បារាំង ៖ កម្លាំងប្រមូលផ្តុំរបស់ចលនាអាវកាក់លឿងកើនឡើងជាថ្មី
នៅក្នុងប្រទេសបារាំង ៣ថ្ងៃមុនវេទិកាតស៊ូមតិជាតិរៀបចំដោយរដ្ឋាភិបាល ដើម្បីរំងាប់ការតវ៉ារបស់ចលនាអាវកាក់លឿង ចំនួនបាតុករអាវកាក់លឿងនាថ្ងៃសៅរ៍សប្តាហ៍ទី៩ម្សិលមិញបានកើនឡើង បើធៀបនឹងថ្ងៃសៅរ៍សប្តាហ៍កន្លងមក។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត គឺការធ្លាក់ចុះនៃអំពើហិង្សា និងការកម្ទេចដុតបំផ្លាញពីក្រុមជ្រុលនិយម និងក្រុមឆ្លៀតឱកាសនិយម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចលនាបាតុកម្មអាវកាក់លឿង ប្រឆាំងនឹងនយោបាយសង្គមនិងពន្ធដាររបស់រដ្ឋាភិបាល បានឈានដល់សប្តាហ៍ទី៩។ នៅថ្ងៃសៅរ៍ទី ១២ មករាម្សិលមិញ ចំនួនបាតុករអាវកាក់លឿង បានកើនឡើង ច្រើនជាងការប្រមូលផ្តុំ កាលពីសប្តាហ៍ទី៥ទៅទៀត។
ថ្វីបើមានការចាប់ខ្លួន២៤៤នាក់ ក្នុង២០១ ត្រូវឃុំខ្លួនមែន ប៉ុន្តែជាទូទៅ នៅតាមបណ្តាខេត្តក្រុង តូចធំ ក៏ដូចជានៅរដ្ឋធានីប៉ារីស ការដង្ហែក្បួនបាតុកម្មបានប្រព្រឹត្តទៅជាដោយស្ងប់ស្ងាត់ ដោយមានការឃុំគ្រងពីសំណាក់ក្រុមរក្សាសណ្តាប់ធ្នាប់របស់ចលនាផង និងកងកម្លាំងមានសមត្ថកិច្ចផង។ គ្មានការបង្កគ្រោះថ្នាក់ហិង្សាធ្ងន់ធ្ងរខ្លាំង ដូចអ្វីដែលគេធ្លាប់បានជួបប្រទះកាលពីប៉ុន្មានសប្តាហ៍មុនឡើយ។ មានតែការប៉ះទង្គិចគ្នាបន្តិចបន្តួច ដោយប៉ូលិសបានបាញ់ផ្សែងបង្ហូរទឹកភ្នែក និងបាញ់ទឹកបំបែកហ្វូងបាតុករជ្រុលនិយមមួយចំនួនតូច ដែលប៉ុនប៉ងកប់ដុំថ្ម នៅពេលក្បួនធ្វើមកដល់ជិតវិមានArc Triomphe ទីបញ្ចប់នៃបាតុកម្ម។ នៅតាមខេត្ត ចលនាបាតុកម្ម មានសន្ទុះកើនឡើងគ្រប់ទិសទី តែក្នុងទម្រង់មិនហិង្សាខ្លាំងដូចមុន។
ការធា្លក់ចុះនៃអំពើហិង្សា ក៏ដោយហេតុតែអាជ្ញាធរបានចាត់វិធានការ ពង្រាយកម្លាំងប៉ូលិសនិងភ្នាក់ងារសន្តិសុខដល់ជាង៨ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងនោះជាង៥ពាន់នាក់សម្រាប់រក្សាសណ្តាប់ធ្នាប់រដ្ឋធានី។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងចរន្តតវ៉ារបស់ចលនាអាវកាក់លឿង រដ្ឋាភិបាលបានសម្រេចបើកឱ្យមានការតស៊ូមតិជាតិ ចាប់ពីថ្ងៃទី អង្គារទី ១៥មករាតទៅ។ សំបុត្ររបស់លោកប្រធានាធិបតីបារាំង អេម៉ាណុអែល ម៉ាក្រុង ផ្ញើជូនទៅកាន់ប្រជាជាតិនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃចន្ទស្អែក។ ប៉ុន្តែក្រុមអាវកាក់លឿងនៅតែគ្មានទំនុកចិត្ត យល់ថារដ្ឋាភិបាលមិនឮសម្រែករបស់ពួកគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ