ប្រទេសក្នុងតំបន់បាល់ទិកពង្រឹងសហប្រតិបត្តិការណ៍យោធាថែមទៀតជាមួយទីក្រុងវ៉ាស៊ីនតោន
ប្រទេសលីទុយអានីនិងអែស្តូនីក្នុងតំបន់បាលទិក នៅថ្ងៃអង្គារ៍នេះ ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុងវ៉ាស៊ីនតោន ស្តីពីលក្ខន្តិកៈកងទ័ពអាមេរិកដែលបានបញ្ជូននៅលើទឹកដីរបស់ខ្លួនដោយរដ្ឋបាលផុតអាណត្តិរបស់លោកបារ៉ាក អូបាម៉ា។ ការចុះហត្ថលេខានេះ ត្រូវប្រព្រឹត្តទៅនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលលោក ដូណាល់ត្រាំ ចូលកាន់កាប់សេតវិមានប្រធានាធិបតីអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
ប្រទេសឡេតូនី ទើបបានចុះហត្ថលេខាបែបគ្នានេះដែរជាមួយក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រមុន។ ការចុះហត្ថលេខារវាងឡេតូនី លីទុយអានីនិងអេស្តូនី ជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលនេះ គឺក្នុងគោលបំណងដើម្បីពង្រឹងការប្តេជ្ញាចិត្តជាផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងការរួមរស់ក្បែរជាមួយក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អូតង់ជានិច្ច។
ក៏ប៉ុន្តែ បណ្តាប្រទេសក្នុងតំបន់បាល់ទិកទាំង៣នេះ នៅតែមានការព្រួយបារម្ភជាប់ជានិច្ច ខ្លាចប្រទេសរុស្ស៊ី នៅតែមានចេតនាប៉ុនប៉ងធ្វើឲ្យប្រទេសរបស់ពួកគេជួបនៅស្ថានភាពអសន្តិសុខ។
បន្ថែមពីលើនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី នាពេលកន្លងទៅនេះ បានបញ្ជាក់ឲ្យដឹងផងដែរ ពីជំហរនយោបាយបន្ធូស្រាលរបស់លោកចំពោះទីក្រុងម៉ូស្គូ។ លោកត្រាំ ថែមទាំងប្រកាសទៀតថា លោកចង់ឲ្យបណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អូតង់ ត្រូវបង់ការចំណាយលុយដើម្បីជាវិភាគទានដល់អូតង់នៅក្នុងកិច្ចការពារជួយបណ្តាប្រទេសរបស់ពួកគេ។
សំដីបែបនេះហើយ ដែលធ្វើបណ្តាប្រទេសនៅក្នុងតំបន់បាល់ទិក មានការផ្អើលភ័យឆោឡោ ដោយសារតែប្រទេសទាំងអស់នេះកាលពីអតីតកាល ធ្លាប់ត្រូវបានអតីតសហភាពសូវៀត កាន់កាប់នៅលើទឹកដីរបស់ពួកគេហើយនៅក្នុងចំណោមនោះ មានប្រទេសចំនួនពីរគឺឡេតូនីនិងអេស្តូនីដែលមានប្រជាជនជាតិភាគតិចនិយាយភាសារុស្ស៊ីរស់នៅដ៏ច្រើនសម្បើម។
ចំណែក ប្រមុខការទូតលីទុយអានីវិញ នៅតែមានទំនុកទុកចិត្តជានិច្ចនៅលើការសន្យាចូលរួមរបស់លោកត្រាំនៅក្នុងអង្គការអូតង់និងសុខចិត្តយល់ព្រមការបង្កើនការចំណាយរបស់បណ្តាប្រទេសសម្ព័ន្ធមិត្តរបស់អូតង់សម្រាប់កិច្ចការពារជាតិដែរ។
រីឯ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុង Rigaប្រទេសឡេទុយនីវិញ លោកស្រី Nancy Petit ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ បានសម្តែងការទុកចិត្តលើអាមេរិកជានិច្ចនៅក្នុងកិច្ចការពង្រឹងសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់បាល់ទិក។
ចំពោះលោកស្រី Nancy Petit កិច្ចព្រមព្រៀងពង្រឹងសហប្រតិបត្តិការណ៍ជាមួយទីក្រុង វ៉ាស៊ីនតោននេះ កាន់តែបញ្ជាក់ជាថ្មីថែមទៀត នូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះ អធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសឡេតូនី ក៏ព្រមទាំងមាត្រាទី៥នៃសន្ធិសញ្ញារបស់អូតង់ផងដែរ។ សន្ធិសញ្ញាអូតង់ដែលចែងថា បើមានការវាយប្រហារប្រឆាំងទៅលើប្រទេសសមាជិករបស់អូតង់ណាមួយនោះ បានន័យដែរថា គឺ អួតង់ទាំងមូល ត្រូវបានគេវាយប្រហារដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ