ព្រាប កុល៖ ការចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញជួយកាត់បន្ថយអំពើពុករលួយ
ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដំបូងបំផុតរបស់ប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ហើយ នៅព្រឹកថ្ងៃនេះ នៅក្រសួងពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានហៅការចុះតាមប្រព័ន្ធអនឡាញនេះ ថាផ្តល់ភាពងាយស្រួលដល់អ្នកដែលចង់ចុះបញ្ជីក្រុមហ៊ុនថ្មីៗ ឯមន្ត្រីសង្គមស៊ីវិលថាការណ៍នេះថា អាចកាត់បន្ថយអំពើពុករលួយបាន។ អត្តបទដោយ៖ ឃុត សុខឿន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤១
ថ្លែងនៅក្នុងពិធីសម្ពោធនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និយាយថាការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ កាត់បន្ថយការចំណាយពេលវេលាមកនៅត្រឹមតែ រយៈពេលមួយម៉ោង កាត់បន្ថយការប្រើប្រាស់ក្រដាសស្នាម កាត់បន្ថយការជួបមុខដោយផ្ទាល់ រវាងមន្ត្រីក្រសួងនិងអ្នកសុំចុះបញ្ជីពាណិជ្ជកម្ម។ ការចុះបញ្ជីពាណិជ្ជកម្មអនឡាញនេះ ធ្វើនៅកន្លែងណាមួយក៏បាននៅក្នុងប្រទេស និងក្នុងពិភពលោក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្តថា ការចុះបញ្ជីនេះ អាចអនុញ្ញាតអោយអ្នកស្នើសុំបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចបាន ហើយអាចអោយអ្នកស្នើសុំ បោះពុម្ពវិញ្ញាបនបត្រក្រុមហ៊ុនដោយខ្លួនឯងបាន។ ម្យ៉ាងវិញទៀត ការចុះបញ្ជីតាមអនឡាញនេះ ជួយសម្រួលដល់ការស្រាវជ្រាវព័ត៌មានសាធារណៈរបស់ក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មរួចហើយ។
ទាក់ទងនឹងការដាក់អោយប្រើប្រាស់ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនេះ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះក្រសួងពាណិជ្ជកម្ម។ លោកព្រាប កុល ចាត់ទុកវិធានការនេះ ថាជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិន ទាំងក្នុងស្រុកនឹងក្រៅស្រុក។ ជាមួយគ្នានេះផងដែរ លោក ព្រាប កុល បន្តថា វិធានការនេះ នឹងជួយកាត់បន្ថយអំពើពុករលួយតាមរយៈ ការយកលុយលើសពីចំនួនកំណត់ដោយច្បាប់ ការជួយធ្វើអន្តរាគមន៍ក្នុងការចុះបញ្ជី ការពន្យឺតដំណើរការចុះបញ្ជីពាណិជ្ជដើម្បីទារប្រាក់ជាដើម។
សូមបញ្ជាក់ថា ការរៀបចំប្រព័ន្ធអនឡាញសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មនេះ ធ្វើឡើងដោយកិច្ចសហការរវាងក្រុមហ៊ុនរបស់ប្រទេសញូវហ្ស៊ីលលែនឈ្មោះ Fooster Moore International និងក្រសួងពាណិជ្ជកម្ម។ ការរៀបចំនេះ ធ្វើឡើងពីខែឧសភា រហូតដល់ខែធ្នូឆ្នាំ ២០១៥។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ