អានតួអត្ថបទ
កម្ពុជា-នយោបាយ

តំណាង​កម្ពុជា​នៅ UN ប្រឆាំង​ការ​ពិភាក្សា​ស្តីពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​នៅ​អង្គការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​កម្ពុជា​តវ៉ា​ប្រឆាំង​នឹង​ការ​រៀប​ចំ​កិច្ច​ពិភាក្សា​បែប​នេះ ព្រោះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ហេតុ​ផល​នយោបាយ និង​មាន​ចេតនា​យ៉ាង​ច្បាស់​ក្នុង​ការ​បំភាន់​សាធារណៈ​អន្តរ​ជាតិ។ ការ​ប្រកាស​របស់​តំណាង​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​អតីត​មន្ត្រី​បក្ស​ប្រឆាំង តំណាង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​គ្រោង​រៀប​ចំវេទិកា​ជជែក​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ @mfa
ផ្សាយពាណិជ្ជកម្ម

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ​បាន​ធ្វើ​ឡើង ដើម្បី​ពន្យល់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​នៃ​បណ្តាប្រទេស​ទាំង​អស់​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​ពី​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា និង​សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រៀប​ចំវេទិកា​និយាយ​ពី “ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា”។

ស្ថាន​បេសកកម្ម​កម្ពុជា​បាន​ហៅ​វេទិកា​នេះ ថា​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ដែល​ផ្ទុយ​នឹង​គោល​ការណ៍​នៃ​ការ​គោរព​អធិបតេយ្យភាព និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ច​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ ដូច​មាន​ចែង​ក្នុង​មាត្រា២ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាតិ។

សូម​ជម្រាប​ជូន​ថា​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​សហ​រដ្ឋអាមេរិក និង​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ គ្រោង​រៀប​ចំវេទិកា​មួយ​ស្តីពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ នៅ​ស្ថាន​បេសកកម្មអចិន្ត្រៃយ៍​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ។

កាល​ពីថ្ងៃទី១៧ ខែធ្នូ កញ្ញាកឹម មនោវិទ្យា កូន​ស្រី​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ពី​សហរដ្ឋ​អាមេរិក​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ កញ្ញា​នឹង​លើក​ឡើង​ពី​បញ្ហា​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ព្រម​ទាំង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ពី​សំណាក់​តុលាការ​កំពូល​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ កញ្ញា​នឹង​ស្នើ​ដល់​ប្រទេស ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ចាត់​វិធានការ​ចំពោះ​បញ្ហា​ទាំងអស់​នេះ។

លិខិត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​នៅ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ពន្យល់​ថា​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ក៏​ដូច​ជា​ការ​រំលាយបក្ស​ប្រឆាំង ធ្វើ​ឡើង​ដោយ​សារ​តែ​លោក កឹម សុខា បាន​លើក​ឡើង​ពី​ការ​បង្ហាត់​បង្រៀន​ដោយ​ប្រទេស​មហាអំណាច ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។ លិខិត​ដដែល​បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​រងការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌ ពី​ការ​រឹត​បន្តឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដោយ​សារ​ការ​បិទសារព័ត៌មាន​មួយ​ចំនួន​។

ចុង​ក្រោយ​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​នៅ​អង្គការ​សហប្រជា​ជាតិ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​គណបក្ស​នយោបាយ​ប្រមាណ​៣៥ បាន​ចុះ​បញ្ជី​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ