អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ ទើប​ចេញក្រឹត្យ​ ហាម​មិន​មានចរាចរណ៍​យន្តហោះ​ប៊ូអ៊ីង ៧៣៧ Max ៨

នៅ​មួយ​ថ្ងៃ​ក្រោយ ប្រធាន​ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​អាមេរិក​អះអាង​ថា គេ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ផ្អាក​ចរាចរណ៍​ហោះហើរ​របស់​យន្តហោះ ប៊ូអ៊ីង ប្រភេទ ៧៣៧​Max ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​ពុធ ទី​១៣ មីនា បាន​ប្រកាស​ក្រឹត្យ ហាម​មិន​ឲ្យ​ប្រើប្រាស់​យន្តហោះ ប៊ូអ៊ីង ប្រភេទ​៧៣៧​Max ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​អាមេរិកាំង។ 

យន្តហោះ​ប៊ូអ៊ីង ៧៣៧ ហោះមកពីក្រុង​Los Angeles ឈប់​ចត​នៅ​ព្រលានយន្តហោះReagan នៅក្រោយ​ការប្រកាស​របស់អាកាសចរណ៍ស៊ីវិល FAA នៅថ្ងៃ​ពុធ ទី ១៣​មីនា ដែល​ហាម​មិន​ឲ្យ​យន្តហោះ​ប្រភេទ ៧៣៧ Max ៨​ហោះហើរ នៅក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​អេត្យូពី
យន្តហោះ​ប៊ូអ៊ីង ៧៣៧ ហោះមកពីក្រុង​Los Angeles ឈប់​ចត​នៅ​ព្រលានយន្តហោះReagan នៅក្រោយ​ការប្រកាស​របស់អាកាសចរណ៍ស៊ីវិល FAA នៅថ្ងៃ​ពុធ ទី ១៣​មីនា ដែល​ហាម​មិន​ឲ្យ​យន្តហោះ​ប្រភេទ ៧៣៧ Max ៨​ហោះហើរ នៅក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​អេត្យូពី © REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​ទៅ អាមេរិក​ដែល​ជាម្ចាស់​អ្នកផលិត​យន្តហោះ​ប៊ូអ៊ីង ៧៣៧ បាន​សុខចិត្ត​ធ្វើ​ដូច​ប្រទេស​ដទៃ ដែល​បាន​សម្រេច​ហាម​មិន​ឲ្យ​មាន​ការហោះហើរ យន្តហោះ​ប៊ូអ៊ីង ប្រភេទ ៧៣៧ Max នៅក្រោយ​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​នៅ​ប្រទេស​អេត្យូពី ដែល​បាន​សម្លាប់​មនុស្ស​១៥៧ នាក់ កាល​ពី​ថ្ងៃ អាទិត្យ។

នៅ​ថ្ងៃ​ពុធ ម្សិលមិញ នៅក្នុង​សារTwitter របស់ខ្លួន លោកប្រធានាធិបតី អាមេរិក ដូណាល់​ត្រាំ បានប្រកាស​ហាម​មិន​ឲ្យ​ចរាចរណ៍ យន្តហោះ​ប៊ូអ៊ីង​ប្រភេទ​៧៣៧ Max៨ និង​Max ៩​នៅ​ក្នុង​ទឹកដី​អាមេរិក។ សម្រាប់​ម្ចាស់​សេតវិមាន សុវត្ថិភាព របស់​ប្រជាជន​អាមេរិកាំង និង​អ្នកដំណើរ​ទាំងអស់​គឺ​ជា​អាទិភាព​ចំបង​របស់​រដ្ឋាភិបាល។

ប្រធាន​ក្រុមហ៊ុន​ប៊ូអ៊ីង លោក​Dennis Muilenburg បាន​បញ្ជាក់​ពី​ការជឿជាក់ ទាំងស្រុង​ទៅលើ​សុវត្ថិភាព​របស់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ Max ប៉ុន្តែ ក៏សុខចិត្ត​ផ្អាក​ការហោះហើរ​យន្តហោះ​ប្រភេទនេះ​មួយរយៈដែរ​ដើម្បី ធានា​មតិសាធារណៈ។ ការសម្រេច​យ៉ាងដូច្នេះ នឹង​ធ្វើ​ឲ្យ​យន្តហោះ​ប៊ូអ៊ីង ប្រភេទ ៧៣៧ Max ទាំងអស់ ជាង ៣៧០​គ្រឿង ដែល​កំពុង​ចរាចរណ៍​នៅក្នុង​ពិភពលោក នឹង​ត្រូវ​ដាក់កង់​ជាប់នឹងដី ដោយ​គ្មាន​ថ្ងៃ​កំណត់។

តាម​ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល អាមេរិក យន្តហោះ​ប៊ូអ៊ីង ៧៣៧ Max ត្រូវ​បានហាម​មិន​ឲ្យ​ហោះហើរ​នៅ​អាមេរិក បន្ទាប់​ពី​មាន​វត្ថុតាង​ថ្មីៗ ផ្តល់​ដោយ​ប្រទេស​កាណាដា ដែលទើប​បាន​ចូលរួម​ជាមួយ​អឺរ៉ុប និង​អាស៊ី ដើម្បី ហាម​មិន​ឲ្យ​ហោះហើរ​យន្តហោះ ប៊ូអ៊ីង ប្រភេទ ៧៣៧Max។

តាម​ការសិក្សា​របស់​អាជ្ញាធរ​កាណាដា ដែល​ពិនិត្យ​ទៅលើ​ទិន្នន័យ​បាន​មកពី​ផ្កាយរណប ដំណើរគោចរ របស់​យន្តហោះ​ប៊ូអ៊ីង៧៣៧ Max ដែល​ធ្លាក់​សម្លាប់​មនុស្ស​នៅ ប្រទេស​អេត្យូពី គឺ​ដូចគ្នា​នឹង​ខ្សែដំណើរ​របស់​យន្តហោះ​ប៊ូអ៊ីង របស់​ក្រុមហ៊ុន​Lion Air ដែល​ធ្លាក់​សម្លាប់មនុស្ស​១៨៩​នាក់ កាលពី​៦ខែ​មុន។

សូមអាន៖ ធ្លាក់យន្តហោះ​នៅ​ឥណ្ឌូណេស៊ី៖ គ្រួសារ​ជនរងគ្រោះ​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ប៊ូអ៊ីង

ការស៊ើបអង្កេត​ទៅលើ​គ្រោះថ្នាក់ធ្លាក់​យន្តហោះ នៅ ឥណ្ឌូណេស៊ី​បាន​ផ្តោត​ទៅលើ​បញ្ហា​របស់​ប្រព័ន្ធ ម៉ាស៊ីន​កុំព្យូទ័រ​របស់​យន្តហោះ ដែល​ធ្វើ​ឲ្យ​មាន​ការភ័ន្តច្រលំ​ក្នុង​ការគណនា​ទិន្នន័យ​ហោះហើរ​របស់​យន្តហោះ។

ទិន្នន័យ​អនាមិក​របស់ទីភ្នាក់ងារ​អាមេរិកណាសា​​បាន​បង្ហាញ​ថា នៅ​ខែ​តុលា​កន្លងទៅ អ្នកបើកបរ​យន្តហោះ​អាមេរិក​ជាច្រើន​បាន​លើកឡើង​ពី​បញ្ហា​ដូចគ្នានេះ ប៉ុន្តែ ពួកគេ​បាន​ជោគជ័យ បញ្ជៀស​មិន​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារ​ពួកគេ​ធ្លាប់​បាន​ទទួល​ការបណ្តុះបណ្តាល​ស្តីពី​វិធីសាស្រ្ត​គ្រប់គ្រង​ម៉ាស៊ីនកុំព្យូទ័រ ដែល​ជា​បច្ចេកវិទ្យាថ្មី ពិសេស ដែល​មាន​សម្រាប់​យន្តហោះប៊ូអ៊ីង៧៣៧ Max៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ