អានតួអត្ថបទ
អង់គ្លេស-Brexit

អង់គ្លេស៖​លោកស្រី​ទែររ៉េហ្សា ម៉េ​កំពុង​ទទួល​គំនាប​កាន់​តែ​ខ្លាំង​ក្នុង​សំណុំរឿង Brexit

នៅ​ថ្ងៃ​សៅរ៍ ទី១៩ មករា ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​កសិកម្ម​ជា​ជនជាតិ​អៀរឡង់​លោក​ហ្វីល អូហ្កាន និង​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​ចន ម៉ាយ័រ​បាន​ធ្វើ​សំណើ​ទៅ​កាន់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​ទែររ៉េហ្សា ម៉េ​ទាក់ទង​នឹង​សំណុំរឿង Brexit។ លោក​អូហ្កាន និង​លោក​ម៉ាយ័រ​បាន​ស្នើ​លោកស្រី​ម៉េ​ឲ្យ​បះបង់​ចោល​លើ​ការ​សម្រេចចិត្ត​របស់​លោកស្រី​ក្នុង​ការ​ចាកចេញ​ពី​ទីផ្សារអឺរ៉ុប និង​ពី​សហភាព​ពន្ធគយ។ តាម​លោក​អូហ្កាន និង​លោក​ម៉ាយ័រ បើ​លោកស្រី​ម៉េ​មិន​ដក​ការ​សម្រេចចិត្ត​នោះ​ចេញ​វិញ​ទេ នីតិវិធី Brexit នឹង​បន្ត​ជាប់គាំង​ដូច​ដែល​អង់គ្លេស​កំពុង​ស្គាល់​ពេល​នេះ។

លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសទែររ៉េហ្សា ម៉េ
លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសទែររ៉េហ្សា ម៉េ Reuters TV via REUTERS
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​ទែររ៉េហ្សា ម៉េ​បាន​បញ្ជាក់​ច្បាស់ៗ​ថា លោកស្រី​នឹង​មិន​ត្រឡប់​ក្រោយ​ដក​ការ​សម្រេចចិត្ត​ដែល​លោកស្រី​បាន​សម្រេច​ដក​អង់គ្លេស​ចេញ​ពី​សហភាព​ពន្ធគយ និង​ទីផ្សារអឺរ៉ុប​នោះ​ទេ។ នេះ​ជា​ខ្សែបន្ទាត់ក្រហម​ដែល​លោកស្រី​ម៉េ​បាន​គូស​ធ្វើ​ជា​លក្ខខណ្ឌ​នៅ​ក្នុង​សំណុំរឿង Brexit។ តែ​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​កសិកម្ម​ជា​ជនជាតិ​អៀរឡង់​លោក​ហ្វីល អូហ្កាន និង​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​ចន ម៉ាយ័រ​បាន​យល់​ឃើញ​ថា បើ​លោកស្រី​ម៉េ​មិន​លុប​ខ្សែបន្ទាត់ក្រហម​នោះ​ចោល​វិញ​ទេ នោះ​នីតិវិធី Brexit នឹង​បន្ត​ជាប់គាំង​ដូច​ដែល​អង់គ្លេស​កំពុង​ស្គាល់​ពេល​នេះ។

គួរ​រម្លឹក​ថា សំណើ​របស់​លោក​ហ្វីល អូហ្កាន និង​លោក​ចន ម៉ាយ័រ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សភា​អង់គ្លេស​បាន​បោះឆ្នោត​មិន​ទទួល​យក​កិច្ចព្រមព្រៀង Brexit ដែល​លោកស្រី​ម៉េ​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ លោក​ហ្វីល អូហ្កាន​ក៏​បាន​ស្នើ​ថ្នាក់ដឹកនាំ​នយោបាយ​អង់គ្លេស​មួយ​ចំនួន​ឈប់​និយាយ​ភាសា​សាវ៉ា តាម​ទំនើងចិត្ត និង​ផ្តើម​និយាយ​ភាសា​ការ​ពិត​វិញ។ ចំណែក​លោក​ចន ម៉ាយ័រ​ដែល​ជា​សកម្មជន​ម្នាក់​ចង់​នៅ​ជាមួយ​សហភាពអឺរ៉ុប​បាន​សម្តែង​ក្តីបារម្ភ​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដែល​លោក​ម៉ាយ័រ​ចាត់​ទុក​ជា​សេណារីយ៉ូ​ដ៏​សែន​អាក្រក់។

ចំណាប់អារម្មណ៍​លោក​ចន ម៉ាយ័រ​ត្រូវ​បាន​អ្នកតំណាងរាស្រ្ត​អភិរក្សនិយម​ម្នាក់​លោកស្រី​ស៊ូលអេឡា ប្រេវឺមែន​ឆ្លើយ​បក​វិញ​ថា បើ​លោកស្រី​ម៉េ​ត្រូវ​លុបចោល​ការ​សន្យា​ក្នុង​ការ​ចាកចេញ​ពី​សហភាព​ពន្ធគយ និង​ទីផ្សារអឺរ៉ុប​នោះ Brexit នឹង​គ្មាន​ន័យ​អ្វី​ទាំង​អស់ បាន​ន័យ​ថា អង់គ្លេស​នឹង​មិន​ចាកចេញ​ពី​អឺរ៉ុប​ទេ អង់គ្លេស​នឹង​បន្ត​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប។ យ៉ាង​ណា​ក៏​ដោយ និង​បន្ទាប់​ពី​សភា​អង់គ្លេស​បាន​ច្រាន​ចោល​កិច្ចព្រមព្រៀង Brexit ដែល​លោកស្រី​ម៉េ​បាន​ចុះ​ហត្ថលេខា​ជាមួយ​អឺរ៉ុប​មក លោកស្រី​ម៉េ​ត្រូវ​បង្ហាញ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃ​ចន្ទ ទី២១ មករា ហើយ​ត្រូវ​ដាក់​កិច្ចព្រមព្រៀង​ថ្មី​នេះ​ឲ្យ​សភា​អង់គ្លេស​បោះឆ្នោត​នៅ​ថ្ងៃទី២៩ មករា។

តាម​គម្រោង អង់គ្លេស​ត្រូវ​ចាកចេញ​ពី​សហភាពអឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៩ មីនា​ខាង​មុខ។ ឃើញ​ថា ពេល​វេលា​កាន់​តែ​ខើច​ទៅៗ និង​ដែល​គ្រប់​គ្នា​បាន​មើល​ឃើញ​ថា សេណារីយ៉ូ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មាន​ច្រើន​ជាង​សេណារីយ៉ូ​ចាកចេញ​ដោយ​មាន​កិច្ចព្រមព្រៀង។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​សន្យា​នា​ថ្ងៃ​សៅរ៍ ទី១៩ មករា​ថា លោកស្រី​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ