អានតួអត្ថបទ

ម៉ូស្គូ ផ្អាកធរមាននៃកិច្ចព្រមព្រៀង ចុះជាមួយវ៉ាស៊ីនតោន ខាងកំទេចធាតុភ្លុយតូនីញ៉ូម

ថ្ងៃ៣តុលាម្សិលមិញ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន បាន​ចេញ​ក្រិត្យ ដែល​ព្យួរ​ទុក​សិន សុពលភាព​នៃ​កិច្ចព្រមព្រៀង ចុះ​កាលពី​ឆ្នាំ ២០០០ ហើយ​បន្ថែម​ដោយ​វិសាធនកម្ម នៅ​ឆ្នាំ​២០១០ ជាមួយ​ស.រ.អា. ស្តីអំពី​ការកម្រិត​ឃ្លាំង​ស្តុក​ធាតុ​ភ្លុយតូនីញ៉ូម​ណា ដែល​អាច​ប្រើ សម្រាប់​ផលិត​ជា​អាវុធ​នុយក្លេអ៊ែរ។

ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Poutine
ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Poutine REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

លំនាំដើមនៃក្រិត្យនោះ ពន្យល់បំភ្លឺថា រុស្ស៊ី​សម្រេច​ចិត្ត​ផ្អាក​ធរមាន​ឯកសារ​នោះ ពីព្រោះ “មាន​លេច​ចេញ​មក គឺ​ការគម្រាម​ដល់​ស្ថិរភាព​យុទ្ធសាស្ត្រ គឺ​សកម្មភាព​អមិត្ត​ទល់​នឹង​រុស្ស៊ី ដែល​ផ្តួចផ្តើម​ដោយ​ស.រ.អា.​តែម្តង។  

កិច្ចព្រមព្រៀងឆ្នាំ២០១០ ដែល ត្រូវបានចុះ​ហត្ថលេខា ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ និង លោកស្រី ហ៊ីឡារី គ្លីនតុន ប្រ​មុខការទូត​ស.រ.អា. ជំនាន់​នោះ​ប្រមើល​ថា ម្ខាងៗ​ត្រូវ​កំទេច​ស្តុក​ធាតុ​ភ្លុយតូនីញ៉ូម បរិមាណ​៣៤​តោន ដោយ​ប្រើ​វា​ក្នុង​ប្រតិករ​នុយក្លេអ៊ែរ រៀងៗខ្លួន។

សម័យនោះ លោកស្រី ហ៊ីឡារី គ្លីនតុន បាន​ប៉ាន់​ស្មាន​ថា បរិមាណ​ព្លុយតូញុម ដែល​មាន​នោះ គឺ​គ្រប់គ្រាន់​សម្រាប់​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ចំនួន ១៧.០០០ក្បាល។

កាលណោះ រុស្ស៊ីនិងអាមេរិក នាំ​គ្នា​ចាត់ទុក​កិច្ចព្រមព្រៀង​នោះ​ថា ជា​តឹកតាង​នៃ​ការវិវឌ្ឍន៍​បាន​ប្រសើរ​ឡើង សហប្រតិបត្តិការ​រវាង​មហាអំណាច​ទាំងពីរ ដែល​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា សម័យ​សង្គ្រាម​ត្រជាក់ ក្នុង​គោលដៅ​ប្រយុទ្ធ​ទល់​នឹង​ការសាយ​ភាយ​អាវុធ​ប្រល័យ​រង្គាល។

ធ្វើអត្ថាធិប្បាយអំពី​ក្រិត្យ​ប្រធានាធិបតី​រុស្ស៊ី អ្នកនាំពាក្យ​ផ្លូវការ​របស់​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ​បានថ្លែងថា គឺតែភាគីរុស្ស៊ីមួយគត់ ដែលយូរឆ្នាំមកហើយ រមែងបំពេញ តាម កិច្ចព្រមព្រៀងនោះ។  គាត់បន្ថែម​ថា បើ​គន់គិត​ដល់​ទំនាក់ទំនង​សែន​តានតឹង រវាង ម៉ូស្គូ និង វ៉ាស៊ីនតោន នោះ សភាពការណ៍​បែប​នេះ មិន​អាច​បន្ត​ទៅ តទៅ​ទៀត​ឡើយ។

ជាការកត់សម្គាល់ វិសោធនកម្ម​ឆ្នាំ​២០១០ លម្អិតថា ការកំទេច​ធាតុ​ភ្លុយតូនីញ៉ូម ត្រូវ​ប្រព្រឹត្ត​ទៅ ដោយ​ដុត​វា​ចោល​ក្នុង​រោងចក្រ។ រុស្ស៊ី​ថ្លែង​ថា ខ្លួន​បាន​ចំណាយ​អស់ ២៤០​លាន​ដុល្លារ សង់​ឡើង​ជា​រោងចក្រ​បែប​នេះ។ ចំណែក​អាមេរិក​កិកកុក មិន​ព្រម​ដុត​វា ហើយ​បែរ​ទៅ​ជា​រក​វិធី​កប់​វា​ក្នុង​ដី ដែល​តាម​មតិ​រុស្ស៊ី គឺ​ដើម្បី​នៅ​ពេល​ណា​មួយ អាច​លើក​វា​យក​មក​ប្រើ សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​វិញ។

គួរនិយាយថា ក្រេមឡាំង​ផ្អាក​ជា​ធរមាន​កិច្ចព្រមព្រៀង​នោះ គឺ​នៅចំ​ពេល ដែល​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក ស្រុត​ចុះ​អាក្រក់​គ្មាន​ឈប់ បន្ទាប់​ពី​ម៉ូស្គូ​បាន​ភ្ជាប់​យក​ទឹកដី​គ្រីមេ ក្នុង​ឆ្នាំ​២០១៤​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ