខ្ជាយ​នៅ​ពេល​លក់ដូរ រឺ​ក៏​បង្កដោយ​អ្នក​ទទួលទាន​ចំណីអាហារ​ផ្ទាល់​តែម្តង។ ផ្ទុយទៅវិញ ម្ហូបអាហារ​ដែល​​ខ្ជះខ្ជាយ​នៅទូទាំង​ពិភពលោក​​​​ត្រឹមតែ​បរិមាណ​១ភាគ​ ៣ប៉ុណ្ណោះ​ ​​ គឺ​អាច​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​ការអត់ឃ្លាន​ បាន​ដល់​៨៧០​លាន​នាក់។

ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ​តាម​សំណូមពរ​​អង្គការ​FAO អាទិភាព​សំខាន់​គឺ​ថា​ ដាច់ខាត កុំខ្ជះខ្ជាយ​ម្ហូបអាហារ​​ រឺ​ថា​​បើ​យើង​លែងត្រូវការ​វា យើងអាច​​ផ្តល់វា​ជួយ​​​​​ជន​ក្រីក្រ។​ រឺ​ក៏​​យកអាហារ​ដែល​ស្អុយ​រលួយ​​ទៅផលិត​ជាជី​ដើម្បី​ជួយអោយដី​មាន​ជីជាតិល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ