បាតកម្មអាវកាក់លឿង សប្តាហ៍ទី១៧ មនុស្សចូលរួមកាន់តែចុះខ្សោយ
ដូចរៀងរាល់ថ្ងៃសៅរ៍ នៅប្រទេសបារាំង ក្រុមចលនាបាតុកម្មអាវកាក់ពណ៌លឿង បាននាំគ្នាចុះផ្លូវធ្វើបាតុកម្ម នៅតាមទីក្រុងធំៗនានា។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺក្រុមអាវកាក់ពណ៌លឿង មានមនុស្សចូលរួម កាន់តែតិចទៅៗ ខណៈដែលវេទិកាជួបជជែកស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ រៀបចំដោយរដ្ឋាភិបាលបារាំងនោះ ជិតដល់ថ្ងៃបិទបញ្ចប់។ នៅទីក្រុងប៉ារីស ក្រុមអាវកាក់លឿង បានព្យាយាមអូសទាញក្រុមចលនាបាតកម្មផ្សេងទៀតឲ្យចូលរួមជាមួយខ្លួន តែមិនបានសម្រេច។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ព្រឹកថ្ងៃសៅរ៍ ទី៩មីនា ក្រុមអាវកាក់ពណ៌លឿង បានចាប់ផ្តើមជួបជុំគ្នា នៅទីលានវិមានជ័យជំនះ ក្នុងសង្កាត់សង់អេលីហ្សេ ទីក្រុងប៉ារីស។ នៅមិនឆ្ងាយប៉ុន្មានពីទីនោះ មានចលនាបាតុកម្មរបស់ក្រុមផ្សេងៗទៀត មានដូចជាក្រុមអាវកាក់ក្រហម ដែលជាក្រុមសហជីពពលករ និងក្រុមអាកាក់ពណ៌ផ្កាឈូក ដែលជាក្រុមបុគ្គលិកមើលថែរកុមារ។ ក្រុមទាំងនេះ សុទ្ធតែមានកម្មវត្ថុរៀងៗខ្លួន ក្នុងការធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលលោកម៉ាក្រុង ដោះស្រាយ។
នៅតាមបណ្តាញសង្គម ក្រុមបាតុកម្មអាវកាក់លឿង បានអំពាវនាវឲ្យមនុស្សមកជួបជុំ បោះទីតាំងជុំគ្នានៅខាងក្រោម Tour Eiffel នៅពេញមួយចុងសប្តាហ៍នេះ។ ក៏ប៉ុន្តែ កាលពីយប់ថ្ងៃសុក្រ នរគបាល បានចុះមករំសាយបាតុករអាវកាក់លឿង ដែលកំពុងតែចាប់ផ្តើម រៀបចំធ្វើរោងបោះជំរុំ។
គួររំលឹកថា ក្រុមអាវកាក់ពណ៌លឿង ដែលបានចាប់ផ្តើមធ្វើបាតុកម្មតាំងតែពីខែវិច្ឆិកា ហាក់ថយកម្លាំងគាំទ្រខ្លាំង ហើយមិនអាចប្រមែរប្រមូលកម្លាំងបាតុករ របស់ក្រុមផ្សេង ឲ្យចូលរួមជាមួយខ្លួនទេ។ អំពើហិង្សាដែលកើតមានជាបន្តបន្ទាប់ បង្កឡើងដោយក្រុមបាតុករអាវកាក់លឿងខ្លះ បានធ្វើឲ្យចលនាបាតុកម្មនេះ ត្រូវគេរិះគន់ខ្លាំង។
សូមបញ្ជាក់ថា វេទិកាជជែកដោះដូរយោបល់ទូទាំងប្រទេស ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលលោកម៉ាក្រុង ដើម្បីស្វែងយល់ពីតំរូវការ និងបញ្ហាប្រឈមនានា របស់ប្រជាជនគ្រប់មជ្ឈដ្ឋាន។ វេទិកានេះ គឺជាការឆ្លើយតបរបស់រដ្ឋាភិបាលបារាំង ទៅនឹងចលនាតវ៉ា របស់ក្រុមអាវកាក់ពណ៌លឿង ដែលបានធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលគិតគូរ ពីជីវភាពរបស់ប្រជាជន ហើយត្រូវផ្តល់យុត្តិធម៌ដល់ប្រជាជនបារាំង ដែលក្រីក្រ។
គួរកត់សំគាល់ដែរថា កាលពីថ្ងៃទី១៧វិច្ឆិកា ក្នុងឱកាសបាតុកម្មលើកទីមួយ របស់ក្រុមអាវកាក់លឿង គឺមានមនុស្សចូលរួមទូទាំងប្រទេស ប្រមាណ២សែន៩ម៉ឺននាក់។ ក៏ប៉ុន្តែ កាលពីបាតុកម្មថ្ងៃទី២មីនា គឺនៅសល់មនុស្សតែ ៤ម៉ឺននាក់ប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ ក្រុមតំណាងអាវកាក់លឿង នៅតែអះអាងថា ការតវ៉ានៅតែមានសន្ទុះខ្លាំង ហើយសន្យាថា នឹងប្រមូលកម្លាំងឲ្យបានច្រើន នៅថ្ងៃទី១៦មីនា ចំពេលដែលវេទិកាជជែកយោបល់ទូទាំងប្រទេស ត្រូវបិទបញ្ចប់ជាស្ថាពរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ