អានតួអត្ថបទ
សេដ្ឋកិច្ច

យល់ដឹង​ពី​ការដួល​ដាំដូង​នៃ​ទីផ្សារ​មូលបត្រ ក្នុងពេលនេះ

នៅ​ថ្ងៃ​ចន្ទ​ទី​៨​សីហា​នេះ ទីផ្សារ​មូលបត្រ​បាន​បន្ត​ធ្លាក់​ដាំដូង​នៅ​គ្រប់​ទី​កន្លែង ដូច​កាល​ពី​សប្តាហ៍​មុន​ទៀត។ ផ្តើម​ឡើង​មុន​គេ គឺ​ទីផ្សារ​អាស៊ី ក្រោយ​មក​ទៀត​គឺ​ទីផ្សារ​អឺរ៉ុប ហើយ​គេ​កំពុង​ចាំ​មើល​ស្ថានភាព​នៃ​ទីផ្សារ​អាមេរិកាំង​ដែល​នឹង​ត្រូវ​បើកទ្វារ នៅ​ប៉ុន្មាន​ម៉ោង​ទៀត​ខាង​មុខ​នេះ។ វិទ្យុ​RFI សូម​ផ្តល់​សំណួរ​និង​ចម្លើយ ដើម្បី​សាកល្បង​ពន្យល់​បំភ្លឺ​នូវ​បាតុភាព​ដ៍​គួរ​ឲ្យ​ព្រួយ​បារម្ភ​នេះ ពីព្រោះ​វា​អាច​នឹង​បណ្តាល​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មួយ​ថ្មី ដូច​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ។

បុរស​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​នៅទីក្រុង​ហុងកុង​ដែល​បង្ហាញ​ពី​ការធ្លាក់​តម្លៃ​ភាគហ៊ុន​
បុរស​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​នៅទីក្រុង​ហុងកុង​ដែល​បង្ហាញ​ពី​ការធ្លាក់​តម្លៃ​ភាគហ៊ុន​ ©Reuters
ផ្សាយពាណិជ្ជកម្ម

តើ​ជា​ទូទៅ​ការធ្លាក់​ដាំដូង​នៃ​បណ្តា​ទីផ្សារ​មូលបត្រ​អន្តរជាតិ​មាន​ន័យ​យ៉ាង​ដូច​ម្តេច?

ទីផ្សារ​មូលបត្រ​ក៏​ដូច​ទីផ្សារ​ប្រភេទ​ដទៃ​ផ្សេង​ដែរ វា​ហក់​លោត​ទៅ​តាម​អ្វី​ដែល​ជា​ច្បាប់​នៃ​ទីផ្សារ​សេរី នោះ​គឺ​ការ​ផ្គត់ផ្គង់​និង​តម្រូវការ។ ឲ្យ​តែ​តួអង្គ​សេដ្ឋកិច្ច​ភាគ​ច្រើន​នាំ​គ្នា​ផ្អើល​លក់​ចោល​ជា​ជាង​ទិញ​ទុក នោះ​តម្លៃ​មូលបត្រ​នឹង​ត្រូវ​ចុះ​ថោក បាន​ន័យ​ថា​នៅ​ទី​បំផុត ទី​ផ្សារ​នឹង​ត្រូវ​បាត់​បង់​ធន។ ជាក់ស្តែង ការ​រំជើបរំជួល​និង​ការ​ធា្លក់​ដាំដូង​នៃ​តម្លៃ​មូលបត្រ​នៅ​អាស៊ី អឺរ៉ុប​និង​អាមេរិក ពេញ​មួយ​សប្តាហ៍​មុន​នេះ បាន​បណ្តាល​ឲ្យ​ទីផ្សារ​មូលបត្រ​ក្នុង​លោក​បាត់បង់​ទឹក​ប្រាក់​ប្រមាណ​២៥០​ម៉ឺន​លាន​ដុល្លារ។

បើ​សិន​ជា​ទីផ្សារ​មូលបត្រ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក បន្ត​ដួល​ដាំដូង​ច្រើន​ថ្ងៃ​​ ឬ​ច្រើន​សប្តាហ៍​ជាប់ៗ​គ្នា នោះ​នឹង​មាន​កើត​ឡើង​នូវ​អ្វី​ដែល​គេ​ហៅ​ថា​វិបត្តិហិរញ្ញវត្ថុ បាន​ន័យ​ថា​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ដែល​បាន​បោះ​មូលបត្រ​លក់​ នៅ​លើ​ទីផ្សារ​ត្រូវ​ខាត​ឡុងចុង​ ហើយ​នៅ​ទី​បំផុត​វិបត្តិ​ហិរញ្ញវត្ថុ​នឹង​បង្ក​ជា​វិបត្តិ​សេដ្ឋកិច្ច​ដែល​ស្តែង​ចេញ ជា​អាទិ៍​តាម​រយៈ​ការ​ថម​ថយ​នៃ​ការ​ធ្វើ​វិនិយោគ ការ​បិទ​ទ្វារ​រោង​ចក្រ​ជា​បន្ត​បន្ទាប់ ការ​កើន​ឡើង​នៃ​អ្នក​អត់​​ការងារ​ធ្វើ។ល។និង។ល។
 
ការ​ដួល​ដាំដូង​របស់​ទីផ្សារ​មូលបត្រ គឺ​ជា​ផលវិបាក​ហូរ​ចេញ​ពី​ការ​បាត់បង់​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ។ ហេតុអ្វី​បាន​ជា​តាំង​ពី​សប្តាហ៍​មុន​មក​ទល់​ថ្ងៃ​ចន្ទ​ទី​៨​សីហា​នេះ អ្នក​វិនិយោគ​បាត់​បង់​ទំនុក​ចិត្ត?
 
មាន​មូលហេតុ​ច្រើន​យ៉ាង​ដែល​បាន ​និង​កំពុង​បន្ត​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​ទំនុក​ចិត្ត។ មាន​ជា​បឋម ស្ថានភាព​មិន​ជាក់លាក់​នៃ​សេដ្ឋកិច្ច​អាមេរិកាំង។ ជា​ការ​ពិត​ហើយ​ដែល​ថា អាមេរិក​នៅ​ទី​បំផុត​បាន​ចេញ​រួច​ពី​វិបត្តិ​ជុំ​វិញ​ការ​លើក​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណុល​របស់​ខ្លួន និង​បាន​បញ្ចៀស​ការ​ក្ស័យ​ធន​នៃ​សេដ្ឋកិច្ច​ជាតិ ក៏​ប៉ុន្តែ​ទីផ្សារ​នៅ​បន្ត​ភ័យ​ញាក់​សាច់​នៅ​ឡើយ។ ភ័យ​ញាក់​សាច់ ពីព្រោះ​ថ្នាក់​ដឹក​នាំ​អាមេរិកាំង​បាន​យក​សេដ្ឋកិច្ច​ជាតិ​មក​ធ្វើ​ជា​ចំណាប់​ខ្មាំង​អស់​ជា​ច្រើន​សប្តាហ៍ ដើម្បី​ទាញ​យក​ប្រយោជន៍​នយោបាយ។

ទីផ្សារ​នៅ​ភ័យ​ញាក់​សាច់​ពីព្រោះ​សេដ្ឋកិច្ច​អាមេរិកាំង​បង្ហាញ​នូវ​សញ្ញា​អវិជ្ជមាន​ច្រើន ដូច​ជា​អត្រា​ខ្ពស់​រហូត​ដល់​ទៅ​ជាង​៩​ភាគ​រយ​នៃ​អ្នក​អត់​ការងារ​ធ្វើ និង​អត្រា​ទាប​ជ្រុល​គឺ​ប្រមាណ​តែ​១,៣​ភាគ​រយ​ប៉ុណ្ណោះ​នៃ​កំណើន​សេដ្ឋកិច្ច។ បាន​ន័យ​ថា អាមេរិក​ដែល​ជំពាក់​លុយ​គេ​វ័ណ្ត​ក​រួច​ស្រេច​ទៅ​ហើយ​នឹង​ប្រហែល​ជា​ត្រូវ​បង្កើន​កម្រិត​ប្រាក់​បំណុល​បន្ថែម នា​ពេល​ខាង​មុខ​ទៀត។

មូលហេតុ​មួយ​ទៀត​ដែល​កំពុង​ធ្វើ​ឲ្យ​ទីផ្សារ​ភ័យ​ញាក់​សាច់​នោះ គឺ​ការ​បញ្ចុះ​ជា​លើក​ទី​មួយ​បង្អស់​ដោយ​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បំណុល​Standard and Poor's  នូវ​អ្វី​ដែល​គេ​ហៅ​ថា​ ពិន្ទុ​ឧត្តមភាព​នៃ​សេដ្ឋកិច្ច​អាមេរិកាំង ពី​អក្សរ​A បី​ដង មក​នៅ​ត្រឹម​A ពីរ​ដង។ នេះ​បាន​ន័យ​ថា Satndard and Poor’s គ្មាន​ជំនឿ​១០០​ភាគ​១០០ លើ​សមត្ថភាព​របស់​រដ្ឋអាមេរិកាំង ​ក្នុង​ការ​សង​បំណុល​ខ្លួន​បាន​នោះ​ទេ។ ការ​ដែល​អាមេរិក​ទទួល​បាន​ពិន្ទុ​មិន​ល្អ​យ៉ាង​ដូច្នេះ ក៏​មាន​ន័យ​ដែរ​ថា​ពី​ពេល​នេះ​ត​ទៅ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ​ត្រូវ​ខ្ចី​លុយ​ពី​ទី​ផ្សារ​ក្នុង​អត្រា​ការ​ប្រាក់​កម្ចី​ខ្ពស់​ជាង​មុន ជាហេតុ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិកាំង​រឹងរឹត​តែ​ផុយ​ស្រួយ នា​ពេល​ខាង​មុខ។ ហើយ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ឲ្យ​តែ​សេដ្ឋកិច្ច​អាមេរិកាំង​ក្អក សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​ផ្តាសាយ​មួយ​រំពេច ដ្បិត​សេដ្ឋកិច្ច​ពិភពលោក​ពឹងពាក់​សេដ្ឋកិច្ច​អាមេរិកាំង​ខ្លាំង។

មូលហេតុ​ធំ​ក្រោយ​ដែល​បាន​ និង​កំពុង​បន្ត​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បាត់បង់​ទំនុក​ចិត្ត គឺ​ស្ថានភាព​នៃ​បណ្តា​ប្រទេស​ដែល​ចាយ​លុយ​អឺរ៉ូ។ បណ្តា​ប្រទេស​អឺរុប​ទាំង​នេះ​ជំពាក់​លុយ​គេ​វ័ណ្ត​ ក រហូត​ដល់​អាច​បង្ក​ឲ្យ​មាន​ការ​ក្ស័យ​ធន។ បញ្ហា​បែប​នេះ​កំពុង​បន្ត​នៅ​ប្រទេស​ក្រិក អៀរឡង់ និង ព័រទុយហ្កាល់។ វា​កំពុង​ផ្តើម​ប៉ះពាល់​ដល់​អេស្ប៉ាញ និង​អ៊ីតាលី ហើយ​អាច​នឹង​ឆ្លង​ទៅ​ដល់​ប្រទេស​បារាំង​ទៀត​ផង។ ទីផ្សារ​មិន​ជឿ​ថា បណ្តា​ប្រទេស​នៃ​តំបន់​ចាយ​លុយ​អឺរ៉ូ ពិត​ជា​នឹង​អាច​សង​បំណុល​របស់​ពួក​គេ​បាន ដោយហេតុតែ​អត្រា​កំណើន​សេដ្ឋកិច្ច​ទាប​ជ្រុល និង​បរិមាណ​ខ្ពស់​ជ្រុល​នៃ​ប្រាក់​បំណុល​សាធារណៈ​របស់​ប្រទេស​នីមួយៗ។

តើ​គេ​អាច​អះអាង​បាន​ដែរ​ឬ​ទេ​ថា​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មួយ​ថ្មី​អាច​នឹង​កើត​ឡើង​?
 
ចង់​ឬ​មិន​ចង់ ថ្នាក់​ដឹក​នាំ​នយោបាយ​នៃ​ក្រុម​G7​ និង​ក្រុម​G20 ព្រម​ទាំង​អ្នក​ដឹកនាំ​ធនាគារ​កណ្តាល​នៅ​ក្នុង​ពិភពលោក​ភ័យ​ខ្លាច​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មួយ​ផ្ទុះ​ឡើង​ជា​ថ្មី។ អ៊ីចឹង​ហើយ​បាន​ជា​តាំង​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ​រហូត​មក​ទល់​ថ្ងៃ​ចន្ទ​ទី​៨​សីហា​នេះ ​ពួក​គេ​បាន​ និង​កំពុង​បន្ត​ទាក់ទង​គ្នា ពិភាក្សា​គ្នា​ទៅ​លើ​នយោបាយ​រូបិយវត្ថុ​ និង​វិធានការ​រួម​ផ្សេងៗ​ដែល​ត្រូវ​អនុវត្ត។ ហើយ​សេចក្តី​សម្រេច​ចិត្ត​សំខាន់​ជាង​គេ នៅ​ថ្ងៃ​ចន្ទ​ទី​៨​សីហា​នេះ គឺ​វា​ចេញ​មក​ពី​ធនាគារ​កណ្តាល​អឺរ៉ុប​BCE​ដែល​បាន​សម្រេច​ទិញ​មូលបត្រ​បំណុល​របស់​អ៊ីតាលី​និង​អេស្ប៉ាញ។ គោលដៅ​ធំ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​វិនិយោគ​មាន​ទំនុក​ចិត្ត​ឡើង​វិញ និង​ឲ្យ​ទីផ្សារ​មូលបត្រ​អន្តរជាតិ​ឈប់​រំជើបរំជួល​ខ្លាំង​ដូច​កាល​ពី​សប្តាហ៍​មុន​ទៀត។ ប៉ុន្តែ វិធានការ​នេះ​របស់​BCE នៅ​ពេល​នេះ​ម៉ោង​នេះ ដូច​ជា​មិន​ទាន់​ធ្វើ​ឲ្យ​ទីផ្សារ​កក់ក្តៅ​ក្នុង​ចិត្ត​នៅ​ឡើយ​ទេ។

បើ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មួយ​កើត​ឡើង​ជា​ថ្មី តើ​ផលវិបាក​នឹង​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​កាល​ពី​ឆ្នាំ​២០០៨​ឬ​ទេ?

បើ​ពិត​ជា​អ៊ីចឹង​មែន អ្វីៗ​នឹង​ពិបាក​ជាង​កាល​ពី​ឆ្នាំ​២០០៨។ មូលហេតុ គឺ​មក​ពី​ក្នុង​ពេល​បច្ចុប្បន្ន ខុស​ផ្ទុយ​ពី​ឆ្នាំ​២០០៨ រដ្ឋការ​អាមេរិកាំង និង​រដ្ឋាភិបាល​នៃ​ប្រទេស​ធំៗ​នៅ​អឺរ៉ុប គ្មាន​លទ្ធភាព​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​នៅ​ក្នុង​ពិភពលោក​វិល​មក​រក​ស្ថិរភាព​វិញ​បាន​ងាយៗ​នោះ​ទេ។ ពីព្រោះ កាំភ្លើង​របស់​ពួក​គេ​អស់​គ្រាប់​បាញ់​ហើយ។ ម្យ៉ាង ធនាគារ​កណ្តាល​នីមួយៗ​ដែល​អនុវត្ត​អត្រា​ការ​ប្រាក់​នាំ​មុខ​ទាប​ពេក​ទៅ​ហើយ មិន​អាច​បញ្ចុះ​អត្រា​នេះ​ឲ្យ​ទាប​ជាង​ហ្នឹង​ទៀត​បាន ដូច​កាល​វិបត្តិ​ឆ្នាំ​២០០៨​ទេ។

 

ម្យ៉ាង​ទៀត សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ជំពាក់​បំណុល​គេ​វ័ណ្ត​ក​រួច​ទៅ​ហើយ​ មិន​អាច​នឹង​បង្កើន​បា្រក់​ចំណាយ តាម​រយៈ​ការ​បង្កើន​ប្រាក់​កម្ចី​ដូច​មុន​ទៅ​កើត​ទេ បាន​ន័យ​ថា​ពេល​នោះ នឹង​មិន​អាច​មាន​ទៅ​រួច​ទេ ​ផែន​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​អ្វី​ណា​មួយ។ ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​ហ្នឹង​នៅ​ឡើយ​ទេ។ គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​សង្ឃឹម​ថា ទីផ្សារ​មូលបត្រ​អន្តរជាតិ​នឹង​វិល​មក​រក​ស្ថិរភាព​វិញ ក្រោម​អន្តរាគមន៍​របស់​បណ្តា​រដ្ឋាភិបាល​ និង​របស់​ធនាគារ​កណ្តាល​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ