វិបត្តិអាវកាក់លឿង៖រដ្ឋាភិបាលបារាំងស្នើប្រទេសមួយចំនួនកុំឲ្យលូកដៃក្នុងរឿងផ្ទៃក្នុងបារាំង
នៅក្នុងប្រទេសបារាំង វិបត្តិនយោបាយ និងសង្គមកំពុងបន្តក្លាយជាបច្ចុប្បន្នភាពយ៉ាងក្តៅគគុក។ បន្ទាប់ពីបាតុកម្មរបស់ពួកអាវកាក់លឿងក្នុងសប្តាហ៍ទី៤ កាលពីថ្ងៃសៅរ៍ ទី៨ ធ្នូមក លោកប្រធានាធិបតីបារាំងម៉ាក្រុងដែលមិននិយាយស្តីអ្វីមកដល់ពេលនេះបានត្រៀមខ្លួនថ្លែងទៅកាន់ពលរដ្ឋបារាំងនៅយប់ថ្ងៃចន្ទ ទី១០ ធ្នូ។ ដោយឡែក ព្រឹត្តិការណ៍បាតុកម្មអាវកាក់លឿង និងអំពើហិង្សាកន្លងមកកំពុងត្រូវបានទទួលការចាប់អារម្មណ៍ និងបានក្លាយជាឧបករណ៍នយោបាយនៅក្នុងប្រទេសខ្លះ។ ទង្វើមួយនេះកំពុងធ្វើឲ្យក្រុងប៉ារីសមិនសប្បាយចិត្ត និងបានស្នើប្រទេសមួយចំនួនកុំឲ្យលូកដៃរឿងផ្ទៃក្នុងរបស់បារាំង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៩
អ្នកដែលបានឈឺឆ្អាល និងហាក់បានឆ្លៀតកេងចំណេញពីព្រឹត្តិការណ៍បាតុកម្មរបស់ពួកអាវកាក់លឿងក្នុងប្រទេសបារាំងពេលនេះ គឺលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ នៅក្នុងបណ្តាញសង្គម Tweeter លោកត្រាំបានសរសេរចាប់អារម្មណ៍នឹងបាតុកម្មក្នុងថ្ងៃសៅរ៍ ទី៨ ធ្នូថា ជាថ្ងៃ និងជាយប់ដ៏ទុក្ខព្រួយ។ ផ្តើមពីព្រឹត្តិការណ៍មួយនេះ លោកត្រាំបានឈានទៅនិយាយពីកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីអាកាសធាតុដែលលោកត្រាំបានដកអាមេរិកចេញ។ « ប្រហែលជាល្មមដល់ពេលដែលត្រូវលុបចោលកិច្ចព្រមព្រៀងក្រុងប៉ារីសគួរឲ្យអស់សំណើច ហើយប្រគល់លុយទៅឲ្យពលរដ្ឋដោយកាត់បន្ថយការបង់ពន្ធ » នេះជាឃ្លាដែលសរសេរចំអកដោយលោកដូណាល់ ត្រាំ។
ពាក្យមួយឃ្លានេះបានធ្វើឲ្យក្រុងប៉ារីសក្តៅស្លឹកត្រចៀកដោយប្រមុខការទូតបារាំងលោក Jean-Yves Le Drian បានបញ្ចេញប្រតិកម្មទាមទារឲ្យលោកត្រាំកុំលូកដៃចូលកិច្ចការផ្ទៃក្នុងបារាំង។ « យើងមិនបានលូកដៃចូលរឿងផ្ទៃក្នុងអាមេរិកាំងទេ ទុកឲ្យយើងរស់នៅជាមួយនឹងជីវិតជាតិរបស់យើង » នេះជាការថ្លែងរបស់លោក Jean-Yves Le Drian។ ពីប្រទេសតួកគី លោកប្រធានាធិបតីអ៊ែរដូហ្កានបានបញ្ជាក់ជាទូទៅថា ភាពអនាធិបតេយ្យកំពុងសោយរាជ្យនៅតាមផ្លូវជាច្រើនក្នុងបណ្តាប្រទេសអឺរ៉ុបដោយចាប់ផ្តើមនៅទីក្រុងប៉ារីស។ « ចំពោះខ្ញុំ លោកម៉ាក្រុងមិនមែនជាបញ្ហាទេ គឺជាបញ្ហារបស់ពលរដ្ឋបារាំង » នេះជាការថ្លែងរបស់រដ្ឋមន្រ្តីមហាផ្ទៃអ៊ីតាលីលោក Matteo Salvini ដែលបានចាត់ទុកការងើបបះបោររបស់ពួកអាវកកាក់លឿងពេលនេះជាការបរាជ័យរបស់នយោបាយអឺរ៉ុប។
ក្រៅពីប្រតិកម្មរបស់លោក Jean-Yves Le Drian ក៏មានប្រតិកម្មពីរដ្ឋមន្រ្តីសុខាភិបាលបារាំងលោកស្រី Buzyn។ លោកស្រី Buzynបានរិះគន់ ទិតៀនលើចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំបរទេសខ្លះដែលមានលក្ខណៈលូកដៃក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសបារាំង។ ក្រៅពីចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនយោបាយបរទេស ព្រឹត្តិការណ៍បាតុកម្មអាវកាក់លឿងក៏ត្រូវបានផ្សព្វផ្សាយ និងចែករំលែកនៅលើបណ្តាញសង្គមដែរ ហើយពេលខ្លះ ព័ត៌មានមួយនេះត្រូវបានគេយកទៅកែច្នៃខុសពីការពិត។ ស្ថាប័នសន្តិសុខបារាំងកំពុងតាមដានពិនិត្យលើព័ត៌មានដែលបានចុះផ្សាយនៅលើបណ្តាញសង្គមមួយចំនួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ