អានតួអត្ថបទ

រឿង​អាស្រូវ​ក្រុមហ៊ុន​​​ផលិត​ឡាន​អាល្លឺម៉ង់​​​ប្រើ​ល្បិច​ពេលធ្វើ​តេស្តលើការ​បំពុល​បរិស្ថាននៃ​រថយន្តម៉ាហ្ស៊ូត​

រឿងអាស្រូវ​របស់​ក្រុមហ៊ុន​ផលិតឡាន​អាល្លឺម៉ង់ Volkswagen កំពុងរាលដាល​ទៅ​ពាសពេញ​ពិភពលោក។ Volkwagen ដែល​ជាក្រុមហ៊ុន​មេ​​ផលិតឡាន Audi ដែរនោះ បាន​ទទួល​សារភាព​ថា​បាន​ប្រើ​បច្ចេកវិទ្យា​លួច​បន្លំ​ ​ពេល​ធ្វើ​តេស្តវាស់​ស្ទង់​ការ​បញ្ចេញ​ផ្សែង​បំពុលបរិយាកាស​នៃ​ឡាន​ម៉ាហ្ស៊ូត​របស់​ខ្លួន។ គ្រាន់​តែ​មាន​ការ​ទម្លាយ​រឿងអាស្រូវនេះ​ភ្លាម ក្រុមហ៊ុន​អាល្លឺម៉ង់​បាន​ខាតបង់​ភាគហ៊ុន​អស់​ជាង​១៥​ពាន់់​លាន​អឺរ៉ូ។ ភាគី​បារាំង តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​អង្កេត​ថ្នាក់​អឺរ៉ុប។ នេះ​គ្រាន់​តែ​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ...​ព្រោះថា រឿង​អាស្រូវ​​ទាក់ទង​នឹង​ការបំពុល​បរិយាកាស​នេះ កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មុនការ​បើក​សន្និសីទ​អ.ស.ប​ស្តីពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស។ 

លោក Michael Hornប្រធាន​ក្រុមហ៊ុន​ Volkswagen Group of America រូបថត​ថ្ងៃទី ២១​កញ្ញា ២០១៥
លោក Michael Hornប្រធាន​ក្រុមហ៊ុន​ Volkswagen Group of America រូបថត​ថ្ងៃទី ២១​កញ្ញា ២០១៥ REUTERS/Darren Ornitz
ផ្សាយពាណិជ្ជកម្ម

ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​លេខ​មួយ​នៅ​លើ​ពិភពលោក និង​ជា​ទន្ទល់​ដ៏​រឹង​ម៉ាំ​នៃ​សេដ្ឋកិច្ច​អាល្លឺម៉ង់ ! តែ​ក្រុមហ៊ុន​​​អាល្លឺម៉ង់​ វ៉ុលវ៉ាហ្កែន​ ​ជា​ក្រុមហ៊ុន​មេ​ផលិត​ឡាន​ ​ដល់​ទៅ​១២​ម៉ាក ល្បីៗ មាន​ដូច​ជា​វ៉ុលវ៉ាហ្គែន អូឌី ឡាំប័រហ្គីនី បិនត្លេ ឬ​ ព័រ្ស ... នៅ​ថ្ងៃ​នេះ បាន​ដើរ​តួ​ជា​អ្នក​លួច​បន្លំ​ កំរិត​ពិភពលោក​ ដោយ​មាន​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ចេញ​ពី​សហរដ្ឋ​អាមេរិក ទឹកដី ដែល​ក្រុមហ៊ុនទើប​​ដណ្តើម​បាន​ទីផ្សារ​លំដាប់​លេខ​មួយ​ឈ្នះ​ក្រុមហ៊ុន​តូយ៉ូតា ​​នា​រយៈ​ពេល​មួយ​ឆ្នាំ​ពីរ​ចុងក្រោយ​នេះ ព្រោះ​តែ​គុណភាព​គ្មាន​ពីរ​នៃ​ឡាន​ម៉ាហ្ស៊ូតវ៉ុលវ៉ាហ្គែន​និង​អូឌី។

 
វិធី​បន្លំ

​រវាង​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥ ក្រុមហ៊ុន​វ៉ុលវ៉ាហ្គែន បាន​បំពាក់​ម៉ាស៊ីន​មាន​កម្មវិធី​ដ៏​ទំនើប​មួយ​នៅ​ក្នុង​គ្រប់​ឡាន​ដើរ​ដោយ​ប្រេង​ម៉ាហ្ស៊ូត ដើម្បី​បង្វៀង​ច្បាប់​ប្រឆាំង​នឹង​ការ​បញ្ចេញ​ផ្សែង​បំពុល​បរិយាកាស​របស់​អាមេរិក។ ​ នៅក្នុង​ពេល​​​ធ្វើ​តេស្ត​វាស់​​ការ​បញ្ចេញ​ផ្សែង​ពុលនៃ​ឡាន កម្មវិធី​ដ៏​ទំនើប​នេះក៏​ផ្តើម​ដំណើរការ​ ​ ដោយ​ទៅ​ទប់ និង​កាត់​បន្ថយ​ ជា​លក្ខណៈ​សប្បនិម្មិត មិន​ឱ្យ​​ឧស្ម័ន​ពុលណា ដូច​ជា​អ៊ុតស៊ីត​អាហ្សូតអាច​ចេញ​មក​ក្រៅ​តាម​ផ្សែង​បាន​។ នៅ​ពេល​ធ្វើ​តេស្ត​ចប់ រថយន្ត​ដំណើរ​ការ​ជា​ធម្មតា កម្មវិធី​នោះ​ក៏​បិទ​ទៅ​វិញ ឡាន​ក៏​បញ្ចេញ​ផ្សែង​ពុល​​យ៉ាង​ច្រើន​។ ពោល​គឺ​ឡាន​ទាំង​អស់​នោះ​មិន​បាន​គោរព​តាម​បទដ្ឋាន​បរិស្ថាន​ទេ។

កម្មវត្ថុ​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វ៉ុលវាហ្គែន​ ធ្វើ​បែប​នេះ គឺ​ដើម្បី​មិន​ពិបាក​កែ​ប្រែ​គំរូ​ម៉ាស៊ីនឡាន​អាល្លឺម៉ង់ថ្មី​ ដើម្បី​បំពេញ​តាម​បទ​ដ្ឋាន​កំណត់​ដោយ​សហរដ្ឋ​អាមេរិក ដែល​ជា​បទដ្ឋាន​ដ៏​តឹង​តែង​បំផុត​មួយ​នៅ​លើ​ពិភពលោក។

អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកលវិទ្យាល័យ​ដេញ​ទាន់​​ក្រុមហ៊ុន​វ៉ុលវ៉ាហ្គែន

តាំង​ពី​ឆ្នាំ​២០១៣​មក អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិក International Council for Clean Transportation (ICCT) បាន​ធ្វើ​ការ​ជា​មួយ​អ្នក​ស្រាវជ្រាវ​ សកលវិទ្យាល័យ​ Virginie – Occidentale ​និង​ធ្វើ​តេស្ត​លើ​ម៉ាស៊ីន​ប្រើ​ប្រេង​ម៉ាហ្ស៊ូត។ អ្នក​ស្រាវជ្រាវ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ធ្វើ​តេស្ត​លើ​ឡាន​វ៉ុលវ៉ាហ្គែន​ទៅ​ឃើញ​មាន​ការ​បញ្ចេញ​ផ្សេង​ពុល​ខ្លាំង​ជាង​ការ​អួតអាង​របស់​ក្រុមហ៊ុន។ ទើប​ទៅ​ពញ្ញាក់​ស្មារតី​ភ្នាក់ងារការពារ​បរិស្ថាន។ ភ្នាក់ងារ​ពិនិត្យ​ទៅ​ឃើញ​ដូច្នេះ​មែន ក៏​គំរាម​​ចង់​អាជ្ញាប័ណ្ណ​រថយន្ត​ម៉ាហ្ស៊ូត​ផលិត​ឆ្នាំ​២០១៦ ទើប​ក្រុមហ៊ុនអាល្លឺម៉ង់​ព្រម​​សារភាព។

​ពិន័យ​ដល់​ទៅ​១៦ពាន់​លាន​អឺរ៉ូ​?

រឿង​អាស្រូវ​នេះ​ ទាក់ទង​តែ​នឹង​ឡាន​ប្រើ​ប្រេង​ម៉ាហ្ស៊ូត​ ម៉ាក វ៉ុលវ៉ាហ្គែន និង​អូឌី ដែល​ផលិត​នៅ​រវាង​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥​។ បើ​រាប់​ជា​ឡាន​ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​​ដាក់​លក់​​នៅ​អាមេរិក​គឺ​មាន​ដល់​ទៅ ៤៨២០០០​គ្រឿង ! ឥលូវ​រាល់​ការ​លក់​រថយន្ត​ប្រភេទ​នេះ​ត្រូវ​បញ្ឈប់​ទាំង​ស្រុងលើ​ទឹក​ដី​អាមេរិក។ តម្លៃ​ពិន័យ​មួយ​គ្រឿងៗ ៣៣០០០​អឺរ៉ូ ពោល​គឺ​ស្មើ​នឹង​ប្រមាណ​​១៦​ពាន់​លាន​អឺរ៉ូ។ ប៉ុន្តែ​បើ​​តាម​អ្នក​វិភាគ​ការ​ខាត​បង់​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ មាន​ទំហំ​ធំ​ជាង​ការ​​​វាស់​ស្មាន​ជា​លុយ​ខ្លាំងណាស់។ ជំនឿ និង​រូបភាព​រថយន្ត​ប្រណិត​ល្អ​ គុណភាព​គ្មាន​ប្រៀប​ កំពុង​ត្រូវ​ប្រលាក់​ប្រលូស ផ្អើល​ពេញ​​​ពិភលោក។

គ្រាន់​តែ​រឿង​អាស្រូវ​ត្រូវ​ទម្លាយ​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​អស់​១៧% និង​បើ​គិត​ជា​លុយ​បាន​ខាត​អស់​ជាង​១៥​ពាន់​លានអឺរ៉ូ។ ថ្ងៃនេះ​ភាគហ៊ុន​បន្ត​ធ្លាក់​ថ្លៃ​អស់​៤%​បន្ថែម​ទៀត។ លើស​ពីនេះ​ទៅ​ទៀត ក្រុមហ៊ុន​អាល្លឺម៉ង់​ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ​អាមេរិក។ អាជ្ញាធរ​អាមេរិក​គ្រោង​នឹង​បើក​ការ​អង្កេត​​ព្រហ្មទណ្ឌប្រឆាំង​នឹង​ក្រុមហ៊ុន​វ៉ុលវ៉ាហ្គែន។

ផលវិបាក​ឆ្លង​ទ្វីប

រឿង​អាស្រូវ​វ៉ុលវ៉ាហ្គែន​ នេះ​ពិត​ជា​អាច​នាំ​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ ឱ្យ​វិលវល់​ជាមួយ​ដែរ។ ភ្នាក់ងារ​បរិស្ថាន​អាមេរិក​បាន​ប្រកាស​ធ្វើ​ការ​ស៊ើប​អង្កេត​​លើ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ក្រែង​មាន​បំពាក់​កម្មវិធី​ដូច​ឡាន​វ៉ុលវ៉ាហ្គែន​នេះ​ដែរ។ អាច​ជា​ក្រុមហ៊ុន​Fiatរបស់​អាមេរិក ឬ​ក្រុមហ៊ុនផលិត​ឡានជប៉ុន Mazda ផង​។

ផលវិបាក​ មិន​មែន​កំរិត​ត្រឹម​ក្នុង​ទឹកដី​អាមេរិក​ទេ។ រដ្ឋាភិបាល​បារាំង​បាន​ទាមទារ​ឱ្យ​មាន​អង្កេត​ថា្នក់​អឺរ៉ុប។ បើ​តាម​អង្គការ​ International Council for Clean Transportation (ICCT) ដដែល​ វ៉ុលវ៉ាហ្គែន​ទំនង​ជា​បាន​ប្រើវិធី​ដូចគ្នា​​ ​តែ​មួយ​នេះនៅ​អឺរ៉ុប​។ ក្នុង​ពេល​រង់ចាំ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​អឺរ៉ុប អង្គការ​ការពារ​បរិស្ថាន​អាល្លឺម៉ង់ បាន​លើក​ឡើង​ដោយ​ចំៗ​ថា អ្នក​ផលិត​ឡាន​ដឹង​ច្បាស់ថា​គ្មាន​ការ​ត្រូត​ពិនិត្យ​តាមក្រោយ​ទៀត​ទេ​នៅ​អឺរ៉ុប ដូច្នេះវា​កាន់​តែ​ងាយ​បន្លំ និង​បន្លំ​ធំ​ខ្លាំង​ទៀត​នៅ​អឺរ៉ុប។​

ចំណែក​​រដ្ឋាភិបាល​អាល្លឺម៉ង់​ខ្លួន​​ឯង​ក៏​បាន​ចេញ​បញ្ជា​ឱ្យ​មាន​ធ្វើ​តេស្ត​ស៊ីជម្រៅ​លើ​គ្រប់​មូឌែល​ឡាន​ម៉ាហ្ស៊ូត របស់​ក្រុមហ៊ុន​នេះ។ នៅ​កូរ៉េ​ខាង​ត្បូង រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​កោះ​ហៅ​តំណាង​ក្រុមហ៊ុន​វ៉ុលវ៉ាហ្គែន​នៅ​សេអ៊ូល​ចូល​ជួប​ និង​ចាប់​ផ្តើម​ធ្វើ​តេស្ត​ចាប់​ពី​ដើម​ខែ​ក្រោយ​ទៅ​ដែរ ដោយ​នឹង​ត្រូវ​ចេញ​លទ្ធផល​នៅ​ខែ​វិច្ឆិកា។

ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ​ទៀត សុទ្ធ​តែ​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​លើ​សំណុំ​រឿង​ដ៏​ក្តៅ​គគុក​មួយ​នេះ។ គ្រប់​អ្នកវិភាគ​សុទ្ធ​តែ​មើល​ឃើញ​ថា បច្ចេកវិទ្យា​បិទ​បាំង​ការ​បញ្ចេញ​ផ្សែង​បំពុល​បរិយាកាស​នេះ ទំនង​ជា​ត្រូវ​លក់​ផ្សព្វផ្សាយ​ប្រើ​នៅ​តាម​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​។ រឿង​អាស្រូវ​វ៉ុលវ៉ាហ្គែន គ្រាន់​តែ​ចំណែក​មួយ​ដែល​លេច​ត្រដែត​ឡើ​ង​លើ​ផ្ទៃទឹក តែ​គេ​មិន​ដឹងថា​មាន​លាក់​​ ​ ​រឿង​អាស្រូវ នៅ​ខាង​ក្រោម​ ទំហំប៉ុណ្ណា​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ