អានតួអត្ថបទ
កម្ពុជា

​សង្គម​ស៊ីវិល​ត្រៀម​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​១០ធ្នូ​ ផ្តោត​លើ​ឯករាជ្យភាព​របស់​តុលាការ

សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​២០០​ អង្គការ​-សមាគម ​នឹង​ប្រារព្ធ​ខួប​៦៦ឆ្នាំ ​នៃ​ទិវា​សិទ្ធិមនុស្ស​១០ធ្នូ នៅ​លើ​សួនច្បារ​មុខ​វត្ត​បទុមវត្តី​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី១០​ខែធ្នូ​ខាង​មុខ​នេះ។ ​តាម​គម្រោង​ ការ​ប្រារព្ធ​ពិធី​ក៏​មាន​ការ​ដើរ​ហែ​ក្បួន​ផង​ដែរ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​នៅ​មិន​ទាន់​មាន​ការអនុញ្ញាត​ពី​សាលាក្រុង​នៅ​ឡើយ​ទេ។​ ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០ធ្នូ​នៅ​ឆ្នាំនេះ​ គឺ​ផ្តោត​លើ​ឯករាជ្យភាព​របស់​តុលាការ។

លោក ​សួន ​ប៊ុនស័ក្តិ​ ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​គ​ណៈកម្មា​ធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ហៅ​កាត់​ថា ​CHRAC​ ។
លោក ​សួន ​ប៊ុនស័ក្តិ​ ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​គ​ណៈកម្មា​ធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ហៅ​កាត់​ថា ​CHRAC​ ។ RFI
ផ្សាយពាណិជ្ជកម្ម

ការ​ប្រារព្ធ​ទិវាសិទ្ធិ​មនុស្ស​១០ធ្នូ​ ដើម្បី​រៀប​ចំ​ពិធី​អបអរ​សាទរ​ខួប​ទី​៦៦​ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ​នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ៖​ “មាន​តុលាការ​ឯករាជ្យ​ មានការ​គោរព​សិទ្ធិមនុស្ស។​ នេះ​បើតាម​ការ​បញ្ជាក់​ពី ​លោក សួន ប៊ុនស័ក្តិ​ ប្រធាន​លេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ CHRAC។

បើតាម​លោក សួន ប៊ុនស័ក្តិ​ ទិវា​នេះ គ្រោង​ធ្វើឡើង​ នៅលើ​សួនច្បារ​មុខ​វត្តបទុមវត្តី​ក្នុង​ក្រុងភ្នំពេញ​ នា​ថ្ងៃទី១០​ខែធ្នូ​ខាងមុខនេះ​ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជា ៥០០០នាក់​ ដោយមាន​ការដើរ​ហែ​ក្បួន​ផងដែរ។ ​តាម​គម្រោង​ ការដើរ​ហែក្បួន​ នឹង​ចាប់​ផ្តើម​ចេញពី​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ កាត់​តាមផ្លូវ​ព្រះមុនីរ៉េត​ បត់​តាមផ្លូវ​ព្រះសីហនុ​ សំដៅ​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​សម្តេច​សុធារស​ ដោយ​កាត់​តាម​វិមានឯករាជ្យ​ ហើយ​បត់​ទៅ​កន្លែង​ប្រារព្ធ​ពិធី​នៅ​លើ​សួនច្បារ​មុខ​វត្តបទុមវតី​តែម្តង។ នេះ​គឺជា​យុទ្ធនាការ​ដ៏​ធំ​មួយ ដែល​ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា២០០​ អង្គការ​-សមាគម​ បាន​ត្រៀម​រៀបចំ​ឡើង​ ដើម្បី​អបអរសាទរ​ខួប​ទី៦៦​ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​ និង​ដើម្បី​ជំរុញ​ឲ្យ​តុលាការ​នៅក្នុង​ប្រទេស​កម្ពុជាមាន​ឯករាជ​ភាព។​ បើតាម​លោក សួន ប៊ុនស័ក្តិ​ បើកាលណា​ តុលាការ​ឯករាជ្យ​ នោះ​ការ​គោរព​សិទ្ធិមនុស្ស​នឹងត្រូវ​បាន​លើក​តម្កើង​។   

សូម​បញ្ជាក់​ថា សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បាន​ដាក់​លិខិត​សុំច្បាប់​ពី​សាលា​រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃទី៣ ខែវិច្ឆិកា​មក​ម្ល៉េះ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី៣០វិច្ឆិកា​នេះ នៅ​មិនទាន់​មាន​ការ​ឆ្លើយ​តប នៅ​ឡើយ​ទេ។  ការ​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​១០ធ្នូ​ខួប​ទី៦៦ ក៏​ធ្វើ​ឡើង​ដើម្បី​រម្លឹក​និង​បង្កើន​​កិច្ច​សហការ​​រវាង​អង្គការ​សង្គម​ស៊ីវិល ជាមួយ​នឹង​ស្ថាប័នរដ្ឋ ក្នុងការ​លើក ស្ទួយ ការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ផងដែរ ដោយ​ឆ្នាំនេះ ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បាន​យាង​អញ្ជើញ​ព្រះមហាក្សត្រ​ប្រទាន​ព្រះរាជ​ស័​ង្ក​ថា រួមទាំង​ការ​អញ្ជើញ​ប្រធាន​ព្រឹទ្ធសភា រដ្ឋសភា ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ប្រធាន​តុលាការ​កំពូល​​ផង​ដែរ ប៉ុន្តែ​មិនទាន់មាន​ការ​ឆ្លើយ​តប​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ