CCHR៖ ភាគីហត្ថលេខីសន្ធិសញ្ញាក្រុងប៉ារីសគួរប្រើឥទ្ធិពលជំរុញការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
នៅថ្ងៃទី ២៣ តុលា ស្អែកនេះ គឺជាខួប២៥ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែល ឈានដល់ការបញ្ចប់ជម្លោះអស់ជាច្រើនទស្សវត្សរ៍នៅកម្ពុជា និង បង្កើតក្របខណ្ឌសម្រាប់ ដោះស្រាយនយោបាយដោយឈរលើមូលដ្ឋានសិទ្ធិមនុស្ស និងនីតិរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយសាលាកប័ត្រព័ត៌មានស្តីពី លទ្ធិប្រជា ធិបតេយ្យនិងសិទ្ធិមនុស្សក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយបញ្ជាក់ថា ឆ្លើយតបនឹងការកើនឡើងកម្តៅនយោបាយនាពេលបច្ចុប្បន្ននេះ ប្រទេសហត្ថលេខី មិនគួរស្ទាក់ស្ទើរ ក្នុងការប្រើឥទ្ធិពលរបស់ខ្លួនទៅលើរដ្ឋាភិបាល ដើម្បីឈានទៅរកការគោរពសិទ្ធិមនុស្ស និង តម្លៃនៃលទ្ធិប្រជាធិបតេយ្យ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៥១
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR កាលពីថ្ងៃទី ២១ តុលា ម្សិលមិញ បានចេញផ្សាយ សាលាកប័ត្រព័ត៌មាន “លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ស្តីពីទិដ្ឋភាពទូទៅ និងការវិភាគជុំវិញការគោរពតាមបទប្បញ្ញត្តិសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលផ្សារភ្ជាប់ទៅនឹងលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស។
បើតាមមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា CCHR រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងការគោរពសិទ្ធិមនុស្ស ដូចជា ការមិនរើសអើង និង សេរីភាពខាងសាសនាជាដើម ដោយគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក៏ប៉ុន្តែកម្ពុជា នៅតែពុំទាន់អនុវត្តកាតព្វកិច្ចឲ្យបានពេញលេញក្នុងការធានាការគោរពសិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាននៅក្នុងប្រទេស ព្រមទាំង ការលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញនៅឡើយនោះទេ។
តាមរយៈការបង្កើតច្បាប់ថ្មី ដូចជា ច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល និង ច្បាប់ស្តីពីទូរគមនាគមន៍ ដែលរឹតត្បឹត និង ដាក់ពិន័យទៅលើការអនុវត្តស្របច្បាប់ផ្នែកសេរីភាពខាងការបញ្ចេញមតិ សមាគម និង ការប្រមូលផ្តុំ ហើយស្ថាប័នសំខាន់ៗមួយចំនួន ដូចជា តុលាការ និង យោធា បានបង្ហាញពីកង្វះឯករាជ្យគួរឲ្យព្រួយបារម្ភ។
ជាមួយគ្នានេះ សង្គមស៊ីវិលបានទទួលរងការបង្រ្កាបកាន់តែខ្លាំង ដោយអ្នកការពារសិទ្ធិមនុស្ស សកម្មជន និង គណបក្សប្រឆាំង ប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ការឃុំខ្លួន ព្រមទាំងអំពើហឹង្សា ដែលធ្វើឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ។ CCHR ក៏បានសម្តែងក្តីបារម្ភថា ប្រសិនបើករណីបច្ចុប្បន្ននៅតែបន្តកើតមានទៀតនោះ ការបោះឆ្នោតឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ អាចនឹងមិនសេរី យុត្តិធម៌ និង គួរឲ្យទុកចិត្តបាន។
ឆ្លើយតបទៅនឹងបញ្ហាដែលបានលើកឡើងខាងលើនេះ CCHR ចង់ឲ្យប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស និង រដ្ឋនានាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ត្រូវចាត់វិធានការបន្ថែមទៀត ជម្រុញឲ្យការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា កាន់តែប្រសើរឡើង។ ស្ថាប័នដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សមួយនេះ ចាត់ទុកថា សម្ពាធជាក់លាក់ពីបណ្តារដ្ឋនានាជាមួយនឹងការប្តេជ្ញាចិត្តមុតមាំចំពោះសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ពិតជាមានសារៈសំខាន់ ព្រោះជាទម្ងន់មួយទប់ទល់ទៅនឹងឥទ្ធិពលចិនមកលើកម្ពុជា។
យ៉ាងណាក៏ដោយ លោក Jean-David LEVITTE ទីប្រឹក្សាការទូតដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតីបារាំង និងជាឥស្សរជនមួយរូបដ៏សំខាន់ ក្នុងដំណើរការចរចាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ បានគូសបញ្ជាក់ដែរថា ប្រទេសហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺគ្មានភារៈកិច្ចលូកដៃរឿងកម្ពុជាទៀតទេ ព្រោះតួនាទីរបស់ពួកគេបានចប់ហើយ នៅក្រោយការបោះឆ្នោតលើកទី១រៀបចំដោយ UNTAC ហើយកម្ពុជាបានទទួលអធិបតេយ្យភាព និងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិវិញហើយដែរ។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងជាអនុសាសន៍មួយចំនួនទៅកាន់រដ្ឋាភិបាលផងដែរ ដូចជា បញ្ឈប់ការបៀតបៀនទាំងឡាយទៅលើអ្នកនយោបាយមកពីគណបក្សជំទាស់ និង បុគ្គលិកសង្គមស៊ីវិល បញ្ឈប់រាល់ការចោទប្រកាន់បែបនយោបាយទាំងអស់ រួមទាំងការបំពានលើច្បាប់បរិហាកេរ្តិ៍ និង ការធ្វើវិសោធនកម្មច្បាប់ដែលមានការរឹតត្បិត ធ្វើយ៉ាងណាឲ្យស្របតាមរដ្ឋធម្មនុញ្ញ និង កាតព្វកិច្ចរបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង ច្បាប់សិទ្ធិមនុស្ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ