អាមេរិកស្វែងរកមូលហេតុដែលនិស្សិតOtto Warmbier ធ្លាក់ខ្លួនសន្លប់ធំក្នុងពន្ធនាគារកូរ៉េខាងជើង
តើមានរឿងអ្វី កើតឡើងខ្លះ នៅពេល Otto Warmbier ស្ថិតក្នុងពន្ធនាគារកូរ៉េខាងជើង ? នៅសុខៗស្រាប់តែកូរ៉េខាងជើង ប្រកាសដោះលែងនិស្សិតអាមេរិកនេះ ក្រោមហេតុផលមនុស្សធម៌ ?! តាមការពិត Otto Warmbier បានត្រលប់មកស្រុកកំណើតវិញ កាលពីថ្ងៃពុធ ជាមួយនឹង អាការៈសន្លប់បាត់ស្មារតី ជំងឺបានប៉ះពាល់ប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរ។ បើតាមការសន្និដ្ឋានដំបូង របស់ក្រុមគ្រូពេទ្យអាមេរិក Otto Warmbier មិនមែនពុលអាហារ រួចលេបថ្នាំគេង ហើយបាត់ស្មារតីរហូត ដូចការអះអាងរបស់កូរ៉េខាងជើងទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៥
Otto Warmbier កំពុងមានដំបៅប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរ ដែលទំនងជាបណ្តាលមកមានបញ្ហាដង្ហើមឬគាំងបេះដូង ឈាមមិនអាចហូរទៅចិញ្ចឹមខួរក្បាលបានត្រឹមត្រូវ ! នេះបើតាមគ្រូពេទ្យដែលទទួលបន្ទុកព្យាបាលរូបយុវនិស្សិត។ ក្រុមគ្រូពេទ្យ ពុំទាន់អាចកំណត់មូលហេតុដែលជំរុញឱ្យអូតូ វ៉មមៀ ធ្លាក់ខ្លួនសន្លប់បាត់ស្មាតីបាន ហើយក៏រកពុំទាន់ឃើញសញ្ញានៃពុលអាហារ រហូតត្រូវលេបថ្នាំគេងលក់ដល់សន្លប់ ដូចដែលរបបព្យុងយ៉ាងបានពន្យល់ដែរ។
អ្នកឯកទេស យល់ថាព្យុងយ៉ាងគ្មានហេតុផលអ្វីត្រូវចាក់ថ្នាំឱ្យនិស្សិតអាមេរិកជាអ្នកទោសនេះ ដេកសន្លប់ឡើយ ប៉ុន្តែបើជាឧប្បត្តិហេតុដែលកើតឡើងដោយចៃដន្យ ទំនងជាត្រូវជាង។ ហេតុដូច្នេះហើយបានជាព្យុងយ៉ាងបិទរឿងនេះជិត។ តែដល់ពេលមួយ ទើបកូរ៉េខាងជើងភ្ញាក់ខ្លួន ចំពោះស្ថានភាពកាន់តែដុនដាបរបស់អ្នកទោស លាក់លែងកើត ទើបផ្តើមគំនិតដាក់ឱ្យដំណើរការភ្លាមបណ្តាញការទូត ដោះលែងOtto Warmbier។ កូរ៉េខាងជើងក៏ទំនងជាស្លន់ស្លោដែរ នៅពេលឃើញស្ថានភាពសុខភាពនិស្សិតអាមេរិកធ្លាក់ធ្ងន់ធ្ងរខ្លាំងនោះ។ នេះបើតាមអ្នកជំនាញនយោបាយស្តីពីកូរ៉េខាងជើង។
តាមធម្មតាកូរ៉េខាងជើងចូលចិត្តចាប់ជនជាតិអាមេរិក ហើយរៀបចំឆាកឈុតកាត់ទោស ដាក់ទោសជាទម្ងន់ ដើម្បីទាក់ទាញឥស្សរជនជាន់ខ្ពស់អាមេរិក (អតីតប្រធានាធិបតី Jimmy Carter Bill Clinton ...) ឱ្យមកទស្សនាក្រុងព្យុងយ៉ាង ជាថ្នូរនឹងសេរីភាពជនជាតិអាមេរិកនោះ។ យុទ្ធសាស្ត្រនេះគឺដើម្បីជាប្រយោជន៍ឃោសនានយោបាយក្នុងស្រុក។
ប៉ុន្តែក្នុងករណី Otto Warmbier កូរ៉េខាងជើងរបេះក្បាច់ ! ជាទូទៅ របបព្យុងយ៉ាងចង់មើលការខុសត្រូវអ្នកទោសអាមេរិកឱ្យបានល្អ ឬល្អខ្លាំងបំផុតផង ព្រោះយូរឬឆាប់ពួកគេនឹងដោះលែងវិញហើយ។ អ្នកទោសអាមេរិកបានរួចខ្លួនខ្លះ រៀបរាប់អំពីការរងទណ្ឌកម្មធ្វើពលកម្មធ្ងន់ពេញមួយថ្ងៃវែង ពីបញ្ហាថ្នាំសង្កូវ ពីការរំលោភបំពានចិត្តសាស្ត្រ តែខ្លះទៀតបានលើកឡើងអំពីលក្ខខណ្ឌទោសបែបអនុគ្រោះខ្លាំង។ គិតមកត្រឹមថ្ងៃនេះ នៅមានជនជាតិអាមេរិកបីនាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ