អានតួអត្ថបទ
កម្ពុជា-ការងារ

លោក​អ៊ិត សំហេង៖ មក​ពេល​នេះ បេឡាជាតិ​របប​សន្តិសុខ​សង្គម​មាន​កម្មករ​ជា​សមាជិក​ជាង​២​លាន​នាក់

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ព្រឹក​មិញ​នេះ បាន​រៀប​ចំ​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ប្រកាស​អន្តរក្រសួង​ស្តី​ពី​ការ​កែ​សម្រួល​ឧបសម្ព័ន្ធ​១ ​នៃ​ស្តី​ពី​យន្តការ​ទូ​ទាត់​ថ្លៃ​សេវា​ផ្នែក​ថែ​ទាំ​សុខភាព។ នៅ​ក្នុង​សិក្ខាសាលា​នេះ លោក​អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ បាន​បង្ហាញ​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ បេឡាជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ មាន​សមាជិក​ជា​កម្មករ និយោជិត ប្រមាណ​ជាង​២​លាន​នាក់​ហើយ។

សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ប្រកាស​អន្តរ​ក្រសួង​ស្តី​ពី​ការ​កែ​សម្រួល​ឧបសម្ព័ន្ធ​១ នៃ​ស្តី​ពី​យន្តការ​ទូ​ទាត់​ថ្លៃ​សេវា​ផ្នែក​ថែ​ទាំ​សុខភាព
សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ប្រកាស​អន្តរ​ក្រសួង​ស្តី​ពី​ការ​កែ​សម្រួល​ឧបសម្ព័ន្ធ​១ នៃ​ស្តី​ពី​យន្តការ​ទូ​ទាត់​ថ្លៃ​សេវា​ផ្នែក​ថែ​ទាំ​សុខភាព @facebook
ផ្សាយពាណិជ្ជកម្ម

សម្រាប់​របប​ហានិភ័យ​ការងារ ដែល​ផ្តល់​ការ​ធានា​រ៉ាប់​រង​ពេល​កម្មករ​មាន​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការងារ ពេល​ធ្វើ​ដំណើរ​ទៅ​និង​ត្រឡប់​ពី​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នោះ គឺ​ចាប់​តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ រហូត​មក​ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៧ នេះ បេឡាជាតិ​របប​សន្តិសុខ​សង្គម​បាន​ចុះ​បញ្ជី​កា​សហគ្រាស គ្រឹះស្ថាន សរុប​ចំនួន​ជិត​១​ម៉ឺន​(៩.១៦៥)​សហគ្រាស ដោយ​មាន​កម្មករ​និយោជិត​ជា​សមាជិក​ប្រមាណ ១​លាន​ពីរ​សែន​នាក់។ ជាមួយ​គ្នា​នេះ បេឡាជាតិ​របប​សន្តិសុខ​សង្គម​(បសស) ក៏​បាន​ចេញ​សេចក្តី​សម្រេច​បើក​ផ្តល់​តាវកាលិក​ហានិភ័យ​ការងារ​ដល់​កម្មករ​និយោជិត​ដែល​រង​គ្រោះ​ថ្នាក់​ការងារ​ចំនួន ១​ម៉ឺន​១​ពាន់​នាក់ សម្រាប់​ការ​ព្យាបាល និង​ការ​ថែ​ទាំ​នៅ​តាម​មន្ទីរពេទ្យ ការ​បាត់​បង់​សមត្ថភាព​ការងារ​បណ្តោះ​អាសន្ន ការ​បាត់​បង់​សមត្ថភាព​ការងារ​ជា​អចិន្ត្រៃយ៍ និង​ទូទាត់​ថ្លៃ​ព្យាបាល​វេជ្ជសាស្រ្ត។ នេះ​បើ​តាម​លោក​អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ។

ដោយ​ឡែក​សម្រាប់​របប​ថែ​ទាំ​សុខភាព​វិញ បេឡាជាតិ​របប​សន្តិសុខ​សង្គម​(បសស)​បាន​ចុះ​បញ្ជី​កា​សហគ្រាស​គ្រឹះ​ស្ថាន​បាន​ចំនួន ៨២៨​សហគ្រាស ទូទាំង​រាជធានី-ខេត្ត ដោយ​មាន​កម្មករ​និយោជិត​ប្រមាណ​៩១​ម៉ឺន​នាក់។ ក្នុង​នោះ​សហគ្រាស ដែល​បាន​ដាក់​ឲ្យ​ជាប់​ភាគ​ទាន​មាន​ចំនួន​៦៩០​សហគ្រាស ។ លោក​រដ្ឋមន្រ្តី​អ៊ិត សំហេង បាន​បញ្ជាក់​ថា ប.ស.ស បាន​បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​កម្មករ​និយោជិត​ដោយ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ទូទាំង​រាជធានី-ខេត្ត ចំនួន​ជាង​១​ពាន់​(១.២៨៩) មូលដ្ឋាន រួម​មាន​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ​០៤ មន្ទីរពេទ្យ​បង្អែក​ចំនួន ១០៥ មណ្ឌល​សុខភាព​ចំនួន ១.១៦៩ និង​មន្ទីរពេទ្យ​ឯកជន​ចំនួន​១១ ក្នុង​នោះ សមាជិក​ទៅ​ប្រើ​ប្រាស់​សេវា​មាន​ប្រមាណ ៣១​ម៉ឺន​នាក់។

សូម​បញ្ជាក់​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨​ត​ទៅ កម្មករ​កម្មការិនី​ខ្មែរ​លែង​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​សម្រាប់​គាំពារ​សន្តិសុខ​សង្គម​ទៀត​ហើយ គឺ​រដ្ឋាភិបាល​កម្ពុជា បាន​តម្រូវ​ឲ្យ​ខាង​និយោជក ម្ចាស់​ក្រុមហ៊ុន ត្រូវ​បង់​ជំនួស ១០០% តែ​ម្តង។ បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ក៏​បាន​ប្រកាស​ផ្តល់​ប្រាក់​សោធន​និវត្តន៍ (ប្រាក់រឺត្រែត) ដល់​កម្មករ កម្មការិនី​ខ្មែរ​ផង​ដែរ​ចាប់​ពី​ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ត​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ