អានតួអត្ថបទ
បារាំង-អាឡឺម៉ង់-រុស្ស៊ី

បារាំង និង​អាឡឺម៉ង់​កំពុង​អូសទាញ​រុស្ស៊ី​ឲ្យ​ងាក​មក​លោក​ខាង​លិច

ប្រមុខរដ្ឋាភិបាល​អាឡឺម៉ង់ លោកស្រី អង់ហ្កេឡា មែរកិល (Angela Merkel) ប្រធានាធិបតី​បារាំង លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) និង​ប្រធានាធិបតី​រុស្ស៊ី លោក​ឌីមីទ្រី មេដវេដេវ (Dmitri Medvedev) នឹង​បើក​ធ្វើ​ជំនួបកំពូល​ត្រីភាគី រយៈពេល ២ថ្ងៃ នៅ​ថ្ងៃ​ចន្ទ ទី១៨ និង​អង្គារ ទី១៩ តុលា ២០១០​នេះ នៅ​ក្នុង​ប្រទេស​បារាំង។ ប្រធានបទ​ចម្បង​បំផុត នៃ​ជំនួបកំពូល​នេះ គឺ​​ការ​ជជែក​ពិភាក្សា​គ្នា ស្តីអំពី​បញ្ហា​សន្តិសុខ​នៅ​អឺរ៉ុប។

ពីឆ្វេង​ទៅស្តាំ៖ លោក ឌីមីទ្រី ​មេដវេដេវ (Dmitri Medvedev), លោកស្រី​អង់ហ្កេឡា មែរកិល (Angela Merkel) និង​លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy)
ពីឆ្វេង​ទៅស្តាំ៖ លោក ឌីមីទ្រី ​មេដវេដេវ (Dmitri Medvedev), លោកស្រី​អង់ហ្កេឡា មែរកិល (Angela Merkel) និង​លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ©AFP
ផ្សាយពាណិជ្ជកម្ម

05:00

បទវិភាគ​របស់ សេង ឌីណា

នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ រុស្ស៊ី បាន​បង្ហាញ​នូវ​ជំហរ​ ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​​​​លោក​ខាងលិច ដែល​ជា​អតីតគូ​​សត្រូវ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ ការ​ចូលរួម​ដាក់ទណ្ឌកម្ម​លើ​អៀរ៉ង់ ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ គឺ​ជា​ភស្តុតាង​ស្រាប់។ បារាំង និង​អាឡឺម៉ង់ ចង់​ឆ្លៀត​ឱកាស​នេះ ទាក់ទាញ​រុស្ស៊ី​ឲ្យ​​ចូល​​​ជិត​លោកខាងលិច កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត។

ក្រៅ​ពី​បញ្ហា​ថាមពល និង​សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​សន្តិសុខ រវាង​រុស្ស៊ី និង​សហភាព​អឺរ៉ុប គឺ​ជា​ប្រធានបទ​ដ៏​ចម្បង នៅ​ក្នុង​ជំនួប​កំពូល​ត្រីភាគី បារាំង-អាឡឺម៉ង់-រុស្ស៊ី នៅ​ទីក្រុង​ដូវីល (Deauville) ប្រទេស​បារាំង នៅពេល​នេះ។

រុស្ស៊ី​កំពុង​តែ​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប​លើក​លែង​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ រុស្ស៊ី ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​សហភាព​អឺរ៉ុប។ ក្នុង​វិស័យ​សន្តិសុខ​វិញ រុស្ស៊ី​ចង់​ឲ្យ​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ ​បង្កើត​ជា​សម្ព័ន្ធភាព​ផ្លូវការ​រវាង​សហភាព​អឺរ៉ុប និង​រុស្ស៊ី។

បារាំង និង​អាឡឺម៉ង់ ក៏​មាន​បំណង​ចង់​ឲ្យ​​សហភាព​អឺរ៉ុប បង្កើន​ទំនាក់ទំនង​ផ្នែក​សន្តិសុខ​ជាមួយ​នឹង​រុស្ស៊ី​ដែរ ក៏ប៉ុន្តែ មិនចង់​ឲ្យ​បង្កើត​ជា​សម្ព័ន្ធភាព​ផ្លូវការ​នោះទេ។ តាមគំនិត​ផ្តួចផ្តើម​ឡើង​ដោយ​ ​អាឡឺម៉ង់ ហើយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​បារាំង គេ​ចង់​បង្កើត​ជា​គណៈកម្មាធិការ​រួមសហភាព​អឺរ៉ុប-រុស្ស៊ី​ ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ និង​នយោបាយ។ គណៈកម្មាធិការ​នេះ នឹង​​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី រដ្ឋមន្រ្តី​ការបរទេស​​ទាំង ២៧ នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប និង​រដ្ឋមន្រ្តី​ការបរទេស​សហភាព​អឺរ៉ុប។

ទាំងនេះ សុទ្ធសឹង​ជា​បញ្ហា ដែល​នឹង​​ត្រូវ​ដាក់​ចូល​ក្នុង​របៀបវារៈ នៃ​ជំនួបកំពូល​ត្រីភាគី នៅ​​ដូវីល​។ បារាំង និង​អាឡឺម៉ង់ ក៏គ្រោង​បញ្ចុះបញ្ចូល​រុស្ស៊ី​ឲ្យ​ឈប់​ប្រឆាំង​នឹង​​គម្រោង​សាងសង់​ខែល​ ការពារមីស៊ីល​របស់​អង្គការ​អូតង់ នៅ​អឺរ៉ុប ផងដែរ។

ការលើក​យក​បញ្ហា​សន្តិសុខ​របស់​អឺរ៉ុប​ទាំងមូល មក​ជជែក​គ្នា​តែ​បីប្រទេស​បែបនេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ ក្នុង​សហភាព​អឺរ៉ុប មាន​ការ​អាក់អន់​ចិត្ត ជាពិសេស គឺ​ប៉ូឡូញ និង​បណ្តា​ប្រទេស នៅ​ជុំវិញ​សមុទ្រ​បាល់ទិក ដែល​មិន​ចូលចិត្ត​រុស្ស៊ី។ ក៏ប៉ុន្តែ រដ្ឋាភិបាល​បារាំង ដែល​ជា​ម្ចាស់ផ្ទះ រៀបចំ​ជំនួបកំពូល​បារាំង-អាឡឺម៉ង់-រុស្ស៊ី បាន​ធានាថា ជំនួបកំពូលនេះ​នឹង​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ ជួសមុខ​ឲ្យ​សហភាព​អឺរ៉ុប​នោះទេ។ ប្រមុខដឹកនាំ​ទាំងបី គ្រាន់តែ​​ជជែក​ពិភាក្សា ដើម្បី​ស្ទាបស្ទង់​​មើល​ជំហរ​គ្នា​​តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត លទ្ធផល​​នៃ​ការពិភាក្សា​គ្នា​នេះ នឹង​ត្រូវ​រាយការណ៍​ឲ្យ​ប្រទេស​ផ្សេងទៀត ក្នុង​សហភាព​អឺរ៉ុប​ បាន​ដឹង។

បារាំង និង​អាឡឺម៉ង់ គឺ​ជា​​កម្លាំងចលករ​ដ៏សំខាន់​របស់​សហភាព​អឺរ៉ុប។ កន្លងមក គេ​តែងតែ​សង្កេតឃើញ​ថា ការវិវឌ្ឍ​សំខាន់ៗ ក្នុង​សហភាព​អឺរ៉ុប​ ច្រើន​តែ​កើតចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​បារាំង និង​អាឡឺម៉ង់។​ ម្យ៉ាងវិញ​ទៀត នៅពេលនេះ បារាំង និង​អាឡឺម៉ង់ កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី។ ហេតុដូច្នេះហើយ​បាន​ជា​បារាំង និង​អាឡឺម៉ង់ ចង់​ឆ្លៀត​យក​ឱកាសនេះ ធ្វើ​ជា​អ្នក​សម្របសម្រួល​ រឹតចំណងទាក់ទង​រវាង​សហភាព​អឺរ៉ុប និង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ