អានតួអត្ថបទ
អ.ស.ប.-កូរ៉េខាងជើង-អាមេរិក

អង្គការសហប្រជាជាតិ​សុំ​ធ្វើ​ជា​អន្តរការី​នៅ​ក្នុង​ជម្លោះ​រវាង​អាមេរិក និង​កូរ៉េខាងជើង

នៅ​ថ្ងៃ​ពុធ ទី១៦ សីហា លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres ដែល​ទើប​ត្រឡប់​ពី​សម្រាក​លំហែកាយ​បាន​ធ្វើ​សន្និសីទកាសែត​មួយ​ដោយ​ចាប់​អារម្មណ៍​ពី​វិបត្តិ​រវាង​អាមេរិក និង​កូរ៉េខាងជើង។ ឆ្លៀត​ឱកាស​ដែល​ស្ថានការណ៍​រវាង​អាមេរិក និង​កូរ៉េខាងជើង​ហាក់​ស្ងប់ស្ងាត់​បន្តិច​នា​ពេល​នេះ លោក Antonio Guterres បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​អន្តរការី​នៅ​ក្នុង​វិបត្តិ​នេះ។ សូម​ជម្រាប​ជូន​ថា តួនាទី​មួយ​នេះ​ធ្លាប់​បាន​សន្យា​ធ្វើ​ដោយ​លោក​អតីត​អគ្គលេខាធិការ​បាន គីមូន តែ​មិន​បាន​ទទួល​ជោគជ័យ​ទេ។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres DR
ផ្សាយពាណិជ្ជកម្ម

ទើប​តែ​ត្រឡប់​ចូល​ធ្វើ​ការ បន្ទាប់​ពី​សម្រាក​លំហែកាយ​ក្នុង​ប្រទេស​ក្រិក​បាន​ពីរ​សប្តាហ៍ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​ចាប់​អារម្មណ៍​ភ្លាម​លើ​វិបត្តិ​ដែល​កំពុង​រសើប​ខ្លាំង​រវាង​អាមេរិក និង​កូរ៉េខាងជើង។ នៅ​ក្នុង​ឱកាស​សន្និសីទកាសែត​ជា​លើក​ទី២ ក្នុង​ឆ្នាំ ២០១៧ នេះ លោក Antonio បាន​លើក​ឡើង​ពី​ចំណុច​ពីរ ទី១ សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី ២សប្តាហ៍​មុន​ដែល​ផ្តន្ទាទោស​ចាស់​ដៃ​លើ​កូរ៉េខាងជើង​ស្តីពី​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក និង​ទី២ ការ​ដើរ​តួនាទី​ជា​អន្តរការី​ប្រកប​ដោយ​សុចរិត​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ឡើង​វិញ។

លោក Antonio បាន​យល់​ឃើញ​ថា នៅ​ចំពោះ​មុខ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​រវាង​កូរ៉េខាងជើង និង​អាមេរិក​ពេល​នេះ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ដែល​គេ​ត្រូវ​ព្យាយាម​កាត់​បន្ថយ និង​ពង្រឹង​ដំណោះស្រាយ​តាម​ផ្លូវទូត។ លោក Antonio បាន​បន្ថែម​ថា លោក​បាន​បញ្ជូន​សារ​ទៅ​ក្រុម​ប្រទេស​ពាក់ព័ន្ធ​ទាំង​អស់​ដើម្បី​ជំរុញ​ឲ្យ​មាន​ឡើង​វិញ​នូវ​កិច្ចចរចា​សន្តិភាព។ តែ​លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​អ្វី​ទាំង​អស់​ទាក់ទង​នឹង​ប្រតិកម្ម​របស់​រដ្ឋអំណាច​កូរ៉េខាងជើង ឬ​អាមេរិក។ សូម​រម្លឹក​ជូន​ថា គំនិត​ផ្តួចផ្តើម​របស់​លោក Antonio ក៏​ធ្លាប់​ត្រូវ​បាន​ធ្វើ​ជា​ច្រើន​ដង​ដោយ​លោក​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ដែរ តែ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទាំង​អស់។

យ៉ាង​ណា​ក៏​ដោយ ការ​ថ្លែង​របស់​លោក Antonio បាន​ធ្វើ​ឡើង បន្ទាប់​ពី​សង្រ្គាម​ពាក្យ​សម្តី​រវាង​កូរ៉េខាងជើង និង​អាមេរិក​ហាក់​បាន​ស្ងប់ស្ងាត់​បន្តិច។ ភាព​ស្ងប់ស្ងាត់​ក្រោយ​ពី​មនុស្សខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ថ្លែង​ក្នុង​ថ្ងៃទី១៥ សីហា​ថា លោក​ផ្អាក​ការ​បាញ់គ្រាប់មីស៊ីល​សំដៅ​លើ​កោះ Guam របស់​អាមេរិក។ ការ​សម្រេចចិត្ត​របៀប​នេះ​របស់​លោក​គីម ជុងអ៊ុន​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ចាត់​ទុក​ជា​​ការ​សម្រេចចិត្ត​ប្រកប​ដោយ​ឈ្លាសវៃ និង​មាន​ហេតុផល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ