បារាំងនិងអាល្លឺម៉ង់ ជំទាស់ការពង្រីកតួនាទីអូតង់ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម
បារាំងនិងអាល្លឺម៉ង់ មិនយល់ព្រមតាមគម្រោងអាមេរិកដែលចង់ពង្រីកតួនាទីអូតង់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់ និងស៊ីរីទេ។ នេះបើតាមប្រភពការទូតអឺរ៉ុប ក្នុងខណៈដែលប្រធានអង្គការអូតង់អំពាវនាវឱ្យប្រទេសជាសមាជិកអូតង់ ចូលសហការជាផ្លូវការជាមួយសម្ព័ន្ធអន្តរជាតិប្រឆាំងពួកអង្គការរដ្ឋអ៊ីស្លាម ព្រោះសារគាំទ្រ នយោបាយ មិនមែនមានន័យថា សមាជិកនោះត្រូវតែចូលរួមធ្វើប្រតិបត្តិការប្រយុទ្ធក្នុងសមរភូមិទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០២
សមាជិកដែលចង់ ត្រូវដឹងថាការចូលក្នុងសម្ព័ន្ធអន្តរជាតិប្រឆាំងពួកអង្គការរដ្ឋអ៊ីស្លាមបាន ជាសារនយោបាយមួយគាំទ្រអូតង់ផង និងដើម្បីកិច្ចសហប្រតិបត្តិការល្អរវាងអូតង់និងសម្ព័ន្ធអន្តរជាតិផង។ តែអូតង់ គ្មានហេតុផងអ្វីត្រូវចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធឡើយ។ នេះជាប្រសាសន៍របស់លោកប្រធានអង្គការអូតង់ នៅចំពោះមុខអង្គប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអឺរ៉ុប នៅទីក្រុងព្រុចសែលថ្ងៃនេះ។
ប៉ុន្តែសហរដ្ឋអាមេរិកដែលជាអ្នកដឹកនាំការវាយប្រហារផ្លូវអាកាស ក្នុងក្របខ័ណ្ឌសម្ព័ន្ធអន្តរជាតិ តាំងពីឆ្នាំ២០១៤ លើពួកអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងនៅអ៊ីរ៉ាក់ បានទទូចជាងមួយឆ្នាំហើយឱ្យអូតង់ចូលរួមជាមួយ។ លោក ដូណាល់ ត្រាំ តាំងពីឡើងកាន់អំណាចមក តែងទាមទារឱ្យសម្ព័ន្ធមិត្តអូតង់ទាំងអស់ប្រឹងបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវនិយម និងចង់ឱ្យអូតង់ដើរតួសកម្មជាងមុនក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ង់ និងស៊ីរី ដូចជាតាមដានសន្តិសុខផ្លូវអាកាស ដឹកនាំធ្វើប្រតិប្តតិការ ឬ ផ្គត់ផ្គង់ប្រេងពេលហោះហើរ។ ផែនការនេះ នឹងត្រូវបង្ហើបបង្ហាញជាផ្លូវការនៅសប្តាហ៍ក្រោយក្នុងជំនួបអូតង់ ដែលលោកត្រាំត្រូវចូលរួមនិងជួបសមាភាគីអឺរ៉ុបជាលើកទីមួយ។
រហូតមកទល់ពេលនេះ សមាជិកអូតង់ជាច្រើន មិនយល់ព្រមឱ្យអូតង់មានចំណែកមួយភាគដាច់ក្នុងសម្ព័ន្ធអន្តរជាតិទេ ! បើតាមប្រភពការទូត អ៊ីតាលី ឬបារាំងនិងអាល្លឺម៉ង់ បានជំទាស់នឹងគំនិតចង់ពង្រីកតួនាទីអូតង់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងពួកអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី ព្រោះខ្លាចអូតង់លុងខ្លួន ជួបស្ថានការណ៍ដូចនៅអាហ្វហ្កានីស្ថាន ដោយចំណាយអស់ច្រើនជ្រុល និងជួបស្ថានការណ៍ដូចនៅលីប៊ីឆ្នាំ២០១១ដែលបន្សល់ទុកនូវអនុស្សាវរីយ៍អាក្រក់ក្នុងអារម្មណ៍បណ្តាប្រជាជាតិអារ៉ាប និងអាចបង្កឱ្យមានភាពប្រឈមបន្ថែមទៀតជាមួយរុស្ស៊ីទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ