អានតួអត្ថបទ
បារ៉ែន

បន្ទាប់ពី​អេហ្ស៊ីប លោក​អូបាម៉ា​កំពុងតែ​ឈឺក្បាល​នឹង​វិបត្តិ​នៅ​បារ៉ែន​មួយ​ទៀត

បើទោះជាមាន​ការបង្រ្កាប​ដោយ​កម្លាំង​ពី​អាជ្ញាធរ​យ៉ាងណា​ក៏ដោយ ចលនា​ប្រឆាំង​នៅ​ប្រទេស​បារ៉ែន​នៅតែ​មាន​សន្ទុះ​ខ្លាំងក្លា​ដដែល។ នៅថ្ងៃ​សុក្រ ១៨ កុម្ភៈ ២០១១​នេះ មនុស្ស​រាប់ពាន់នាក់​បាន​​មកចូលរួម​ពិធី​បញ្ចុះសព​បាតុករ ដែល​ស្លាប់​ដោយ​​ការបង្រ្កាប​បាតុកម្ម។ វិបត្តិ​នៅបារ៉ែន ដែល​អាមេរិក​មាន​មូលដ្ឋាន​ទ័ព​ដ៏ធំមួយ​នោះ ​កំពុង​​តែ​ធ្វើ​ឲ្យ​លោក​អូបាម៉ា​ត្រូវ​ឈឺក្បាល​ថែមទៀត បន្ទាប់​ពី​បញ្ហា​នៅ​អេហ្ស៊ីប​នៅមិនទាន់​ចប់​ស្រួលបួល។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅបារ៉ែន
បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅបារ៉ែន ©AFP
ផ្សាយពាណិជ្ជកម្ម

តើ​បដិវត្តន៍​របៀប​អេហ្ស៊ីប​អាច​កើតឡើង​​ដែរ​ឬ​ទេ​នៅ​បារ៉ែន?
07:28

បទវិភាគ​របស់ សេង ឌីណា

ប្រាំថ្ងៃ​មកហើយ​ដែល​​ប្រជាជន​បារ៉ែន​បាន​នាំគ្នា​បះបោរ​ប្រឆាំង​នឹង​ រដ្ឋាភិបាល ក្រោយ​ពី​ចលនា​បះបោរ​នៅ​​អេហ្ស៊ីប និង​ទុយនីស៊ី​បានទទួលជោគជ័យ។ ក្រុមបាតុករ​ប្រឆាំង​បាន​ទាមទារ​ឲ្យ​​រំលាយ​របបរាជានិយម​ផ្តាច់ការ​ចោល ហើយ​បង្កើត​របបដឹកនាំ​បែប​ប្រជាធិបតេយ្យ​មួយវិញ។

ចាប់តាំង​ពី​ផ្ទុះចលនា​បះបោរមក មាន​មនុស្ស ៤នាក់ បាន​បាត់បង់ជីវិត ដោយសារ​តែ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​បង្រ្កាប​បាតុកម្ម។ កងទ័ព​បារ៉ែន​ត្រូវ​បាន​គេ​ដាក់ពង្រាយ ដើម្បី​ទប់ទល់​ជាមួយ​បាតុករ។ ក៏ប៉ុន្តែ ការប្រើកម្លាំង​​​មិនបាន​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​ចុះថយ​នោះទេ។ បាតុករ​ខ្លះ​បាន​ប្តេជ្ញា​ថា​នឹង​សុខចិត្ត​ប្តូរ​ជីវិត ដើម្បី​ទាមទារ​សិទ្ធិសេរីភាព និង​យុត្តិធម៌។

ក្នុងពេលជាមួយ​គ្នា​នេះ ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​បារ៉ែន ក៏​កំពុង​គ្រោង​នាំគ្នា​រៀបចំ​ធ្វើ​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ដែរ។

គួរបញ្ជាក់ថា បារ៉ែន គឺ​ជា​ប្រទេស​តូចមួយ (ទំហំ​ប្រហែល​ទីក្រុង​ភ្នំពេញ) ស្ថិត​នៅជាប់​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​កាតា។ បារ៉ែន​មាន​ប្រជាជន​សរុប​តែ​ប្រមាណ ១លាន ៣សែន​នាក់​ប៉ុណ្ណោះ ភាគច្រើន (៧០%) ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម និកាយ​ស៊្ហីអ៊ីត (Chiite)។ ក៏ប៉ុន្តែ ​មេដឹកនាំ (រាជវង្សានុវង្ស មន្រ្តី​រដ្ឋាភិបាល និង​កងកម្លាំង​ប្រដាប់អាវុធ) សុទ្ធសឹង​តែ​ជា​​អ្នក​កាន់​និកាយ​ស៊ុននីត (Sunnite)។ ថ្វីដ្បិត​តែ​ជា​សាសនា​អ៊ីស្លាម​ដូចគ្នា ក៏ប៉ុន្តែ និកាយ​ទាំងពីរនេះ គឺ​ជា​សត្រូវ​នឹង​គ្នា។

បារ៉ែន​គឺ​ជា​សម្ព័ន្ធ​ដ៏​ចម្បង​មួយ​​របស់​អាមេរិក។ នៅបារ៉ែន​ អាមេរិក​​មាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ដ៏ធំមួយ ដើម្បី​ទុក​ធ្វើ​យុទ្ធនាការ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរ្ស៍ (Perse) ជាពិសេស ដើម្បី​ទុក​ទប់ទល់​នឹង​អៀរ៉ង់។

បន្ទាប់​ពី​វិបត្តិ​នៅ​អេហ្ស៊ីប នៅពេលនេះ លោក​អូបាម៉ា​កំពុង​តែ​ប្រឈមមុខ​នឹង​ជម្រើស​ដ៏​ពិបាក​មួយថ្មីទៀត​៖ តើ​ត្រូវ​គាំទ្រ​រដ្ឋាភិបាល​បារ៉ែន ដែល​ជា​សម្ព័ន្ធមិត្ត ឬ​ត្រូវ​គាំទ្រ​ចលនា​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ?

កាលពីថ្ងៃ​ពុធ កន្លងទៅនេះ លោក​អូបាម៉ា​បាន​ថ្លែងរិះគន់​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​បាន​ប្រើ​កម្លាំង​បង្រ្កាប​បាតុករ​ប្រឆាំង ក៏ប៉ុន្តែ មិនបាន​និយាយ​ដល់​រឿង​បង្រ្កាប​បាតុកម្ម នៅបារ៉ែន​នោះទេ។ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ទើប​លោកស្រី​គ្លីនតុន បាន​ចេញមុខ​អំពាវនាវ​ឲ្យ​​​គ្រប់ភាគី​មាន​ការអត់ធ្មត់ ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ នៅបារ៉ែន។ ក៏ប៉ុន្តែ អាមេរិក​នៅតែ​មិនទាន់​បង្ហាញ​ជំហរ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ ដូច​កាល​នៅ​ប្រទេស​អេហ្ស៊ីបនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ