អានតួអត្ថបទ
កម្ពុជា

សង្គ្រោះ​ជាតិ​ស្នើ​កែ​ប្រែ​ច្បាប់​ដើម្បី​កាត់​បន្ថយ​អំណាច​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៩ សីហា​នេះ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​អំពី​លទ្ធផល​នៃ​សិក្ខាសាលា ស្ដីពី “នីតិវិធី​នៃ​ការ​តាក់តែង​ច្បាប់” សម្រាប់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ។ គណបក្ស​ប្រឆាំង​បាន​ឱ្យ​ដឹង​ថា​ខ្លួន​នឹង​ស្នើ​ឱ្យ​មាន​ការ​កែប្រែ​មាត្រា​ជា​ច្រើន​នៃ​ច្បាប់​ទាំង​បី​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ។ តុលាការ​ដែល​ច្បាប់​ចែង​ឱ្យ​រដ្ឋ​មន្ត្រី​មាន​សិទ្ធិ​ច្រើន។ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា សមាជិក​សភា​អាច​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ ប៉ុន្តែ​ច្បាប់​គឺ​ជា​ច្បាប់​ល្អ។

គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ សីហានេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីអំពីលទ្ធផលនៃសិក្ខាសាលា ស្ដីពី “នីតិវិធីនៃការតាក់តែងច្បាប់” សម្រាប់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៩ សីហានេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីអំពីលទ្ធផលនៃសិក្ខាសាលា ស្ដីពី “នីតិវិធីនៃការតាក់តែងច្បាប់” សម្រាប់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ។
ផ្សាយពាណិជ្ជកម្ម

លោក​សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ការ​ស្នើ​សុំ​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​អំណាច​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​តាម​រយៈ​មាត្រា​មួយ​ចំនួន​ ដែល​ច្បាប់​ស្តីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​បាន​ចែង។ ប៉ុន្តែ​ភ្លាម​ៗ ក្រសួង​យុត្តិធម៌ បាន​លើក​ឡើង​ការ​ស្នើ​សុំ​នោះ​គឺ​ជា​សិទ្ធ​របស់​សមាជិក​សភា ប៉ុន្តែ​ក្រសួង​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល នឹង​ពន្យល់​ពី​ខ្លឹមសារ​ច្បាប់​ប្រសិន​បើ​បក្ស​ប្រឆាំង​មិន​យល់។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ពី​មូលហេតុ​ថា គឺ​មក​ពី​ភាព​អយុត្តិធម៌​សង្គម កង្វះ​ប្រសិទ្ធ​ភាព​នៃ​សាលា​ជំរះ​ក្តី​ ដែល​ចំណុច​ទាំង​នេះ​ គឺ​ជា​កិច្ចការ​ចាំបាច់ ដែល​ត្រូវ​កែប្រែ​ដើម្បី​ធានា​យុត្តិធម៌​សង្គម។ លោក​សុន ឆ័យ បាន​ចោទ​រដ្ឋាភិបាល​ត្រង់​ៗ​ថា​បាន​យក​អំណាច​នេះ​ដាក់​សម្ពាធ​មក​បក្ស​ប្រឆាំង។

 
សូម​រំលឹក​ថា​ច្បាប់​ទាំង​បី​ ដែល​គណបក្ស​ប្រឆាំង​បាន​ស្នើ​នោះ​គឺ​ជា​ច្បាប់​ស្តីពី​ការ​រៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្តីពី​ការរៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ច្បាប់​ទាំងបី​នេះ ត្រូវ​បាន​អនុម័ត និង​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ចុង​ឆ្នាំ​២០១៤​នោះ គឺ​ជា​ច្បាប់​ដ៏​ចម្រូង​ចម្រាស់ ដែល​បក្ស​ប្រឆាំង​បាន​ពហិការ​មិន​ចូល​រួម​អនុម័ត ហើយ​សង្គម​ស៊ីវិល​ក៏​បាន​មើល​ឃើញ​ថា ជា​ច្បាប់​ដែល​ផ្តល់​អំណាច​ខ្លាំង​ដល់​រដ្ឋាភិបាល​ផង​ដែរ។ លោក សុខ សំអឿន អ្នក​ជំនាញ​ច្បាប់​នៅ​កម្ពុជា ក៏​បាន​ទទួល​ស្គាល់​ថា អំណាច​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ ដែល​ជា​តំណាង​ឱ្យ​រដ្ឋាភិបាល គឺ​មាន​ដែន​អំណាច និង​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​តែង​តាំង​ប្រធាន​តុលាការ ចៅក្រម និង​ព្រះរាជ​អាជ្ញាមែន។ ជា​អំណាច​តាម​រយៈ​សមាសភាព​ក្នុង​ច្បាប់​ស្តីពី​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម។ បើ​ទោះ​បី​ជា​មាន​ការ​រិះគន់ លោក​ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​បក​ស្រាយ​ថា​ច្បាប់​នេះ គឺ​យក​គំរូ​មក​ពី​ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់ និង​តាម​រយៈ​បទ​ពិសោធន៍​ការ​អនុវត្ត​ល្អ​ពី​បណ្តា​ប្រទេស​ជា​ច្រើន។ សម្រាប់​ក្រសួង​យុត្តិធម៌ ច្បាប់​ទាំងបី​នេះ គឺ​ជា​ច្បាប់​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ និង​ជា​ច្បាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ខ្មែរ។

សូម​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​វិសោធន​កម្ម​ច្បាប់​ ដែល​ទើប​តែ​អនុវត្ត​មិន​ដល់​ពីរ​ឆ្នាំ​នេះ​ផង​នូវ​ចំណុច​ជា​ច្រើន។ ក្នុង​នោះ​ស្នើ​កែប្រែ​ច្បាប់​ស្តីពី​ការ​រៀបចំ​អង្គការ​តុលាការ​ចំនួន​៣០​មាត្រា ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​ចំនួន​៤០​មាត្រា និង​ច្បាប់​ស្តីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ចំនួន​១៥​មាត្រា។ បើ​តាម​ការ​បញ្ជាក់​ពី​បក្ស​ប្រឆាំង​សំណើរ​វិសោធនកម្ម​នេះ គឺ​ទៅ​ដល់​ដៃ​រដ្ឋសភា​យ៉ាង​យូរ​សប្តាហ៍​ទី១ ដើមខែ​កញ្ញា​ខែ​ក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ