អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ាន៖ ចលករ​សម្រាប់​សន្តិភាព​ក្នុង​តំបន់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អនាគត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាស៊ាន​បាន​ដើរ​តួនាទី​យ៉ាង​ចម្បង​សម្រាប់​បុព្វហេតុ​សន្តិភាពក្នុង​​តំបន់។ ភាព​ខុសគ្នា​យ៉ាង​ច្រើន​អនេក​តែង​តែ​ស្ថិត​នៅ​ជាឧបសគ្គសម្រាប់​សមាហកម្ម​សេដ្ឋកិច្ច និងនយោបាយ ទោះ​ជា​សម្រាប់​ពេលអតីតកាល បច្ចុប្បន្ន និង​អនាគត។ យ៉ាង​ណា​មិញ​ ភាពជោគ​ជ័យនៃ​សន្តិភាព និង​វឌ្ឍនភាព​សេដ្ឋកិច្ច​ដែល​អង្គការ​តំបន់​មួយ​នេះ​បាន​ផ្តល់​ឱ្យប្រជាជន​អាស៊ាន​ទាំង ៦០០លាន​នាក់​ នាល​ពេល​បច្ចុប្បន្ន អាច​ជា​មេរៀន​ប្រវត្តិសាស្រ្ដ​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ពិភពលោក​ទាំងមូល។

ទង់អាស៊ាន
ទង់អាស៊ាន RFI/ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ដោយ​សារ​ភាព​ចម្រុះ​ច្រើន​អនេកនៃបណ្ដា​ប្រជាជាតិ​ ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ បើគេសួរ​ថា “តើ​តំបន់​មួយណា​លើភព​ផែនដី​នេះ អាច​នឹងត្រូវ​រងបរាជ័យ​មុន​គេ ​នៅពេលគេ​ចង់​បង្កើត​ជា​គម្រោង​​នៃ​កិច្ចសហប្រតិបត្តិការអន្តរជាតិ​ ទោះ​ជា​នៅ​អឺរ៉ុប អាមេរិក​ខាង​ជើង អាមេរិក​ឡាទីន ឬអាហ្រិក?” ​ នោះ​គេ​អាច​​ឆ្លើយ​បានភ្លាម​ថា “​តំបន់អាស៊ី​​អាគ្នេយ៍”។

ផ្ទុយ​ពីការរំពឹង​ទុក​ទាំង​ស្រុង​ ក្រោយ​ខួប​កំណើត​ឆ្នាំទី៥១របស់​ខ្លួន អាស៊ាន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា អង្គការ​សហប្រតិបត្តិការ​តំបន់​ជោគជ័យ​បំផុត​ទីពីរ របស់​ពិភពលោក បន្ទាប់ពីគម្រោង​សហភាពអឺរ៉ុប។ អង្គការ​តំបន់​មួយ​នេះបាន​ក្លាយ​ជាចលករ​មួយ​ដ៏​ចម្បង​សម្រាប់​សន្តិភាព​ក្នុង​តំបន់ នា​ពេល​កន្លង​មក និងហើយសម្រាប់​ពេល​បច្ចុប្បន្ន និង​​អនាគត​ តំបន់មួយ​នេះ​នឹងក្លាយ​ជា​ដែន​ដី​នៃ​កំណើន​ និង​វឌ្ឍនភាព​សេដ្ឋកិច្ច បើ​ទោះ​បីជា ​សមាហរណកម្ម​នយោបាយ​ហាក់​​គ្មាន​ពន្លឺ។

កំណើត​អាស៊ាន

អាស៊ាន ឬ​ សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍ ត្រូវ​បាន​បង្កើត​ឡើង នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​១៩៦៧ នៅ​ទីក្រុង​បាំងកក ប្រទេស​ថៃ ​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​ប្រជាជាតិ​ប្រាំ​ក្នុង​តំបន់​អាស៊ី រួម​មាន​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបុរី និង​ប្រទេសថៃ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមកទៀត ពោល​គឺ​មួយ​ឆ្នាំ​មុន​ការ​ឈាន​មក​ដល់​​ នៃ​សករាជ​របស់សតវត្សរ៍ទី២១ ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា​ប្រាំផ្សេងទៀត​ ជា​បន្តបន្ទាប់ បាន​ក្លាយ​ខ្លួន​​ជា​សមាជិករួម​ជោគវាសនា​ជាមួយ​អាស៊ាន។ ប្រទេស​ទាំង​នោះ​រួម​មាន​ ប្រ៊ុយណេ មីយ៉ាន់ម៉ា ឡាវ វៀតណាម និង​ចុងក្រោយ​ កម្ពុជា។ យោង​តាម​អ្នក​ប្រវត្តិសាស្រ្ដ បើ​តាម​ទ្រឹស្ដី វាសនា​របស់​អាស៊ាន គួរ​តែត្រូវ​បាន​ស្លាប់​ពីមុនការ​បង្កើត នោះ​ក៏​ព្រោះ​ដោយ​ហេតុផល​ចម្បង​ខាង​ក្រោម។

ក្រោយ​សង្គ្រាម​លោក​លើក​ទី២ កំឡុង​ឆ្នាំ​១៩៦០ បញ្ហាតាន​តឹង​ និង​ស្មុគស្មាញ​យ៉ាង​ច្រើន​​បាន​កំពុង​កើត​ឡើង​នៅ​​តំបន់​អាស៊ី​​អាគ្នេយ៍។ ឥទ្ធិពល​នៃ​ការរីកសាយភាយ​របស់​លទ្ធិកម្មុយនិស្ដ នៅ​ពាសពេញ​តំបន់​អាស៊ី ខណៈ​ប្រទេសស្ថាបនិកអាស៊ាន​ទាំង​ប្រាំ​ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ដំណាក់​កាល​ដ៏​គួរ​ឱ្យ​ស្រួចស្រាល់។ ភាពតានតឹង​រវាង​ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​ទើប​តែ​ចែកផ្លូវ​គ្នា។ ឥណ្ឌូ​នេស៊ី​​បាន​ឆ្លង​កាត់​រដ្ឋប្រហារ​បង្ហូរឈាមនៅ​ឆ្នាំ​១៩៦៥។​ ហ្វីលីពិនកំពុងទាមទារ​តំបន់ភាគខាង​កើត​នៃប្រទេស​​ម៉ាឡេស៊ី។ ភាពតានតឹង​ផ្សេងៗតាម​តំបន់​ព្រំដែន​រវាងម៉ាឡេស៊ី និង​ថៃ និង​រវាង​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន។

ទោះ​ជា​​អាស៊ានមិន​បានជួប​ប្រទះ​នូវ​បញ្ហា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ក៏អ្នក​វិភាគ​ជាទូទៅ​ នៅ​តែបង្ហាញ​ភាព​ទុទ្ទិដ្ឋិនិយម​ខ្លាំងដដែរ ​ចំពោះ​ជោគវាសនា​អាស៊ាន ព្រោះ​​ថា ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហាក់​មិន​មាន​ធាតុផ្សំ​ជាមូល​ដ្ឋាន​នៃ​សហប្រតិបត្តិ​ការ​ក្នុង​តំបន់នោះ​ទេ។

ប្រយោគ​ដ៏​ល្បី​ល្បាញ​របស់​សាស្រ្ដចារ្យនៃសាកលវិទ្យាល័យ Harvard លោក​ Samuel Hungtington បាន​កត់ត្រា​ថា “ការប៉ះទង្គិច​នៃ​អារិយធម៌ ឬ​ជា​ភាសាបារាំង le Choc des Civilisations” ក្នុង​តំបន់​មួយ​នេះ​ មាន​ទំហំ​ធំធេង​ណាស់។ គ្មាន​តំបន់​ណា​លើ​ភព​ផែន​ដី​នេះ ​ដែល​មាន​ភាព​ចម្រុះ ដូចតំបន់​​អាស៊ីអាគ្នេយ៍នោះ​ទេ។ ទិដ្ឋភាព​​ដែល​យើង​រំពឹងថា​ចង់​បង្កើត​អាស៊ាន ​នៅ​ពេល​នោះ គឺ​វា​មាន​ន័យ​ថា យើង​សង្ឃឹម​ចង់​បាន​ អាស៊ាន​ដែលស្លាប់​ទាំង​មិន​ទាន់​បង្កើត​​តែ​ម្ដង។

នៅ​លើ​ផែនដីនេះ អរិយធម៌​ធំៗ​រស់​នៅ ​ដាច់​ដោយ​ឡែក​នៅ​ទីតាំង​ភូមិសាស្ដ្រ​ខុសៗគ្នា។ គ្រិស្ត​សាសនា​នៅ អឺរ៉ុប និង​អាមេរិក។ ខុងជឺ​នៅ​ចិន និង​អាស៊ីបូព៌ា។ អ៊ីស្លាម​នៅ​ម៉ារុក ដល់​ឥណ្ឌូនេស៊ី។ ហិន្ឌូ នៅឥណ្ឌា។ ពុទ្ធសាសនា​នៅ​ស្រីលង្កា​ដល់​ចិន កូរ៉េ និង​ជប៉ុន។ ផ្ទុយ​ទៅវិញ អាស៊ាន​ជាតំបន់​ប្រមូល​ផ្តុំ​​អារិយធម៌ទាំង​អស់​នេះ។ វប្បធម៌ សាសនា ភាសា និង​ភាពចម្រុះ​ពូជសាសន៍របស់​អាស៊ាន មាន​ ២៤០លាននាក់​ជាមូស្លីម ១៣០លាននាក់​ជាគ្រិស្ដសាសនិក ១៤០លាននាក់​ជាពុទ្ធសាសនិក ៧លាននាក់​ជាហិន្ឌូ។ អ្នក​ប្រវត្តិសាស្រ្ដ​បាន​សង្កត់​ធ្ងន់​ថា ភាព​ខុសគ្នា​ទាំង​នេះ​នឹង​តាក់តែង​វាសនា​មិន​អាច​រួម​គ្នា​បាន ហើយ​ប្រជាជាតិ​នីមួយៗនឹង​ប្រកាន់​​វាសនា​ផ្ទាល់​ខ្លួន និយាយ​ភាសា​នយោបាយ​រៀង​ខ្លួន ដែល​គ្មាន​ថ្ងៃ​អាចយល់​គ្នា​បាន។

យ៉ាង​ណា​មិញ ទោះជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​សព្វគ្រប់​បែប​យ៉ាង អាស៊ានមិន​ស្លាប់​ អាស៊ាន​អាច​រស់បាន​ និងបន្ត​ជោគជ័យមក​ដល់​ថ្ងៃ​នេះ។ អាស៊ាន​បាន​និង​កំពុង​ក្លាយ​ជា​អង្គការ​តំបន់មួយដ៏​សំខាន់​សម្រាប់​សន្តិភាព វឌ្ឍនភាព​សេដ្ឋកិច្ច និង​នយោបាយ​ ដែល​ពិភពលោកមិន​អាច​​មើល​រលង​បាន។ ម៉្យាង ព្រោះ​ដោយ​ ​អាស៊ាន​ជា​តំបន់​នៃ​ដង្ហើមសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពិភពលោក។ ​ការ​កាត់​បន្ថយភាព​ក្រីក្រ​នៃ​ប្រទេស​នីមួយៗបាន​ធ្លាក់​ចុះ​យ៉ាង​អស្ចារ្យ។ វៀតណាម​ពី ៥០ភាគរយ មកត្រឹម​៣ភាគរយ​ ក្នុង​៣០ឆ្នាំ។ នៅ​ឆ្នាំ​២០៣០ សេដ្ឋកិច្ចអាស៊ាន​នឹង​ក្លាយ​ជា​សេដ្ឋកិច្ចធំបំផុត​ទី៤ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១០ពាន់ពាន់លាន​ដុល្លារអាមេរិក ដែល​វា​នឹង​ជួយ​លើកស្ទួយ​ កំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ របស់​ពិភពលោក។ ម៉្យាង​វិញ​ទៀត ព្រោះ​អាស៊ាន​ក៏​បាន​និង​កំពុង​ក្លាយ​ជា​តំបន់នៃ​ការ​ចរចារលើ​បញ្ហា​សាកលចម្បង​ៗ។ ជាឧទាហរណ៍ ជំនួប​ដែល​គ្មាន​អ្នក​នឹង​ស្មាន​ដល់​រវាង​លោក​ដូណាល់​ ត្រាំ និង​លោក​គីម ជុងអ៊ុន​ នៅ​ខែឧសភា ក្នុង​ប្រទេស​សិង្ហបុរី។

ឧបសគ្គ​និងការ​ប្រឈម​សម្រាប់​អនាគត

ទោះ​ជាយ៉ាង​ណា មាន​ឧបសគ្គយ៉ាង​ច្រើន​ដែល​នឹងតែងតែ​រារាំង​ដល់​ សមាហរណកម្ម​នយោបាយ​ណាមួយ​កាន់​តែ​ជ្រៅ។ ជាឧទាហរណ៍ ការ​ជាប់​កាំង ឬ​ការ​វិវត្តរ៍យ៉ាង​យឺត នៃ​សហគម​សេដ្ឋកិច្ច​អាស៊ាន (la Communauté Économique de l'ASEAN) ដែល​បាន​ដាក់​ចេញ​នៅ​ចុង​ឆ្នាំ២០១៥។ ឧបសគ្គទាំងនោះ​ត្រូវ​បាន​កត់ត្រាប្រកប​ដោយ​ហេតុផល​ ជាពិសេសដោយ​សារពត៌មានរបស់បស្ចិមលោក។ ជាឧទាហរណ៍ ការ​ចេញ​ផ្សាយ​របស់​ទស្សនវដ្តី The Economist ក្នុង​ឆ្នាំ២០១៦ បង្ហាញថា៖ “សេចក្តីថ្លែងការណ៍​របស់​អាស៊ាន​ហាក់​មើល​ទៅសម្បើម​ណាស់ ដូច​ក្នុង​ពិធី​បុណ្យ​ណូអែល​អញ្ជឹង តែ​ធាតុពិត​វា​ស្ថិត​ក្នុង​ភាព​ធម្មតា​សោះ។ អាស៊ាន​មិន​មាន​យន្តការ​ដើម្បី​ដាក់កំហិត​ឱ្យ​សមាជិក​គោរព ​កិច្ចព្រមព្រៀង និងសន្ធិសញ្ញា​ណាមួយ​ទេ។ ប្រព័ន្ធធនាគារក្នុងតំបន់ និងទីផ្សារហិរញ្ញវត្ថុ​នៅតែមិនអាចរួមបញ្ចូលគ្នាបាន។ ពន្ធលើ​ពាណិជ្ជកម្ម​ដែល​មាន​ចែង​តែលើក្រដាស​អាច​នឹងរលាយបាត់ ប៉ុន្តែឧបសគ្គនៃ​ការអនុវត្ត​នៅ​តែ​មាន​ជាដរាប។ ប្រទេស​សមាជិក​នីមួយៗ​បន្តបង្កើតប្រព័ន្ធកម្មសិទ្ធិបញ្ញា និងគោលនយោបាយអន្តោប្រវេសន៍ រៀង​ៗ​ខ្លួន។

បន្ថែម​ពីលើ​នេះ គំលាតនៃការ​អភិវឌ្ឍ​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ទំហំ​ធំធេង​ណាស់។ ផ្អែក​តាមធនាគារ​ពិភពលោក ផលិត​ផល​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នាក់​នៃ​ប្រជាពលរដ្ឋសិង្ហបុរីមាន​ទំហំ​ធំ​ជាង​ ៣៧​ដង ធៀប​នឹង​ផលិត​ផល​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នាក់​គិត​ជា​មធ្យម​នៃប្រជាពលរដ្ឋរបស់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​ខ្លះយល់​ថា សមាហរណកម្ម​អាស៊ាន​ផ្តល់​ផល​ច្រើន ​ឱ្យ​តែ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រឹង​មាំតែប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ក៏​មាន​មតិ​ខ្លះបង្ហាញ​យោបល់​សុទិដ្ឋិនិយម​វិញ​ ដោយ​លើក​ហេតុផល​ថា ប្រទេសដែល​មាន​កម្រិត​អភវិឌ្ឍតិច​ជាង ​នៅ​មាន​សក្ដានុពល​ច្រើន​ទៀត​ ដើម្បីអភិវឌ្ឍ​ប្រទេស​របស់​ខ្លួន។

ប្រាកដ​ណាស់​សមាហរណកម្មអាស៊ា​ន​បាន​ជួប​ឧបសគ្គ​ជារឿយៗ។ យន្តការ​នយោបាយ​យ៉ាង​ច្រើន​ ត្រូវ​បាន​អ្នក​ដឹកនាំ​អាស៊ាន​ពន្យាពេល​អនុវត្ត តែទោះ​ជាយ៉ាង​ណា ​ដំណើរ​នៃវិវត្តរ៍ជារួម​ ក្នុង​រយៈពេល​វែង ហាក់​បន្តទៅមុខ។ យោងតាមអ្នក​ជំនាញ​ខ្លះ ដំណើរវិវត្តន៍​របស់​អាស៊ាន​ប្រៀប​បាន​នឹង​ដំណើរ​បម្លាស់​ទី​របស់​សត្វ​ក្ដាម​អញ្ជឹង ពីរជំហាន​ទៅមុខ មួយ​ជំហាន​ថយ​ក្រោយ។ បើ​ពិនិត្យ​ក្នុង​រយៈពេល​ខ្លី គេ​ពិបាក​ឃើញ​ថា​មាន​ការ​វិវត្តន៍​អ្វី​សំខាន់​ណាស់​។​ ផ្ទុយ​ទៅ​វិញ បើ​គេ​មើល​ក្នុង​រយៈពេល​វែង ការ​វិវត្តចម្បង​ៗ​តែង​តែ​លេខ​រូប​រាង​ឡើង​ពីមួយ​ទសវត្សរ៍​ ទៅមួយ​ទសវត្សរ៍៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ